website_news:2018021003

ថៃ ចាប់ពលរដ្ឋខ្មែរ ចូលកាប់ឈើបញ្ជូនទៅតុលាការ

https://www.postkhmer.com/ ឃុត សុភចរិយា | Publication date 02 October 2018 | 09:24 ICT

ឧត្តរមានជ័យៈ ពលរដ្ឋខ្មែរម្នាក់ក្នុងចំណោមគ្នា ៦ នាក់ត្រូវបានទាហានឈុតប៉ារ៉ាថៃចាប់ខ្លួនបញ្ជូនទៅតុលាការកាលពីយប់ថ្ងៃអាទិត្យក្រោមការចោទប្រកាន់ពីបទលួចឆ្លងដែនដោយខុសច្បាប់ចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ

លោក ពៅ ភេង អនុប្រធានក្រុមការងារនគរបាលទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃប្រចាំច្រកអន្តរជាតិអូរស្មាច់បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ពលរដ្ឋខ្មែរដែលត្រូវបានទាហានថៃចាប់ខ្លួននោះឈ្មោះ រឿន សិលា អាយុ ៣៥ ឆ្នាំជាប្រជាកសិករនៅក្នុងភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង។ លោកថ្លែងថា៖ «សមត្ថកិច្ចយើងបានព្យាយាមជួយសម្របសម្រួល ដើម្បីស្នើសុំឲ្យភាគីថៃដោះលែងគាត់ត្រឡប់មកវិញ ប៉ុន្តែភាគីថៃបានបដិសេធដោយអះអាងថាគាត់ត្រូវបានចាប់ខ្លួនក្នុងបទល្មើសជាក់ស្ដែងដែលចាំបាច់ត្រូវបញ្ជូនទៅឲ្យតុលាការធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់»។ លោក ភេង បានបន្តថាយោងតាមរបាយការណ៍ស៊ើបសួរដោយសង្ខេបរបស់ភាគីថៃលោក រឿន សិលា បានសារភាពថាគាត់ និងអ្នកភូមិ ៥ នាក់ផ្សេងទៀតបានលួចចូលទៅក្នុងទឹកដីថៃកាលពីយប់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៨ ដើម្បីកាប់ឈើគ្រញូងយកមកលក់ឲ្យឈ្មួញឈើល្បីឈ្មោះម្នាក់ឈ្មោះ សាក់ តាមរយៈមន្ត្រីយោធាម្នាក់ឈ្មោះ ដុស។

ក្រោយពីកាប់បានសម្រេចហើយនោះ នៅព្រលប់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៨ ពួកគាត់បាននាំគ្នាលើកឈើទាំងនោះដាក់លើរទេះ ហើយអូសមកកាន់ព្រំដែនក្បែរច្រកទ្វារអន្តរជាតិអូរស្មាច់ ដើម្បីឆ្លងចូលមកកាន់ទឹកដីកម្ពុជាវិញ ប៉ុន្តែត្រូវបានក្រុមទាហានព្រំដែនថៃ ដែលចុះល្បាតតាមជួរបន្ទាត់ព្រំដែនប្រទះឃើញនាំគ្នាព័ទ្ធចាប់បានតែគាត់ម្នាក់ ចំណែកអ្នកផ្សេងបានរត់រួច។ លោកបានបញ្ជាក់ថា៖ «ក្នុងរបាយការណ៍នោះអាជ្ញាធរថៃបានចាប់រឹបអូសវត្ថុតាងរួមមានរណារយក្សមួយដើម រទេះ ២ គ្រឿងដែលផ្ទុកពេញដោយកំណាត់ឈើ និងគល់ឈើគ្រញូង។ នៅពេលនេះជនសង្ស័យ និងវត្ថុតាងត្រូវបានអាជ្ញាធរថៃកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តសុរិន្ទ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់»។

ម្ដាយក្មេករបស់លោក រឿន សិលា គឺអ្នកស្រី សិ ពៅ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញថា កូនប្រសារប្រុសរបស់អ្នកស្រីគឺជាកសិករមិនធ្លាប់រកស៊ីកាប់ឈើគ្រញូងនោះទេកាលពីមុនមក ប៉ុន្តែកាលពី ១ សប្ដាហ៍មុននេះមានអ្នកភូមិ ៤-៥ នាក់បានបបួលគាត់ទៅដោយប្រាប់ថា មានមន្ត្រីយោធាម្នាក់ឈ្មោះ ដុស ចាំនាំផ្លូវ និងប្រមូលទិញឈើពីពួកគាត់នៅក្បែរច្រកព្រំដែនដើម្បីទុកលក់បន្តឲ្យឈ្មួញឈើឈ្មោះ សាក់។ អ្នកស្រី ពៅ បានបញ្ជាក់ថា៖ «ខ្ញុំមិនដឹងថា មន្ត្រីយោធាឈ្មោះ ដុស នោះនៅអង្គភាពណានោះទេ ប៉ុន្តែមានគេប្រាប់ខ្ញុំថានៅក្នុងតំបន់នេះមានអង្គភាពយោធាវរៈការពារព្រំដែនលេខ ៤០២ និង អង្គភាពនគរបាលវរៈការពារព្រំដែនលេខ ៧០២»។

ប៉ុន្តែលោក ប៉ុក សុផល មេបញ្ជាការ វរៈការពារព្រំដែន ៤០២ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញដោយបដិសេធថា គ្មានមន្ត្រីយោធាណាម្នាក់នៅក្នុងអង្គភាពរបស់លោកប្រព្រឹត្តអំពើល្មើសបែបនេះនោះទេ ហើយករណីដែលបានកើតឡើងនាពេលថ្មីៗនេះទៀតសោតក៏មិនស្ថិតនៅក្នុងតំបន់ដែលគ្រប់គ្រងដោយអង្គភាពយោធាវរៈការពារព្រំដែនលេខ ៤០២ នោះដែរ។ លោកថ្លែងថា៖ «យ៉ាងណាក៏ដោយករណីនេះអង្គភាពយើងខ្ញុំនឹងធ្វើការស្រាវជ្រាវ ហើយបើសិនជារកឃើញថាមានមន្ត្រីយោធាណាម្នាក់នៅក្នុងអង្គភាពយើងប្រព្រឹត្តអំពើល្មើសច្បាប់ដោយកាងពលករឆ្លងដែនខុសច្បាប់ទៅកាប់ឈើគ្រញូងនៅក្នុងទឹកដីខ្មែរ ឬទៅក្នុងទឹកដីថៃក្ដី យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងនោះឡើយ»។

បើតាមលោក សុផល ចំណុចដែលពលករខ្មែរត្រូវទាហានព្រំដែនថៃចាប់ខ្លួននោះមានចម្ងាយប្រមាណជាង ១០០ ម៉ែត្រពីតំបន់កាស៊ីណូ និងរីសតអូរស្មាច់ ដែលទីតាំងនេះស្ថិតក្រោមការទទួលខុសត្រូវរបស់អង្គភាពនគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់ និង នគរបាលវរៈការពារព្រំដែនលេខ ៧០២។ ប៉ុន្តែលោក គង់ សុខាន់ មេបញ្ជាការអង្គភាពនគរបាលវរៈការពារព្រំដែនលេខ ៧០២ បានអះអាងថា តំបន់នោះគឺស្ថិតក្រោមការគ្រប់គ្រងរបស់នគរបាលអន្តោប្រវេសន៍ ព្រោះនគរបាលអន្តោប្រវេសន៍មានសិទ្ធិគ្រប់គ្រងក្នុងចន្លោះ ១ គីឡូម៉ែត្រពីច្រកព្រំដែនអន្តរជាតិអូរស្មាច់៕

website_news/2018021003.txt · Last modified: 2018/10/02 15:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki