website_news:20180210601

ពិភាក្សាប្រជុំ RBC លើកទី២៦ កម្ពុជា-ថៃ លើវិស័យសន្តិសុខ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១៧:១១ ហួត សុងហាក់

សៀមរាប ៖ ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃលើកទី២៦ (ហៅកាត់ថា RBC-26) ដែលភាគីកម្ពុជាបានជួបប្រជុំចំនួន២៥នាក់ ភាគីថៃ២៧នាក់ មកពីស្ថាប័នកងទ័ព ប៉ូលិស អាវុធហត្ថ កងការពារព្រំដែន មន្ត្រីបរិស្ថាន សុខាភិបាល កសិកម្ម អប់រំទេសចរណ៍ ពាណិជ្ជកម្ម ខេត្តបាត់ដំបង ,បន្ទាយមានជ័យ និងខេត្តស្រះកែវ ខេត្តច័ន្ទបូរី ។ ដែលជួបប្រជុំគ្នានៅក្នុងសាលប្រជុំសណ្ឋាគារ អង្គរស៊ិនជូរី នៅក្រុង-ខេត្តសៀមរាបនៅសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ក្រោមការដឹកនាំលោកឧត្តមសេនីយ៍ទោ ឯក សំអូន មេបញ្ជាការង នាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគខាងកម្ពុជាបានបើកកិច្ចប្រជុំជាមួយសហប្រធានលោកឧត្តមសេនីយ៍ត្រី គ្រីតដាក់ណៃ អ៊ិតធិម៉ុនថុន នាយសេនាធិការកងទ័ពភូមិភាគទី១ ភាគីថៃ ។

លោកឧត្តមត្រី សេង ថាប៊ី នាយរងសេនាធិការយោធភូមិភាគទី៥ អនុប្រធានក្រុមលេខាខាងកម្ពុជាបានអានរបាយការណ៍ កិច្ចប្រជុំ RBC លើកទី២៥ នាក្រុងប៉ាតាយ៉ាប្រទេសថៃកន្លងមកបានអនុវត្តន៍រួមគ្នាទទួលបានលទ្ធផលល្អប្រសើរ និងពង្រាងខ្លឹមសារពិភាក្សាសម្រាប់ប្រជុំ RBC លើកទី២៦ កម្ពុជា-ថៃលើកនេះ ដោយបានផ្តោតលើកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសន្តិសុខ ដែលមានទី១- ការបង្ការទប់ស្កាត់ការកើតឡើងវិវាទ ទី២- ទប់ស្កាត់បញ្ហាឧក្រិដ្ឋកម្ម និងភរវកម្មឆ្លងដែន ទី៣- ការពារបង្ក្រាបទប់ស្កាត់គ្រឿងញៀនឆ្លងដែន ទី៤- បង្ក្រាបបទល្មើសតាមព្រំដែន ទី៥- ការឆ្លងកាត់តាមព្រំដែន ទី៦- ទប់ស្កាត់ការជួញដូរមនុស្ស និងក្មេងអនាថា និងទី៧ – ពលករខុសច្បាប់ ។

ក្នុងនោះអង្គប្រជុំបានពិភាក្សាបន្តដោយផ្តោតលើកិច្ចសហការបន្ថែមលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន វិទ្យាសាស្ត្រ និងបច្ចេកទេស សុខាភិបាល កសិកម្ម អប់រំ ទេសចរណ៍ អប់រំផ្សព្វផ្សាយ និងក្របខណ្ឌទិសដៅការអនុវត្តរួមគ្នា ក្រោយការចូលជាសហគមន៍អាស៊ាន ដែលហៅកាត់ថា (AC) ។ ចុងក្រោយលោកឧត្តមសេនីយ៍ទោ ឯក សំអូន និងលោកឧត្តមសេនីយ៍ត្រីគ្រីតដាក់ណៃ អ៊ិតធិម៉ុនថុន សហប្រធាននៃកិច្ចប្រជុំរួមក្រុមលេខាទាំងពីរបានពិនិត្យសម្រេច លើពង្រាងខ្លឹមសាររួម ដើម្បីដាក់ជូនឲ្យប្រធានគណៈកម្មាធិការថ្នាក់ភូមិភាគលើកទី២៦ ឯកភាពតាមឧបសម្ព័ន្ធបានធ្វើរួមនេះ ឲ្យទទួលបានលទ្ធផលល្អបន្ថែមទៀត ៕

website_news/20180210601.txt · Last modified: 2018/06/21 14:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki