website_news:2018020701

ការប្រឆាំងការជួញដូរមនុស្សនៅកម្ពុជាមិនបានប្រសើរឡើង

https://khmer.voanews.com/ 29 មិថុនា 2018 ម៉ែន គឹមសេង

ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកទទួលស្គាល់ស្ថានភាពជួញដូរមនុស្សនៅកម្ពុជា ដែលមានលក្ខណៈប្រសើរជាងមុន ដោយដាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់ទី២ (Tier 2) នៅក្នុងរបាយការណ៍ស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សរឆ្នាំ២០១៨នេះ ឬ Trafficking in Persons Report។ ប្រទេសកម្ពុជានៅតែជាប្រភព ជាកន្លែងឆ្លងកាត់និងជាទីដៅនៃការកេងប្រវ័ញ្ចផ្លូវភេទនិងធ្វើការដោយបង្ខំលើបុរស ស្ត្រីនិងកុមារក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។

វ៉ាស៊ីនតោន៖ ការទប់ស្កាត់ការជួញដូរមនុស្សនៅប្រទេសកម្ពុជាមិនមានស្ថានភាពប្រសើរឡើងទេក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៦មកដោយស្ថិតនៅចំណាត់ថ្នាក់ទី២ដដែល ហើយអំពើពុករលួយនៅបន្តរារាំងដល់ការអនុវត្តច្បាប់ ការដាក់ទោសជនល្មើសនិងការផ្តល់សេវាដល់ជនរងគ្រោះ។ របាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ២០១៨ ដែលចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់បន្ថែមថា៖ «រដ្ឋាភិបាលកម្ពុជាមិនបំពេញបានតាមស្តង់ដាអប្បបរមាសម្រាប់លុបបំបាត់ការជួញដូរមនុស្សទេ ប៉ុន្តែបានខិតខំប្រឹងប្រែងទប់ស្កាត់ច្រើនដែរ‍»។ រដ្ឋាភិបាលកម្ពុជាបានបង្ហាញកិច្ចខិតខំប្រឹងប្រែងតាមរយៈការកាត់ទោសឈ្មួញ ធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរងគ្រោះពីការជួញដូរទៅបរទេស និងពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយពីការកេងប្រវ័ញ្ចផ្លូវភេទកុមារជាដើម។ ប៉ុន្តែប្រទេសកម្ពុជានៅតែជាប្រភព ជាកន្លែងឆ្លងកាត់និងជាទីដៅនៃការកេងប្រវ័ញ្ចផ្លូវភេទនិងធ្វើការដោយបង្ខំលើបុរស ស្ត្រីនិងកុមារក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ ពលរដ្ឋកម្ពុជាមានក្មេងនិងចាស់បានទៅធ្វើការនៅប្រទេសដទៃក្នុងតំបន់និងមានការកើនឡើងខ្លាំងនៅតំបន់មជ្ឈិមបូព៌ាដោយត្រូវធ្វើការធ្ងន់ធ្ងរដោយបង្ខំនៅលើទូកនេសាទ ផ្នែកកសិកម្ម សំណង់ រោងចក្រនិងការងារតាមផ្ទះហើយពួកគេខ្លះរងគ្រោះផ្លូវភេទ។

ក្នុងឆ្នាំ២០១៧ មានជនរងគ្រោះកម្ពុជាចំនួន៩៨៦នាក់ត្រូវបានក្រសួងការបរទេសកម្ពុជាជួយធ្វើមាតុភូមិនិវត្តន៍ដែលភាគច្រើនមកពីប្រទេសម៉ាឡេស៊ី ថៃ វៀតណាមនិងចិន។ ចំនួននេះច្រើនជាងឆ្នាំ២០១៦ដែលមានតែ៨១៥នាក់ប៉ុណ្ណោះ។ រីឯក្រសួងសង្គមកិច្ចបានជួយធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជាចំនួន២៤៣នាក់ដែរ។ នេះបើតាមការបញ្ជាក់ក្នុងរបាយការណ៍។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា «ក្នុងពេលដែលរដ្ឋាភិបាលនៅមិនទាន់មានវិធានការត្រួតពិនិត្យនិងទទួលខុសត្រូវឱ្យបានគ្រប់គ្រាន់ក្រុមឈ្មួញទុច្ចរិតបានបង្ខំឱ្យបុរស ស្រ្តី និងកុមារនៅទូទាំងប្រទេសធ្វើការធ្ងន់ធ្ងរដើម្បីសង បំណុលហើយពួកគេទទួលបានអន្តរាគមន៍តិចតួចប៉ុណ្ណោះពីអាជ្ញាធរមានសមត្ថកិច្ចហើយជួនកាលអាជ្ញាធរជាអ្នកបើកដៃឱ្យផងដែរ‍»។ បុរសកម្ពុជាគឺជាអ្នកត្រូវការសេវាផ្លូវភេទកុមារដ៏ធំជាងគេបំផុតហើយក៏មានក្រុមបុរសមកពីប្រទេសដទៃទៀតនៅអាស៊ីនិងអឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី និង អាហ្វ្រិកខាងត្បូងធ្វើដំណើរទៅកម្ពុជាដើម្បីស្វែងរកសេវាផ្លូវភេទកុមារផងដែរ។ នេះបើតាមការបញ្ជាក់របស់របាយការណ៍៕

website_news/2018020701.txt · Last modified: 2018/07/02 14:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki