website_news:2018020702

មន្រ្តីរដ្ឋាភិបាល៖ កិច្ចប្រឹងប្រែងប្រឆាំងការជួញដូរមនុស្សនឹងបន្ត ទោះជាកម្ពុជាទទួលលំដាប់ថ្នាក់មិនល្អ

https://khmer.voanews.com/ 29 មិថុនា 2017 ហ៊ុល រស្មី

ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃអង្គារកន្លងទៅ បានចេញរបាយការណ៍ស្តីពីការជួញដូរមនុស្ស ដោយបានបង្ហាញថា ប្រទេសកម្ពុជាស្ថិតនៅក្នុងលំដាប់ថ្នាក់ទីពីរក្នុងបញ្ជីប្រឆាំងការជួញដូរមនុស្សសម្រាប់ឆ្នាំ២០១៧ដែលមិនមានអ្វីប្រែប្រួល ប្រសើរជាងឆ្នាំមុននោះទេ។

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកប្រឆាំងសកម្មភាពជួញដូរ កាលថ្ងៃពុធនេះ បានទទួលស្គាល់ការរកឃើញរបស់សហរដ្ឋអាមេរិកអំពីស្ថានភាពប្រឆាំងការជួញដូរមនុស្សរបស់កម្ពុជាដែលនៅខ្វះខាត តែទោះជាយ៉ាងណាក្រុមមន្រ្តីបានថ្លែងការពារថា រដ្ឋាភិបាលកម្ពុជាធ្វើការប្រឹងប្រែងទប់ស្កាត់សកម្មភាពជួញដូរមនុស្ស ដែលជាមុខជំនួញរកចំណូលបានច្រើនសម្រាប់ក្រុមជនទុច្ចរិត ហើយពិបាកនឹងទប់ស្កាត់នោះ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃអង្គារកន្លងទៅ បានចេញរបាយការណ៍ស្តីពីការជួញដូរមនុស្ស ដោយបានបង្ហាញថា ប្រទេសកម្ពុជាស្ថិតនៅក្នុងលំដាប់ថ្នាក់ទីពីរក្នុងបញ្ជីប្រឆាំងការជួញដូរមនុស្សសម្រាប់ឆ្នាំ២០១៧ដែលមិនមានអ្វីប្រែប្រួល ប្រសើរជាងឆ្នាំមុននោះទេ។ របាយការណ៍នោះបានឲ្យដឹងថា កម្ពុជាបានបន្តស្ថិតនៅក្នុងលំដាប់ថ្នាក់ទីពីរ ដោយសារតែរដ្ឋាភិបាលកម្ពុជាមិនបានបំពេញតាមនិយាមអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្សទេ ដូចជាការមិនស៊ើបអង្កេត ឬយកមកកាត់ទោសក្រុមមន្ត្រី ដែលពាក់ព័ន្ធនឹងបទល្មើសជាដើម។

អ្នកស្រីជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិបង្ក្រាបការជួញដូរមនុស្ស និងផ្លូវភេទលើស្ត្រី និងកុមារ មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃពុធនេះថា ការវាយតម្លៃរបស់សហរដ្ឋអាមេរិក ជាកិច្ចការត្រឹមត្រូវមួយ តែអ្នកស្រីថា រដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រឆាំងសកម្មភាពជួញដូរមនុស្សនេះ។ «អ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់យើង យើងពិតជាទទួលដឹងថា យើងប្រឹងប្រែងខ្លាំងណាស់។ ប៉ុន្តែទន្ទឹមនឹងហ្នឹង យើងក៏ទទួលស្គាល់ដែលថា មិនទាន់សុក្រិត្យគ្រប់រឿងទេ ដែលយើងនៅខំប្រឹងប្រែងបន្តទៀត ពីព្រោះករណីថ្មី ចេះតែកើតមាន ហើយក្នុងនោះ យើងក៏នឹងរិះរកនីតិវិធីថ្មីសម្រាប់ការឆ្លើយតប ដោយសារថា វាមិនអាចធ្វើឲ្យការងារហ្នឹង វាបាត់ស្ងាត់ក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណឹងបានទេ ច៎ា»។ របាយការណ៍ដដែលរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងទៀតថា ការជួញដូរកម្លាំងពលកម្មជនជាតិខ្មែរនៅបរទេសនៅបន្តមានដោយសារតែមន្ត្រីការងារមិនបានត្រួតពិនិត្យទីភ្នាក់ងារជ្រើសរើសពលករឱ្យបានដិតដល់ ហើយដោយសារតែទីភ្នាក់ងារទាំងនោះលក់សិទ្ធិបន្តទៅឱ្យមេខ្យល់ជាដើម។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានស្នើឱ្យរដ្ឋាភិបាលកម្ពុជាបង្កើនសេវាជួយជនរងគ្រោះបុរស ជាពិសេសក្រុមដែលត្រូវគេកេងប្រវ័ញ្ចនៅលើទូកនេសាទ ហើយកម្ពុជាគួរតែផ្តល់ធនធានបន្ថែមទៀតជួយដល់ជនរងគ្រោះកម្ពុជានៅក្រៅប្រទេសតាមរយៈបេសកកម្មការទូតនៅក្រៅប្រទេស និងប្រទេសដែលកម្ពុជាមិនមានស្ថានបេសកកម្មការទូត។

អ្នកស្រីជូ ប៊ុនអេងបានបញ្ជាក់ថា សកម្មភាពជួញដូរមនុស្ស នាពេលបច្ចុប្បន្ននេះ មានច្រើនរូបភាព រួមមានការណ៍ដែលពលករត្រូវបានគេកេងប្រវ័ញ្ច ដោយការបញ្ជូនឲ្យទៅធ្វើជាកម្មករលើទូកនេសាទ ការធ្វើការនៅតាមផ្ទះ កសិដ្ឋាន ឬក៏រោងចក្រឧស្សាហកម្មជាដើម។ អ្នកស្រីបានឲ្យដឹងទៀតថា រដ្ឋាភិបាលបានបង្កើនការគាំទ្រខាងច្បាប់ដល់ជនរងគ្រោះ ដើម្បីទទួលបានយុត្តិធម៌ពីការកេងប្រវ័ញ្ច និងការរំលោភបំពាននានា។ «យើងក៏បានផ្តោតទៅលើក្រុមដែលរងគ្រោះចា៎ ដែលពេលដែលគាត់ត្រឡប់មកស្រុកវិញ ឬមួយក៏គាត់ប្រឈមនឹង គេហៅថា រំលោភបំពានផ្សេងៗ គឺយើងបានផ្តល់នូវជំនួយផ្នែកច្បាប់ ក៏ដូចជាផ្តល់នូវកិច្ចការពារ ការសង្គ្រោះ ឬមួយក៏សហការជាមួយនឹងប្រទេសគោលដៅ ដើម្បីស្វែងរកភាពយុត្តិធម៌ជូនគាត់ ដោយមានពេលខ្លះ គាត់ក៏បានទទួលសំណង គាត់ក៏បាន គេហៅថា ដាក់ពាក្យដើម្បីប្តឹង ដែលធ្វើឲ្យយើងបន្តកិច្ចស្រាវជ្រាវ ហើយក៏មានការបង្ក្រាបជាបន្តបន្ទាប់ដែរ»។ អ្នកស្រី ជូ ប៊ុនអេង បានបន្ថែមថា មន្ត្រីស្ថានទូតកម្ពុជាមិនអាចស៊ើបអង្កេតដោយខ្លួនឯងដើម្បីរកប្រភពនៃក្រុមឈ្មួញដែលរកស៊ីការជួញដូរពលរដ្ឋកម្ពុជា ក្នុងប្រទេសដែលមានស្ថានទូតកម្ពុជាប្រចាំនៅនោះទេ។ អ្នកស្រីថា ការប្រឆាំងសកម្មភាពជួញដូរមនុស្សតម្រូវឲ្យមានកិច្ចសហការជាមួយប្រទេសគោលដៅ ព្រោះអាជ្ញាធរដែលមានសមត្ថកិច្ចក្នុងប្រទេសគោលដៅទាំងនោះ អាចមានព័ត៌មានច្រើនទាក់ទិនបណ្តាញក្រុមរកស៊ីជួញដូរមនុស្ស។

យ៉ាងណាក្តី ក្រសួងការបរទេសសហរដ្ឋអាមេរិកបានទទួលស្គាល់ពីការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាតាមរយៈការកាត់ទោសជនល្មើសធម្មតាមានចំនួនយ៉ាងច្រើន ហើយបានផ្តល់ថវិកាបន្ថែមទៀតដល់គណៈកម្មាធិការជាតិប្រឆាំងនឹងការជួញដូរមនុស្ស និងបង្កើតនូវផែនការសកម្មភាពជាតិសម្រាប់ទប់ស្កាត់រាល់ទម្រង់នៃការជួញដូរមនុស្ស។ ក្នុងឆ្នាំ២០១៦កន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបាននាំយកជនល្មើសមកកាត់ទោសបានចំនួន៥៣នាក់ដែលមានចំនួនធ្លាក់ចុះបន្តិច បើប្រៀបធៀបនឹងឆ្នាំ២០១៥ ដែលមានចំនួន៦៩នាក់។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ VOA ថា រដ្ឋាភិបាលកម្ពុជាទទួលយកការរកឃើញរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការជួញដូរ តែបានស្នើឲ្យភាគីសហរដ្ឋអាមេរិកជួយកម្ពុជាដើម្បីលុបបំបាត់សកម្មភាពជួញដូរមនុស្សក្នុងប្រទេស។ «ជួញដូរមនុស្សហ្នឹង ឲ្យអាមេរិកជួយចាប់ផង។ អាហ្នឹងយើងមានឃុបឃិត មានបន្លំឯណាជាមួយ? យើងកំពុងតែចាត់វិធានការរាល់ថ្ងៃ ចាត់វិធានការហ្នឹងគឺថា មានបានលទ្ធផលគគោកគរដីហើយ អីចឹងទេ បើអាមេរិកមានលទ្ធភាពជួយផង អាហ្នឹងសុំជួយមក ដើម្បីកុំឲ្យវាមានបញ្ហាជួញដូរមនុស្សនៅកម្ពុជាទៀត»។

របាយការណ៍ស្តីពីការប្រឆាំងការជួញដូរមនុស្សបានផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋាភិបាលកម្ពុជា ក្នុងការជួយជនរងគ្រោះ ក៏ដូចជាបង្កើនសេវាដែលមានស្រាប់សម្រាប់ជួយជនរងគ្រោះដែលជាបុរស។ អនុសាសន៍សំខាន់ៗនោះរួមមាន អាជ្ញាធរកម្ពុជាត្រូវតែកាត់ទោសជនដែលប្រព្រឹត្តបទល្មើសទាំងឡាយពាក់ព័ន្ធការជួញដូរមនុស្ស ហើយផ្តល់អំណាចដល់ការប្រើប្រាស់បច្ចេកទេសស៊ើបអង្កេតដោយសម្ងាត់ក្នុងការអនុវត្តច្បាប់ប្រឆាំងការជួញដូរ និងការបង្កើតនីតិវិធីជាប្រព័ន្ធ ហើយបែងចែកធនធាន ដើម្បីជួយពលរដ្ឋកម្ពុជារងគ្រោះ តាមបេសកកម្មការទូតនៅបរទេស និងក្នុងប្រទេសទាំងឡាយណា ដែលមិនមានតំណាងការទូតកម្ពុជានៅទីនោះ។

ស.រ.អា.បានព្រមានផ្អាកជំនួយ ឬដាក់ទណ្ឌកម្មប្រទេសមួយចំនួន ដែលមានកម្រិតទាបជាងលំដាប់ទី២ និងធ្លាក់ដល់កម្រិតទី៣ ដែលមានន័យថា ជាប្រទេសមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ គ្មានការប្រឹងប្រែងទប់ស្កាត់អំពើជួញដូរមនុស្ស គ្មានការដាក់ទោសទណ្ឌជនល្មើស និងគ្មានការស៊ើបអង្កេតស្រាវជ្រាវរកជនល្មើសជាដើម៕

website_news/2018020702.txt · Last modified: 2018/07/02 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki