website_news:2018021101

កូនស្រីពីរនាក់ត្រូវរំលោភសម្លាប់ពេលឱពុកម្តាយធ្វើចំណាកស្រុក

https://khmer.voanews.com/ 02 វិច្ឆិកា 2018 ស៊ុន ណារិន

ឃុំផ្សារ ខេត្តកំពង់ឆ្នាំង៖ អ្នកស្រី អុល ធីតា ទើបតែបាត់បង់កូនស្រីពីរនាក់។ ពួកគេត្រូវបានរំលោភសម្លាប់កាលពីថ្ងៃទី១៧ ខែតុលា ក្រោយឪពុកម្តាយបានចាកចេញពីផ្ទះទៅធ្វើការនៅភ្នំពេញ និងនៅប្រទេសថៃ។ អ្នកស្រី ធីតា អាយុ៣៤ឆ្នាំ មានប្រសាសន៍ថា អ្នកស្រីទៅភ្នំពេញបានរយៈពេល៤ថ្ងៃ ហើយប្តីទៅធ្វើការនៅប្រទេសថៃបានរយៈពេល៥ថ្ងៃ មុននឹងមានហេតុការណ៍នេះកើតឡើង។ អង្គុយនៅក្បែរផ្ទះ ដែលជាកន្លែងកូនរបស់អ្នកស្រីត្រូវបានរំលោភសម្លាប់ដាក់ក្នុងហិបឈើមួយ អ្នកស្រី ធីតា បានរៀបរាប់ប្រាប់ VOA ថា អ្នកស្រីត្រូវសងបំណុលគេជិត១លានរៀលនៅចុងឆ្នាំនេះ ទើបអ្នកស្រីសម្រេចចាកចេញពីភូមិកំណើត ស្ថិតក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ អ្នកស្រីមានប្រសាសន៍ថា អ្នកស្រីបានជំពាក់បំណុលគេជិត៧ឆ្នាំមកហើយ និងមិនបានបង់ការប្រាក់សងគេ ជិតកន្លះឆ្នាំចុងក្រោយនេះ ដែលនេះនាំឲ្យអ្នកស្រីសម្រេចចិត្តចាកចេញពីកូនទៅស្វែងរកការងារនៅភ្នំពេញ។ អ្នកស្រីបានថ្លែងប្រាប់ VOA នៅផ្ទះរបស់អ្នកស្រីថា៖ «មនុស្សស្រីម្តាយនីមួយៗ គ្មាននរណាចង់បែកពីកូនដែលកំពុងពេញស្រឡាញ់ហ្នឹងទេ។ ចង់តែនៅជិតកូន ប៉ុន្តែដោយលក្ខណៈ វាជីវភាពវាក្រមែនទែន ដល់ថ្នាក់ដល់យើងមិនដឹងរកអីនៅនេះ ដែលអាចសងគេបាន»។ អ្នកស្រី ធីតា មិនមានដីស្រែ ឬដីភូមិនោះទេ។ ដីកំពុងនៅបច្ចុប្បន្ន គឺជាដីរបស់បងប្អូន ដោយអ្នកស្រីបានសង់ខ្ទមប្រក់ស្លឹកត្នោតមួយសម្រាប់រស់នៅជាមួយកូនស្រីពីរនាក់។ អ្នកស្រីមានមុខរបរមិនប្រាកដនោះទេ គឺប្រមូលស្លឹកធ្វើកន្រ្តក កញ្ជើ និងដើររកសត្វអង្រងក្នុងព្រៃ យកទៅលក់នៅទីផ្សារ។ ចំណាកស្រុករកការងារធ្វើជាបញ្ហាទូទៅរបស់ប្រជាជនកម្ពុជា ដែលរស់នៅតាមជនបទ ដោយសារពួកគេពិបាកក្នុងការរកចំណូលពីក្នុងតំបន់ដែលពួកគេកំពុងរស់នៅ។ ពួកគេបានផ្ញើកូនទុកឲ្យយាយតា បងប្អូន ឬសាច់ញាតិ មើលថែទាំ។ ករណីនេះ បានធ្វើឲ្យក្មេងស្រីស្ថិតក្នុងហានិភ័យខ្ពស់ពីការបៀតបៀនផ្លូវភេទ ការរំលោភសម្លាប់ជាដើម។ កុមារនៅតាមជនបទ ងាយរងគ្រោះដោយសារពួកគេត្រូវឃ្វាលគោទៅស៊ីស្មៅ និងពេលខ្លះត្រូវទៅប្រមូលអនុផលធម្មជាតិពីតំបន់ឆ្ងាយៗផងដែរ។ លោកស្រី ឆន សុគន្ធា មន្រ្តីសម្របសម្រួលផ្នែកសិទ្ធិស្រ្តី និងកុមាររបស់សមាគមសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា កុមារដែលស្ថិតក្នុងគ្រួសារក្រីក្រ និងឪពុកម្តាយធ្វើចំណាកស្រុក គឺជាក្រុមគ្រោះថ្នាក់ជាងគេនឹងការរំលោភបំពានផ្លូវភេទ។ លោកស្រីបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ នេះ ករណីរំលោភផ្លូវភេទលើកុមារ គឺជាករណីរំលោភសាហាវ។ លោកស្រីមើលឃើញថា បញ្ហាគ្រឿងញៀន ការសេពគ្រឿងស្រវឹង និងការមើលវីដេអូអាសអាភាស ជាកត្តាដែលធ្វើឲ្យមានការរំលោភផ្លូវភេទលើកុមារ។ លោកស្រីបានបញ្ជាក់ថា៖ «ខ្ញុំទទួលស្គាល់ ចំពោះអ្នកទីក្រុង និងអ្នកជនបទ គាត់អាចAccess (ចូលមើល) មើលបានដូចគ្នា ប៉ុន្តែចំពោះអ្នកនៅទីក្រុង គាត់អាចមានសេវា(ផ្លូវភេទ)។ ប្រសិនបើគាត់មានចំណង់អីចឹង គាត់អាចទៅរកសេវាផ្សេងៗ។ ប៉ុន្តែនៅជនបទ នៅតំបន់ជនបទដាច់ស្រយាល នៅពេលដែលគាត់មានចំណង់អញ្ចឹង គាត់ទៅណា?» នៅក្នុងករណីរំលោភសម្លាប់ក្មេងស្រី២នាក់ក្នុងខេត្តកំពង់ឆ្នាំង កាលពី២សប្តាហ៍មុន កុមារជាជនរងគ្រោះ ម្នាក់ អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតអាយុ៧ឆ្នាំ រៀនថ្នាក់ទី២។ ពួកគេជាបងប្អូនម្តាយតែមួយ ឪពុកផ្សេងគ្នា។ បើតាមសមត្ថកិច្ច ជនដៃដល់បានរំលោភកូនច្បងនៅខ្ទមតូចមួយក្នុងភូមិដែលពួកគេស្នាក់នៅ។ បន្ទាប់មកដោយសារប្អូនស្រីដឹង ខ្លាចបែកការណ៍ ជនដៃដល់ក៏បានសម្លាប់ពួកគេតែម្តង។

ម្តាយជនរងគ្រោះមានប្រសាសន៍ថាឃាតក និងក្មេងស្រីទាំងពីរនាក់ ត្រូវជាសាច់ញាតិនឹងគ្នា ដូចពូនិងក្មួយ។ ឃាតកត្រូវបានចាប់ខ្លួននាពេលក្រោយមក។ អ្នកស្រីបានថ្លែងប្រាប់ VOA ថា៖ «បងប្អូនញាតិជិតខាង គេមកមើលអញ្ចឹង គេថាអាឆ្កែ អាឆ្មាអា ស៊ីបាយបោកឆ្នាំង។ គេនិយាយគេដៀលអញ្ចឹង។ កុំបូលិសនៅជុំវិញ កុំអីងាប់បាត់ហើយ ព្រោះប្រជាជនខឹងមែនទែន វាមិនសមណាស៊ីបាយបោកឆ្នាំង។ អត់បាយហូបមីង អត់លុយចាយមីង អត់បារីជក់មីង»។ ការសេពគ្រឿងស្រវឹង គ្រឿងញៀន ការមើលវីដេអូអាសអាភាស កង្វះការអប់រំ និងការធ្លាក់ចុះនៃសីលធម៌សង្គម ត្រូវបានមើលឃើញថាជាបញ្ហាដែលនាំឲ្យមានការរំលោភបំពានផ្លូវភេទលើកុមារ។

មេឃុំផ្សារ លោក ប៊ិន សុផាន មានប្រសាសន៍ថា ជនដៃដល់បានប្រើប្រាស់គ្រឿងស្រវឹង មុននឹងរំលោភ និងសម្លាប់កុមារ។ ចំណែកសមត្ថកិច្ចបានអះអាងថា ជនដៃដល់ក៏បានប្រើប្រាស់គ្រឿងញៀនផងដែរ។ លោកមេឃុំបានថ្លែងថា៖ «មនុស្សជិតមួយម៉ឺននាក់ មានមនុស្សតែម្នាក់ហ្នឹង សកម្មភាពបែបហ្នឹង ខ្ញុំអត់ទម្លាក់ទៅលើសង្គមទេ ទម្លាក់ទៅលើអារម្មណ៍ខ្លួនឯងដែលវាព្រៃផ្សៃ អារម្មណ៍ព្រៃផ្សៃរបស់បុគ្គល»។ បើតាមលោកមេឃុំ ក្នុងចំណោមប្រជាជនសរុបជាង៧ពាន់នាក់ក្នុងឃុំផ្សារ ប្រជាជនពេញកម្លាំងដែលធ្វើចំណាកស្រុក មានទៅដល់ជាង៥០០នាក់ ដែលពួកគេទៅធ្វើការនៅក្រៅប្រទេស និងចំណាកស្រុកទៅភ្នំពេញ និងខេត្តផ្សេងៗ។ មេឃុំរូបនោះបានឲ្យដឹងថា អាជ្ញាធរនឹងបន្តអប់រំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន និងអប់រំយុវជនឲ្យមានការយល់ដឹងអំពីបញ្ហាទាំងនេះ។

អង្គភាពការពារកុមារ(Child Protection Unit) ដែលជាគំនិតផ្តួចផ្តើមរវាងអង្គការមូលនិធិកុមារកម្ពុជា និងក្រសួងមហាផ្ទៃ ដើម្បីជួយកុមារដែលរងការរំលោភបំពាន បានរាយការណ៍ថា ក្នុងឆ្នាំ២០១៦ ករណីរំលោភលើកុមារមានចំនួន២០៥ករណី ហើយបានធ្លាក់ចុះមក១៤៧ករណី ក្នុងឆ្នាំ២០១៧។ ប៉ុន្តែចំនួនជនរងគ្រោះដោយសារការសម្លាប់ បានកើនឡើងពី២១ទៅ២៤នាក់។ លោក មាស ប៊ុនលី មន្រ្តីផ្នែកទំនាក់ទំនងរបស់អង្គការយូនីសេហ្វ(UNICEF) មានប្រសាសន៍ថា ការរំលោភ និងការបំពានផ្លូវភេទនៅតែការគំរាមទៅដល់កុមារ។ លោកបានប្រាប់ VOA តាមសារអេឡិចត្រូនិក ឬអ៊ីម៉េលថា៖ «ឧបសគ្គក្នុងការការពារកុមារ គឺថានៅពេលគ្រួសារ ឬសហគមន៍ មិននិយាយចេញមក បើទោះនៅពេលពួកគេបានដឹងអ្វីកំពុងកើតឡើងក្នុងសហគមន៍របស់ពួកគេ ពីព្រោះពួកគេគិតថា នេះមិនមែនជាការងាររបស់ពួកគេក្នុងការសួរសំណួរ។ ការមិននិយាយនេះនាំឲ្យជនបំពាន កេងប្រវ័ញ្ច និងរំលោភក្មេង»។ លោកបញ្ជាក់បន្ថែមថា៖ «វាមានសារៈសំខាន់ដែលឪពុកម្តាយ និងអ្នកមើលថែ ធានាថាក្មេងៗនឹងមិនត្រូវទុកនៅផ្ទះតែឯង ដែលជាការមិនយកចិត្តទុកដាក់ និងនាំឲ្យមានគ្រោះថ្នាក់។ ក្មេងៗគួរតែត្រូវមើលថែគ្រប់ពេលវេលា»។ ករណីរំលោភសម្លាប់ក្មេងស្រីនេះធ្វើឲ្យមានការពិភាក្សានៅលើបណ្តាញសង្គមហ្វេសប៊ុក។ ពួកគេចាត់ទុកថា នេះជាករណីសាហាវព្រៃផ្សៃមួយ ហើយអ្នកខ្លះទាមទារឲ្យមានការដាក់ទោសទណ្ឌលើសពីការជាប់ពន្ធនាគារមួយជីវិត។ ប៉ុន្តែកម្ពុជាមិនមានច្បាប់ប្រហារជីវិតនោះទេ។ លោកស្រី ញ៉េប សុភាព អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដែលជាស្ថាប័នរបស់រដ្ឋាភិបាល មានប្រសាសន៍ថា លោកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរំលោភកុមារនៅតាមជនបទ ដែលនេះដោយសារពួកគេរស់នៅក្នុងភាពក្រីក្រ ឪពុកម្តាយចំណាកស្រុក ទុកកូននៅកន្លែងមិនមានសុវត្ថិភាព។ លោកស្រីបន្ថែមថា រដ្ឋាភិបាលកំពុងរៀបចំឲ្យមានច្បាប់កិច្ចការពារកុមារ ដែលនឹងផ្តោតគ្រប់ជ្រុងជ្រោយទៅលើកិច្ចការពារកុមារ បន្ថែមលើច្បាប់ និងបទដ្ឋាននានាពាក់ព័ន្ធនឹងការការពារសុវត្ថិភាពកុមារ។ លោកស្រីបន្តថា ប្រជាពលរដ្ឋត្រូវតែមានការគោរពច្បាប់ដែលមាន ហើយមិនត្រូវធ្វើអ្វីតាមកំហឹងដែលមាននោះទេ។ លោកស្រីបានបញ្ជាក់ថា៖ «ប្រទេសយើង យើងមានច្បាប់ ហើយយើងគោរពតាមសិទ្ធិមនុស្ស។ មិនមែនថាយើងមិនខឹងគាត់ឈឺចាប់ទេ យើងអាចដាក់ទោសទណ្ឌគាត់មួយជីវិត មិនអាចធ្វើអីទៅតាមកំហឹងខ្លួនឯងបានទេ»។ ក្រោយហេតុការណ៍រំលោភសម្លាប់កើតឡើង អ្នកភូមិនិយាយថា ពួកគេមានការប្រយ័ត្នប្រយែងខ្លាំងជាងមុនទៅលើសុវត្ថិភាពរបស់ក្មេងៗ។ អ្នកស្រី ធីតា ម្តាយជនរងគ្រោះ បានចាត់ទុកថា នេះជាការធ្វេសប្រហែសរបស់អ្នកស្រីដែលបានផ្ញើកូនឲ្យបងប្អូនមើលថែ ហើយអ្នកស្រីអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននឹងសុវត្ថិភាពរបស់ក្មេងផងដែរ។ អ្នកស្រីមានប្រសាសន៍ថា៖ «ខ្ញុំចូលក្នុងផ្សារកំពង់ឆ្នាំង គេនិយាយដូចបង្ហោះហ្វេសប៊ុកដែរ។ បងអីម្នាក់ហ្នឹង គេស្គាល់ខ្ញុំ ព្រោះខ្ញុំធ្លាប់លក់អង្ក្រងនៅហ្នឹង។ គេថាអ្ហែង កូនប៉ុណ្ណាណីអស់ហើយ មិនសមណាអ្ហែងដើរចេញចោលកូនឲ្យនៅតែឯង។ ធ្វើម្តាយគេ ទុកឲ្យកូនស្រីពីរនាក់នៅតែឯង។ ខ្ញុំដើរចេញមក ខ្ញុំអត់តបជាមួយគេទេ ព្រោះខ្ញុំនឹកឃើញថា ខ្លួនខ្ញុំវាខុសដែរ ប៉ុន្តែលក្ខណៈដែលខ្ញុំខុសហ្នឹង គឺខ្ញុំស្វែងរកដំណោះស្រាយក្នុងគ្រួសាររបស់ខ្ញុំ»៕

website_news/2018021101.txt · Last modified: 2018/11/02 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki