website_news:20180220605

ពលករខ្មែរ ធ្វើការក្រៅស្រុក នឹងងាយស្រួល ផ្ទេរប្រាក់ មកក្រុមគ្រួសារ ក្រោយធនាគារ ស្ថាបនា ចុះ MOU ជាមួយ Western Union

https://www.dap-news.com/kh/ ព្រហស្បតិ៍, ២១ មិថុនា ២០១៨ 18:07 ដោយ: ម៉ៅ ដារាត់ ID:119

ភ្នំពេញ៖ ធនាគារ ស្ថាបនា និង Western Union នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បានធ្វើការប្រកាស លើកិច្ចព្រមព្រៀង ផ្តល់សេវាកម្មផ្ទេរប្រាក់ ទូទាំងពិភពលោក របស់ Western Union មកកាន់បណ្តា សាខារបស់ខ្លួន (ធនាគារ ស្ថាបនា) ទូទាំងប្រទេស តាមរយៈសេវាកម្មនេះ ដោយអតិថិជនអាចធ្វើការផ្ញើ និងទទួលប្រាក់ យ៉ាងឆាប់រហ័ស ទូទាំងប្រទេសកម្ពុជា ជាពិសេស នឹងផ្តល់ភាពងាយស្រួលជាងមុន ដល់ពលករ ពលការិនីខ្មែរ ដែលចេញទៅរកប្រាក់ តាមរយៈចំណាក់ស្រុក ទៅតាមបណ្តាលប្រទេសនានា អាចផ្ញើប្រាក់ មកកាន់ក្រុមគ្រួសារ កាន់តែរហ័យ និងសុវត្ថិភាពជាងមុន ។

លោក KATO Norihiko ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមានប្រសាសន៍ថា «យើងមានសេចក្ដីរីករាយ ដែលបានសហការជាមួយ Western Union ដែលអនុញ្ញាតឱ្យ អតិថិជនរបស់យើង អាចតភ្ជាប់ទំនាក់ទំនងគ្នា ទៅវិញទៅមកស្ទើរគ្រប់ប្រទេស នៅលើពិភពលោក រួមទាំងក្នុងស្រុកផងដែរ»។ លោកបន្ថែមទៀតផងដែរថា “ការផ្ដល់ជូនអតិថិជន នូវភាពងាយស្រួល និងភាពជឿជាក់ របស់ Westurn Union មានសារៈសំខាន់ចំពោះយើង ហើយយើងមានមោទនភាព ក្នុង ការពង្រីកវិសាលភាព សេវាកម្មរបស់យើង” ។

គួររំលឹកថា បច្ចុប្បន្នមានប្រជាជនកម្ពុជា ជាងមួយលាននាក់ កំពុងបម្រើការងារនៅបរទេស ដែលភាគច្រើន នៅក្នុងប្រទេសថៃ។ ពលករកម្ពុជាក៏មាន នៅក្នុងប្រទេសផ្សេងៗទៀតផងដែរ មានដូចជា ប្រទេសកូរ៉េខាងត្បូង ប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុន។ បើយោងតាមសៀវភៅកំណត់ត្រា នៃការធ្វើចំណាក់ស្រុក និងការផ្ទេរប្រាក់ របស់ធនាគារពិភពលោក (World Bank)ឆ្នាំ ២០១៦ ប្រទេសកម្ពុជា គឺជាប្រទេសទទួលបា្រក់ ពីបរទេសធំជាងគេ លំដាប់ទី៨ នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដោយមានចំនួន ០,៩ ពាន់លានដុល្លាអាមេរិក។

លោក Arish Shrestha នាយកតំបន់ Western Union ប្រចាំតំបន់ឥណ្ឌូចិនបានមាន ប្រសានសន៍ថា “ប្រាក់ដែលបានផ្ញើ ដោយពលរដ្ឋកម្ពុជា រស់នៅ ក្រៅប្រទេស ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច នៅក្នុងក្រុមគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។ ខណៈ ដែលមានប្រជាជនកម្ពុជា កាន់តែច្រើនស្វែងរកការងារធ្វើ នៅឯក្រៅប្រទេស ដើម្បីរកប្រាក់មកចិញ្ចឹមក្រុមគ្រួសារ របស់ពួកគេនៅឯស្រុកកំណើតវិញ។ ការបេជ្ញាចិត្ត របស់យើង គឺធ្វើយ៉ាងណា បន្តពង្រីកវិសាលភាព នៃដំណើរការសេវាផ្ញើប្រាក់ពីក្រៅប្រទេស ក៏ដូចជាននៅក្នុងប្រទេស ឱ្យកាន់តែមានភាពងាយស្រួល” ។

លោក Shrestha បានបន្ថែមថា “យើងសូមស្វាគមន៍ធនាគារ ស្ថាបនា មកកាន់គ្រួសារ Western Union និងជឿជាក់ថា វិសាលភាពនៃបណ្ដាញសាខា របស់ពួកគេនឹង ផ្ដល់ភាពងាយស្រួល សម្រាប់សេវាកម្មផ្ទេរប្រាក់ ទាំងក្នុងស្រុក និងក្រៅស្រុក” ។ ភាពជាដៃគូជាមួយ នឹងធនាគារ ស្ថាបនានេះ មិនត្រឹមតែអាចបំពេញតម្រូវការ ហិរញ្ញវត្ថុរបស់អតិថិជន បានប៉ុណ្ណោះទេ ថែមទាំងជួយក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម របស់ប្រទេសផងដែរ៕

website_news/20180220605.txt · Last modified: 2018/06/22 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki