website_news:2018021103

ក្រសួងមហាផ្ទៃរកកិច្ចអន្តរាគមន៍ជួយស្ត្រីស៊ីឈ្នួលពពោះឱ្យនៅក្រៅឃុំ

http://wmc.org.kh ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០១៨ ធូ វីរៈ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឱ្យដឹងថា ក្រសួងកំពុងស្វះស្វែងរកកិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ ដើម្បីជួយស្ត្រីស៊ីឈ្នួលពពោះជំនួសចំនួន៣២នាក់ឱ្យបាននៅក្រៅឃុំ ក្រោយពីពួកគេត្រូវបានចាប់ឃុំខ្លួនក្នុងការបង្ក្រាបពាក់ព័ន្ធករណីជួញដូរមនុស្សនៅរាជធានីភ្នំពេញ អំឡុងខែ កក្កដា ឆ្នាំ ២០១៨។ កាលពីថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ លោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនស្ត្រីស៊ីឈ្នួលពពោះជំនួសទាំង ៣២ នាក់ ជាបណ្តោះអាសន្ននៅក្នុងមន្ទីរពេទ្យរបស់ក្រសួងមហាផ្ទៃ និងជនសង្ស័យចំនួន ៥ នាក់ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ។ ពួកគេទាំងអស់ ត្រូវបានចោទប្រកាន់ពីបទ«ជួញដូរមនុស្សដោយឆ្លងដែន» និង«អន្តរការីរវាងអ្នកសុំកូនជាមួយស្ត្រីពពោះ»។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានប្រាប់អ្នកសារព័ត៌ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ៣១ ខែ តុលា ម្សិលមិញថា គណៈកម្មាធិការជាតិបានសម្រេចឱ្យមេធាវីរៀបចំឯកសារតាមផ្លូវច្បាប់ដាក់ស្នើទៅតុលាការ ឱ្យស្ត្រីស៊ីឈ្នួលពពោះជំនួសអាចរស់នៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីចិញ្ចឹមកូនពេលកើតមក ។ប៉ុន្តែលោកស្រី អះអាងថា បញ្ហាវាអាស្រ័យទៅលើឆន្ទានុសិទ្ធិរបស់តុលាការក្នុងការធ្វើសេចក្ដីសម្រេចឱ្យនៅក្រៅឃុំ ឬបន្តឃុំខ្លួនបន្តទៀត។ លោកស្រី ជូ ប៊ុនអេង៖ «យើងគិតថាស្ត្រីទាំងនោះ ជាពិសេសស្ត្រីម្នាក់កើតកូនហើយ កូនគាត់ស្លាប់ ស្ត្រីបីនាក់ទៀតរលូតតាំងពីពេលយើងមិនទាន់បានបង្ក្រាប ហើយគាត់ទោទំនាក់ទំនងកន្លែងនិងទៀត អញ្ចឹងដ៏គាត់រលូតហើយមានន័យថាគាត់អត់មានកូនសម្រាប់លក់ទេ។ស្ត្រីដែលកូនស្លាប់ ហើយស្ត្រីកូនរលូតមានន័យគាត់គួរតែត្រូវបាននៅក្រៅឃុំ ហើយបន្ទាប់ពីនឹងទៀតគឺស្ត្រីមានកូនដែលគាត់កើតហើយក៏យើងចង់ឱ្យគាត់នៅថែទាំកូនៅក្រៅដែរ ប៉ុន្តែវាអាស្រ័យទឡ្ហីករណ៍មួយចំនួនដែលតុលការអាចជឿជាក់ថា គាត់នៅក្រៅឃុំតើគាត់នឹងប្រព្រឹត្តិបទល្មើសនឹងបន្តទៀតទេ។»

លោកស្រី ជូ ប៊ុនអេង បញ្ជាក់ថា ក្នុងចំណោមស្ត្រីពពោះជំនួសទាំង ៣២ នាក់ ។ ក្នុងនោះស្ត្រីពពោះជំនួសបីនាក់ត្រូវបានរលូតកូន។ ស្ត្រីកើតកូនហើយកូនស្លាប់មុនពេលការបង្ក្រាបចំនួនម្នាក់ និងស្ត្រីកើតកូនចំនួន ៩ នាក់ និងកូនមាន ១១ នាក់ ព្រោះកូនភ្លោះមានពីរគូ។ លោកស្រីបន្ថែមថា ក្រសួងគ្មានចេនាចង់ធ្វើឱ្យមានភាពអយុត្តិធម៌ចំពោះស្ត្រីទាំងនោះទេ វាអាស្រ័យទៅនឹងទង្វើរបស់ពួកគាត់ទេ បើសិនជាគាត់មានចេនាប្រព្រឹត្តិបទល្មើសគាត់នឹងត្រូវទទួលខុសត្រូវដោយខ្លួនឯកផ្ទាល់។ ទោះបីយ៉ាងណាគណៈកម្មាធិការរបស់លោកស្រីចង់ជួយជនរងគ្រោះជាទារក។ លោកស្រី ជូ ប៊ុនអេង៖ «តាមពិតគណ៖កម្មាធិការជាតិជួយគ្រប់តែគ្នា ប៉ុន្តែរឿងដែលសំខាន់ត្រង់ថាយើងចង់ជួយជនរងគ្រោះ ហើយជនរងគ្រោះមិនមែនជាស្ត្រីទាំងនោះទេ ជនរងគ្រោះជាទារក ដែលនៅក្នុងផ្ទៃគាត់ ហើយប្រសិនបើទារកកើតចេញមកហើយយើងតាមជួយទារកនឹងទៀត ហើយទារកនៅជាមួយនរណាដែលល្អប្រសើរជាងនៅជាមួយម្តាយ»។

ករណីនេះដែរ ជនសង្ស័យជនជាតិចិនម្នាក់ និងគូកនជនជាតិខ្មែរ ៤ នាក់ ត្រូវបានតុលាការសម្រេចខ្លួនបណ្តោះអាសន្នក្នុងពន្ធាគារដោយចោទប្រកាន់ តាមមាត្រា ១៦ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងការពារអនីតិជន និងមាត្រា ៣៣ នៃក្រមព្រហ្មទណ្ឌ៕

website_news/2018021103.txt · Last modified: 2018/11/02 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki