website_news:2018020802

ការបង្ក្រាបអំពើជួញដូរមនុស្សសកម្មជាងមុន

https://wmc.org.kh/ ថ្ងៃពុធ ទី១ ខែសីហា ឆ្នាំ២០១៨ ធូ វីរៈ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលអះអាងថា ការបង្ក្រាបអំពើជួញដូរមនុស្សមានសកម្មភាពខ្លាំងខ្លាជាងមុនបានជួយសង្គ្រោះជនរងគ្រោះច្រើនជាងឆ្នាំៗ ដោយសារមានការសហការណ៍ល្អជាមួយរវាងរាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត។ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ២ ឬ Tier 2 បីឆ្នាំ ជាប់ៗគ្នា ក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស ដែលមានន័យថា ការទប់ស្កាត់អំពើជួញដូរមនុស្សនៅកម្ពុជាមានស្ថានភាពល្អប្រសើរ។នេះបើតាម របាយការណ៍ក្រសួងការបរទេសអាមេរិកស្តីពី«ការជួញដូរមនុស្សឆ្នាំ ២០១៨»។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ប្រាប់វិទ្យុថា ការទប់ស្កាត់អំពើជួញដូរមនុស្សនៅកម្ពុជាមានស្ថានភាពមិនល្អពេក ហើយក៏មិនអាក្រកពេក ប៉ុន្តែរាជរដ្ឋាភិបាលកំពុងនឹងខិតខំប្រឹងប្រែងទប់ស្កាត់អំពើជួញដូរមនុស្សយ៉ាងសកម្ម។ លោកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស មានប្រសាសន៍ថា ថ្មីនេះអាជ្ញារបានបង្ក្រាប់ចាប់ជនជាតិចិនផ្តល់សេវាពពោះជំនួស ដែលជាទំរងថ្មីមួយនៃអំពើជួញដូរមនុស្ស។ក្នុងការបង្ក្រាប់នេះ អាជ្ញាធររកឃើញស្ត្រីមានផ្ទៃពោះ ៣៣ នាក់។ បច្ចប្បន្នជនសង្ស័យទាំំងអស់កំពុងឃុំខ្លួននៅក្នុងពន្ធនាគារ។ លោកស្រី ជូ ប៊ុនអេង បញ្ជាក់ថា ក្នុងរយៈពេលឆមាសទី ១ ដើមឆ្នាំ ២០១៨នេះ អាជ្ញាធរបង្ក្រាបអំពើជួញដូរមនុស្សមានការកើនឡើងតិចតួច ប៉ុន្តែការជួញដូរផ្លូវភេទមានការថយចុះ បើធៀននឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ លោកស្រី ជូ ប៊ុនអេង អះអាងថា អាជ្ញាធរបង្ក្រាបអំពើជួញដូរមនុស្សមានចំនួន ១៨ ករណី ខណៈដែលឆ្នាំមុន មាន ១៦ករណី បើធៀបទៅនឹងរយៈពេលដូចគ្នា។ ចំពោះការជួញដូរមនុស្សផ្លូវភេទថយចុះពាក់កណ្តាលឆ្នាំនេះ មាន ៤៤ ករណី ខណៈដែលឆ្នាំមុនមាន ៥០ ករណី បើគិតត្រឹមរយៈពេល ៦ ខែដូចគ្នា។

ប្រទេសកម្ពុជាប្រារព្វទិវា«ពិភពប្រឆាំងអំពើជួញដូរមនុស្សអន្តរជាតិ»នៅថ្ងៃទី ១២ ខែ ធ្នូ ជារាងរាល់ឆ្នាំ។ប៉ុន្តែប្រទេសមួយចំនួននៅលើពិភពលោកប្រារព្ធមុនកម្ពុជានៅថ្ងៃទី ៣០ ខែ កក្កដា។ អង្គការសង្គមស៊ីវិលធ្វើការងារពាក់ព័ន្ធនឹងការទប់ស្កាត់ការជួញដូរមនុស្សអះអាងថា ការទប់ស្កាត់អំពើជួញដូរមនុស្សនៅពាក់កណ្តាល់ឆ្នាំនេះ មានភាពសកម្មជាងបណ្តាឆ្នាំកន្លងមក។ ទោះបីយ៉ាងបញ្ហាជួញដូរមនុស្សនៅកម្ពុជានៅតែមានបញ្ហាប្រឈមនៅឡើយ។

លោក ស្រ៊ន់ ឡង់ដា ប្រធានគម្រោងក្នុងគម្រោងគាំទ្រការទប់ស្កាត់អំពើជូញដូរមនុស្សរបស់អង្គការសម្ព័ន្ធចាប់ដៃ ឲ្យដឹងថា ក្នុងឆមាសទី១ ដើមឆ្នាំ២០១៨នេះ អង្គការសម្ព័ន្ធចាប់ដៃបានសហការណ៍ជាមួយអាជ្ញាធរនិងអ្នកពាក់ព័ន្ធជួយសង្គ្រោះស្ត្រីត្រូវបានមេខ្យល់បោកបញ្ឆោទយកទៅលក់ ដើម្បីរៀបការជាមួយជនជាតិចិនដោយបង្ខំ។ជនរងគ្រោះជាស្ត្រីច្រើនទៀតត្រូវបានគេជួញដូរទៅបម្រើការងារជាជំនួយការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីជាដើម។ លោក ស្រ៊ន់ ឡង់ដា បញ្ជាក់ថា ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំនេះ អង្គការលោកជួយស្ត្រីរងគ្រោះនៃការជួញដូរត្រឡប់មកស្រុកកំណើតមាន ៧២ ករណី។ក្នុងនោះស្ត្រីរងគ្រោះ ៦០ នាក់ ត្រូវបានរៀបការដោយបង្ខំជាមួយបុរសជនជាតិចិន ហើយជនរងគ្រោះ ៦នាក់ជួយសង្គ្រោះពីម៉ាឡេស៊ី និងអារ៉ាប់ប៊ីសាអូឌីត ម្នាក់។ លោកថាអំពើជួញដូរក្នុងស្រុកអង្គការសម្ព័ន្ធចាប់ដៃជួយក្មេងស្រីអាយុក្រោម១៨ឆ្នាំ ៤នាក់ ត្រូវបានគេបម្រុងនឹងលក់នៅតាមហាងការ៉ាអូខេ និងក្លឹមសម្សាន្ត។

បើតាមកម្មវិធីប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជានៃអង្គការ USAID ដែលធ្វើការជាមួយអ្នករស់រានមានជីវិតនៃអំពើជួញដូរមនុស្ស បាននឹងកំពុងជួយកសាងជីវិតជាថ្មីដល់ពួកគេចំនួន ២៨៩៧ នាក់ ចាប់តាំងពីឆ្នាំ ២០១៥ រហូតមកដល់បច្ចប្បន្ននេះ។

បើតាមលោកស្រី ជូ ប៊ុនអេង ឲ្យដឹងថា នៅឆ្នាំ ២០១៧ អាជ្ញាធរបង្ក្រាប់អំពើជួញដូរមនុស្ស ៤៨ ករណី បើធៀបនឹងឆ្នាំ ២០១៦ មាន ២៧ករណី ហើយការបង្ក្រាប់អំពើជួញដូរផ្លូវភេទមានចំនួន ១១១ ករណីនៅឆ្នាំ ២០១៧ ខណៈដែលឆ្នាំ ២០១៦ មាន ៦៥ ករណី៕

website_news/2018020802.txt · Last modified: 2018/08/02 15:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki