website_news:20180220604

ទូតខ្មែរនៅសឹង្ហបូរី ម៉ាឡេស៊ី និងចិន បន្តជួយអន្តរាគមន៍ពលរដ្ឋខ្មែរបាន២១នាក់ទៀត ឱ្យត្រឡប់មកស្រុកកំណើតវិញ

http://www.freshnewsasia.com/ 2018-06-22

(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសឹង្ហបូរី, ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន នាថ្មីៗនេះ បានធ្វើអន្តរាគមន៍ ជួយពលរដ្ឋខ្មែរចំនួន២១នាក់ ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ។ បើយោងតាមការប្រកាសរបស់ក្រសួងការបរទេស ដែលសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឱ្យដឹងថា៖

១៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសសឹង្ហបូរី បានជួយរៀបចំមាតុភូមិនិវត្តន៍របស់ពលការិនី ខ្មែរចំនួន២នាក់ មកពីខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ដែលបានទៅបម្រើការងារជាជំនួយការ មេផ្ទះនៅប្រទេសសិង្ហបុរី កាលពីខែមេសា និងខែឧសភា ឆ្នាំ២០១៨ តែមិនអាចទ្រាំទ្រការងារលំបាកនៅទីនោះបាន និងដោយសារមានធុរៈក្នុងគ្រួសារ។ ស្ថានទូត បានផ្តល់កន្លែងស្នាក់នៅ អាហារបរិភោគ ព្រមទាំងជួយទាមទារលិខិតឆ្លងដែននិងសំបុត្រយន្តហោះពីភ្នាក់ងារនាំពលករ ហើយពលការិនីទាំងពីរនាក់បានមកដល់កម្ពុជាវិញ ជាបន្តបន្ទាប់ នៅថ្ងៃទី០៨ និងថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០១៨ ។ ២៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី ដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន១២នាក់ មកពីខេត្តកណ្តាល ខេត្តកំពត, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ, ខេត្តពោធិ៍សាត់, ខេត្តព្រះវិហារ និងរាជធានីភ្នំពេញ ក្នុងនោះពលករមានចំនួន២នាក់ និងពលការិនី៧នាក់ ដែលបានទៅធ្វើការ ដោយខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី និង៣នាក់ជាកុមារ (កូនរបស់ពល-ការិនីម្នាក់)។ ពលរដ្ឋខ្មែរទាំង១២នាក់នោះ បានមកដល់កម្ពុជាវិញ ជាបន្តបន្ទាប់ចន្លោះពីថ្ងៃទី០៣ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។

៣៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ចិន បានអន្តរាគមជួយសង្រ្គោះនិងរៀបចំមាតុភូមិនិវត្តន៍របស់ស្រ្តីខ្មែរចំនួន៧នាក់ មកពីខេត្តកណ្តាល កំពង់ចាម តាកែវ បាត់ដំបង ពោធិ៍សាត់ ព្រៃវែង និងស្វាយរៀង ដែលត្រូវបានមេខ្យល់នាំធ្វើដំណើរពីកម្ពុជាទៅរៀបការនិងស្នាក់នៅដោយខុសច្បាប់នៅក្នុងប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៣ និងដើមឆ្នាំ២០១៨។

ក្រសួងការបរទេស ក៏បានបញ្ជាក់ទៀតថា ចំពោះករណីទី៣នេះ ស្ថានអគ្គកុងស៊ុល បានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ហើយជូនស្រ្តីខ្មែរទាំង៧នាក់នោះ ហើយពួកគេនឹងមកដល់កម្ពុជាវិញ នៅយប់ថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០១៨នេះ៕

website_news/20180220604.txt · Last modified: 2018/06/25 14:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki