website_news:2018020703

ស្ថានទូតកម្ពុជានៅចិន និងម៉ាឡេស៊ី អន្តរាគមន៍ជួយពលរដ្ឋខ្មែរ ១៤នាក់ឲ្យត្រឡប់មកស្រុកកំណើតវិញ

http://www.freshnewsasia.com/ 2018-07-02

(ភ្នំពេញ)៖ ស្ថានទូតរបស់កម្ពុជាប្រចាំនៅប្រទេសចិន និងម៉ាឡេស៊ី បានអន្តាគមន៍ជួយប្រជាពលរដ្ឋខ្មែរ ១៤នាក់ ឲ្យត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីពួកគេចាញ់បោកមេខ្យល់ទៅរៀបការ និងធ្វើការដោយខុសច្បាប់។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី ដោះស្រាយបញ្ហានិងរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន៩នាក់ មកពីខេត្តកំពង់ធំ ក្រចេះ តាកែវ បាត់ដំបង និងរាជធានីភ្នំពេញ។ ក្នុងនោះពលករមានចំនួន ៣នាក់ និងពលការិនី៤នាក់ ដែលបានទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី និង២នាក់ជាកុមារ (ជាកូនរបស់ពលការិនីម្នាក់)។ ចំពោះករណីនេះ ស្ថានទូតបានចេញលិខិតបើកផ្លូវ និងសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ហើយពលរដ្ឋខ្មែរទាំង៩នាក់នោះ បានមកដល់កម្ពុជាវិញជាបន្តបន្ទាប់ចន្លោះពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ។

ដោយឡែកករណីទី២ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ចិន អន្តរាគមន៍ជួយសង្រ្គោះ និងរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន ៥នាក់ មកពីខេត្តកំពង់ចាម តាកែវ និងព្រៃវែង ដោយក្នុងនោះ ៤នាក់ជាស្រ្តីរងគ្រោះដែលមេខ្យល់នាំធ្វើដំណើរពីកម្ពុជាទៅរៀបការដោយខុសច្បាប់នៅក្នុងប្រទេសចិន និង ១នាក់ទៀតជាកុមារ ជាកូនរបស់ស្រ្តីរងគ្រោះម្នាក់។

ស្ថានទូត បានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ព្រមទាំងរៀបចំឯកសារធ្វើដំណើរដល់ពលរដ្ឋខ្មែរទាំង៥នាក់ ហើយពួកគេបានមកដល់កម្ពុជាវិញ នៅយប់ថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០១៨៕

website_news/2018020703.txt · Last modified: 2018/07/02 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki