website_news:20180220603

ប្ដីប្រពន្ធចិន ចង់បានកូនទីពីរ នាំគ្នាសម្រុកទៅរកការបង្កកំណើតតាមបែបវិទ្យាសាស្ត្រ នៅក្រៅប្រទេស

https://www.postkhmer.com/ Publication date 21 June 2018 | 15:05 ICT

ក្រុងសៀងហៃ: ការបន្ធូរបន្ថយគោលនយោបាយកូនមួយរបស់ប្រទេសចិន បានធ្វើឲ្យលោក ចាង យ៊ីនចេ (Zhang Yinzhe) និង ភរិយារបស់គាត់គឺអ្នកស្រី ស៊ូ ម៉េងសា (Xu Mengsha) បានសម្រេចចិត្តថា ពួកគាត់ចង់ប្រើប្រាស់បច្ចេកវិទ្យាបង្កកំណើតតាមរយៈការយកមេជីវិតឈ្មោល ដើម្បីធ្វើការបង្កកំណើតក្នុងកែវ ឬ ហៅថា Vitro Fertilization (IVF)។ យោងតាមការសិក្សារបស់ចិនបានបង្ហាញថា ប្រហែល ១២ ភាគរយនៃស្ត្រីស្ថិតក្នុងវ័យបន្តពូជ គឺពួកគេមិនអាចមានកូនតាមរយៈធម្មជាតិបានទេ ប៉ុន្តែប្រទេសចិនមានគ្លីនិកប្រើបច្ចេកវិទ្យា IVF ដែលមានអាជ្ញាប័ណ្ណមានតែ ៤០០ កន្លែង ប៉ុណ្ណោះ។ ដូច្នះហើយពួកគេអាចត្រូវរង់ចាំរហូតដល់មួយឆ្នាំក៏មាន។ ប៉ុន្តែប្រទេសចិននៅតែហាមប្រាម ឬរឹតបន្តឹងជម្រើសនៃការបង្កកំណើតមួយចំនួន ដូចជាការបរិច្ចាគមេជីវិតការស៊ីឈ្នួលពពោះជំនួស ការជ្រើសរើសភេទទារក និងការបង្កកមេជីវិត សម្រាប់ប្រើប្រាស់ពេលក្រោយជាដើម។

ប៉ុន្តែកំណើនតម្រូវការនៅតាមគ្លីនិក ដែលផ្តល់ការបង្កកំណើតបែបនេះបានកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីគោលនយោបាយកូនមួយ របស់ចិន ត្រូវបានបន្ធូរបន្ថយកាលពី ២ ឆ្នាំមុន ប៉ុន្តែយ៉ាងណាក៏ដោយ ប្ដីប្រពន្ធចិនជាច្រើនត្រូវរង់ចាំរាប់ខែ ដោយសារតែចំនួនគ្លីនិកក្នុងស្រុក មិនអាចឆ្លើយតបនឹងតម្រូវការ។ ដូច្នេះហើយប្តីប្រពន្ធមួយគូ ដែលមកពីទីក្រុងប៉េកាំងរូបនេះ បានធ្វើដំណើរមកកាន់ប្រទេសថៃ ដែលវាជាផ្នែកមួយនៃការធ្វើដំណើររបស់ជនជាតិចិនទៅក្រៅប្រទេសទៅកាន់តំបន់អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក និងកន្លែងដទៃទៀត ដែលវិធីសាស្ត្របង្កកំណើតតាមបច្ចេកវិទ្យាមានការរីកចម្រើនច្រើន។

លោក ចាង អាយុ ៣១ ឆ្នាំដែលជាអ្នកបើកយន្ដហោះ បានថ្លែងថា៖ «នៅក្នុងប្រទេសចិនពាក្យចាស់ធ្លាប់និយាយថា គ្រួសារមួយពេញលេញគឺត្រូវមានកូនប្រុស និងកូនស្រី»។ លោក ចាង បាននិយាយបន្ទាប់ពីគាត់បានពិគ្រោះយោបល់នៅឯនៅឯមន្ទីរពេទ្យ Piyavate Hospital ក្នុងទីក្រុងបាងកក ដែលនៅលើជញ្ជាំងមានបិទផ្ទាំងរូបភាព និងសរសេអក្សរចិនស្តីអំពីបច្ចេកវិទ្យា IVF នេះខណៈដែលប្តីប្រពន្ធជនជាតិចិនដទៃទៀតកំពុងអង្គុយរង់ចាំវេនរបស់ពួកគេ។

តួលេខពិតប្រាកដ ស្តីអំពីចំណែកទីផ្សាររបស់ចិនលើវិស័យទេសចរណ៍ស្វែងរកការបង្កកំណើតតាមរយៈ បច្ចេកវិទ្យានេះគឺមិនច្បាស់ទេ ប៉ុន្តែការចំណាយត្រូវបានវិទ្យាស្ថានស្រាវជ្រាវឧស្សាហកម្ម Qianzhan ប៉ាន់ស្មានថា បានកើនឡើងប្រមាណ ២២ ភាគរយជារៀងរាល់ឆ្នាំ ដោយក្នុងឆ្នាំ ២០១៧ មានតម្លៃរហូតដល់ ១,៤ពាន់លានដុល្លារ ហើយកំណើនត្រូវបានគេរំពឹងថានឹងកើនឡើងជាបន្តបន្ទាប់ទៀត។ តួលេខរបស់ចិនបានប៉ាន់ប្រមាណថា ស្ត្រីចំនួន ៩០ លាននាក់មានសិទ្ធិទទួលបានការមានកូនម្នាក់ទៀត នៅពេលដែលគោលនយោបាយ គ្រួសារមួយកូនមួយ ត្រូវបានបន្ទូបន្ថយ ហើយកាលពីឆ្នាំមុន ចំនួនសម្រាលកូនទី ពីរ មានកើនឡើងច្រើនជាងកូនទីមួយទៅទៀត។

គ្លីនិកនៅក្រៅប្រទេសកំពុងបន្ថែមបុគ្គលិក ដែលចេះនិយាយភាសាចិនហើយវេបសាយជាភាសាចិនក៏កំពុងកើនឡើងផងដែរ ដើម្បីឈោងចាប់ចំណែកទីផ្សាជនជាតិចិនដែលពួកគេកំពុងតែស្វែងរកឲ្យមានកូនទីពីរ ឬទីបីបន្ថែម។ ប៉ុន្តែទំរាំតែ គោលនយោបាយកូនមួយរបស់ចិនត្រូវបានបន្ធូរបន្ថយ គូស្វាម៉ីភរិយាជនជាតិចិនមួយចំនួន ពេលចង់បានកូនបន្ថែម ពួកគេកំពុងឈានដល់វ័យមួយ ដែលពិបាកមានផ្ទៃពោះដូច្នេះហើយពួកគេត្រូវការជំនួយវិទ្យាសាស្ត្រ។ បច្ចេកវិទ្យា IVF ពាក់ព័ន្ធទៅនឹងការដាក់បញ្ចូលមេជីវិតឈ្មោល និងញី ទៅក្នុងមន្ទីរពិសោធន៍ និងចាប់យកអំប្រ៊ីយ៉ុងណា ដែលអាចរស់បាននឹងយកទៅចាក់បញ្ចូលទៅក្នុងស្បូន។ គោលនយោបាយគ្រូសារមួយកូនមួយបានធ្វើឲ្យអត្រាកំណើតធ្លាក់ចុះ ហើយប្រទេសចិនបានបន្ធូរបន្ថយគោលនយោបាយនេះ ដើម្បីធានាថាមានកម្លាំងពលកម្មគ្រប់គ្រាន់នាពេលពេលអនាគត ដើម្បីជំនួសប្រជាជនវ័យចំណាស់របស់ខ្លួនដែលកំពុងកើនឡើងយ៉ាងរហ័សនោះ។

យោងតាមមន្ត្រីសុខាភិបាលបានប៉ាន់ប្រមាណថា ជនជាតិចិនស្វែងរកការប្រើប្រាស់វិធីបង្កកំណើតតាមរយៈបច្ចេកវិទ្យា IVF នៅប្រទេសចិន មានប្រមាណ ៥០ ម៉ឺននាក់ ប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៦ ខណៈដែលគ្រូពេទ្យនិយាយថា វាមានចំនួនតិចជាងតម្រូវការឆ្ងាយណាស់។

លោក រី ជិនចៀន (Ri-Cheng Chian) ប្រធានផ្នែកឱសថបន្តពូជនៅមន្ទីរពេទ្យ 10th People's Hospital ក្នុងទីក្រុងសៀងហៃបានឲ្យដឹងថា៖ «មានតម្រូវការច្រើននៅក្នុងប្រទេសចិន ប៉ុន្តែយើងមិនអាចធ្វើអស់ទេនៅទីនេះ»។ ដូច្នេះហើយជនជាតិចិនកំពុងកក់សំបុត្រទៅកាន់ប្រទេស ថៃ ម៉ាឡេស៊ី កម្ពុជា និង សូម្បីតែប្រទេសរុស្ស៊ី

បច្ចេកវិទ្យាបង្កកំណើតដោយ IVF មានតម្លៃប្រហែល ៣ ម៉ឺនយន់ (៤៧០០ដុល្លារ) នៅក្នុងប្រទេសចិន ប៉ុន្តែអាចមានតម្លៃច្រើនជាងនេះច្រើនដងនៅបរទេស ប៉ុន្តែជនជាតិចិនជាច្រើនមានអារម្មណ៍ថា ពួកគេអាចទទួលបានការថែទាំដែលមានគុណភាពខ្ពស់។

ក្នុងនាមជាអ្នកបើកយន្តហោះលោកបាន ចាង បាននិយាយថា ផ្នែកខ្លះនៃបច្ចេកវិទ្យា IVF គឺដើម្បីពិនិត្យមើលភាពមិនប្រក្រតីនៃហ្សែន ជាអ្វីដែលត្រូវបានរឹតត្បឹតនៅឯស្រុករបស់គាត់។ លោកបញ្ជាក់ថា៖ «ការចំណាយមានកូនដោយ IVF វាជាចំនួនទឹកប្រាក់ដ៏ច្រើនសម្រាប់គ្រួសារជនជាតិចិន ប៉ុន្តែបើប្រៀបធៀបទៅនឹងសុខភាពរបស់មនុស្សជំនាន់ក្រោយ គឺខ្ញុំគួរតែចំណាយ»៕ AFP/NS

website_news/20180220603.txt · Last modified: 2018/06/22 15:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki