website_news:2018021002

ពលករខ្មែរដែលមិនបានមកស្រុកវិញ ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅថៃ

http://kleykley.sabay.com.kh/article/ ថ្ងៃទី ០១ តុលា ២០១៨ ម៉ោង 16:32

ពលករខ្មែរធ្វើការនៅប្រទេសថៃរាប់រយនាក់ ដែលមិនបានត្រឡប់ទៅលេងស្រុកកំណើត បានសាមគ្គីគ្នាប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តមួយក្នុងខេត្តសាមុទប្រាកាណ ជាប់ទីក្រុងបាងកក។ ពិធីបុណ្យនេះចាប់ផ្ដើមធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ហើយបញ្ចប់នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។

ក្រុមពលករធ្វើការនៅប្រទេសថៃលើកឡើងថា គោលបំណងសំខាន់ក្នុងការធ្វើបុណ្យនេះ ដើម្បីឧទ្ទិសកុសលបុណ្យដល់ជីដូនជីតា និងរក្សាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ និងជាឱកាសដើម្បីឲ្យពួកគេបានជួបជុំផ្លាស់ប្ដូរយោបល់គ្នានៅឯក្រៅប្រទេសផងដែរ។ តំណាងពលករខ្មែរនៅប្រទេសថៃម្នាក់លោក សុន សីហា ឲ្យដឹងកាលពីថ្ងៃទី២៩ កញ្ញាថា ក្នុងពិធីនេះ ពួកគេបាននិមន្តព្រះសង្ឃខ្មែរចំនួន ១២អង្គ និងព្រះសង្ឃថៃចំនួន ៩អង្គ។ នៅរសៀលថ្ងៃដំបូងមាននិមន្តព្រះសង្ឃសូត្រមន្ត និងមានពលករខ្មែរចូលរួមប្រមាណ ១០០នាក់។ ចំណែកនៅព្រឹកថ្ងៃទី៣០ កញ្ញា ជាថ្ងៃជួបជុំគ្នាធំដោយមានការដាក់បាត និងស្ដាប់ព្រះសង្ឃសម្ដែងធម៌ទេសនា។

លោកបានឱ្យដឹងយ៉ាងដូច្នេះថា៖ «ចំពោះពលករនៅខេត្តរ៉ាក់យ៉ង និងនៅខេត្តសាមុតប្រាកាណគាត់បាន វិច នំអន្សមយកមកដែរ ហើយឥឡូវគាត់បានយកមកដល់ហើយ ដើម្បីប្រគេនព្រះសង្ឃ និងសម្រាប់ចែកពលករដែលមកចូលរួមបុណ្យ បានហូបនំអន្សមខ្មែរ ដែលនៅក្នុងប្រទេសគាត់តែងនាំគ្នាវិចនំអន្សមជារៀងរាល់ឆ្នាំនោះ»។

ចំណែកពលករដែលបានចូលរួមក្នុងពិធីបុណ្យនេះលោក សុខ ឃាង ថ្លែងថា នេះជាលើកទីមួយដែលរូបគេបានចូលរួមធ្វើបុណ្យភ្ជុំបិណ្ឌនៅក្រៅប្រទេសនោះ។ លោកអះអាងទៀតថា លោកបានមកធ្វើការនៅប្រទេសថៃជាង៥ឆ្នាំហើយ គឺកម្រមានឱកាសបានទៅធ្វើបុណ្យភ្ជុំបិណ្ឌនៅឯស្រុកកំណើតណាស់ ព្រោះរវល់ធ្វើការងារ ហើយថៅកែជនជាតិថៃ មិនអនុញ្ញាតឲ្យខ្លួនឈប់សម្រាកទៅមកស្រុកខ្មែរ ក្នុងឱកាសពិធីបុណ្យនេះបានទេ។

ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាលខ្ចាស់ ព្រះតេជព្រះគុណ ចាន់ សុជន មានថេរដីកាថា ចំពោះពលរដ្ឋដែលមិនមានឱកាសមកធ្វើបុណ្យនៅស្រុកកំណើត នាំគ្នាធ្វើបុណ្យភ្ជុំបិណ្ឌនៅក្រៅប្រទេសបាន ដោយមិនមានការឆ្គងនោះទេ ហើយអ្នកធ្វើបុណ្យនេះបានបុណ្យដូចពលរដ្ឋនៅខាងក្នុងប្រទេសដែរ។ «នេះជារឿងល្អមែនទែន អាត្មានៅតែកោតសរសើរ ខ្មែរយើងដែលនៅក្រៅប្រទេសស្ទើរគ្រប់ទីកន្លែង ដែលតែងរក្សាប្រពៃណីធ្វើបុណ្យភ្ជុំបិណ្ឌដូចពលរដ្ឋខ្មែរនៅក្នុងស្រុកដែរ ដូច្នេះអាត្មាគិតថាពលរដ្ឋខ្មែរនៅទីណាក៏ដោយ គឺមិនបោះបង់ប្រពៃណីទំនៀមទម្លាប់ខ្មែរដែរ ហើយប្រពៃណីទាំងនេះនឹងធ្វើឲ្យមានបន្តទៅដល់ក្មេងជំនាន់ក្រោយទៀត»។

ក្រុមពលកររំពឹងថា អ្នកដែលចូលរួមក្នុងពិធីបុណ្យនៅព្រឹកថ្ងៃទី៣០ កញ្ញា អាចនឹងមានជាង១ពាន់នាក់ ព្រោះបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ពលករភាគច្រើនមិនបានទៅលេងស្រុកកំណើតនោះទេ ដោយសារថៅកែមិនអនុញ្ញាត ក្នុងនោះពលករមួយចំនួននឹងនាំគ្នាទៅធ្វើបុណ្យជាមួយព្រះសង្ឃខ្មែរ នៅតំបន់ដែលពួកគេរស់នៅក្នុងប្រទេសថៃ ព្រោះមានរៀបចំពិធីបុណ្យភ្ជុំបិណ្ឌជាច្រើនកន្លែង ដូចជានៅខេត្តនគររាជសីមា ទីក្រុងបាងកក និងខេត្តសាមុតខនជាដើម៕

website_news/2018021002.txt · Last modified: 2018/10/02 15:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki