website_news:20180260601

ជនជាតិខ្មែររស់នៅប្រទេសថៃ ដែលសមត្ថកិច្ចកម្ពុជាកំណត់មុខសញ្ញាសង្ស័យថាជួញដូរមនុស្ស និងបានសហការផ្តល់ព័ត៌មានតាមប្រមាញ់អស់រយៈពេលជិតមួយឆ្នាំ ត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួន, ឯតុលាការខេត្តកំពង់ធំ បាន និងកំពុងវិនិច្ឆ័យទោសក្រុមផ្សំគំនិត៥នាក់ទៀត

https://www.innnews.co.th/crime/news 19-06-2018

ប្រទេសថៃ៖ ពីថ្ងៃទី១៩ ខែមិថុនា សប្ទាហ៍នេះ មន្រ្តីករិយាល័យ ប្រឆាំងបទឧ្ក្រឹដ្ឋជួញដូរមនុស្ស ពីនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ថៃ បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានចល័តតាមចាប់ខ្លួនជនសង្ស័យថាជួញដូរមនុស្ស នៅជិតទីក្រុងបាងកក ។ ជនសង្ស័យ ឈ្មោះ សំ វណ្ណា ជាជនជាតិខ្មែរ រស់នៅក្នុងប្រទេសថៃ បានរកកម្រៃបានយ៉ាងច្រើន ពីការលក់ពលករទេសន្តរប្រវេសន៍ជាជនជាតិខ្មែរ ទៅក្នុងប្រភេទការងារដោយបង្ខំ ក្នុងកប៉ាល់នេសាទថៃ នៅកំពង់ផែសមុទ្រប្រាកាន ជាច្រើនឆ្នាំមកហើយ ។ ការចាប់ខ្លួននេះ គឺបន្ទាប់ពីមានកិច្ចសហការស៊ើបអង្កេតជាមួយគ្នា រវាង DSI ថៃ និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស កម្ពុជា អស់រយៈពេលជាង ១០ខែមកហើយ ។ ក្នុងនោះក៏មានជំនួយកិច្ចសហការពីអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) សម្ព័ន្ធអង្គការចាប់ដៃផងដែរ ។

ប្រទេសកម្ពុជា៖ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៨ ក្រុមបណ្តាញពាក់ព័ន្ធនឹងឈ្មោះ សំ វណ្ណា ៥នាក់ទៀត ត្រូវបានតុលាការខេត្តកំពង់ធំ ធ្វើការវិនិច្ឆ័យទោសជាបឋម ដោយចោទប្រកាន់ពីបទល្មើសជួញដូរមនុស្ស ក្រោមច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ។ ជនសង្ស័យទាំង៥នាក់នេះ ត្រូវបានឃាត់ខ្លួន ដោយសមត្ថកិច្ចដឹកនាំដោយឧត្តមសេនីយ៍ឯកជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន (បច្ចុប្បន្នជាអគ្គលេខាធិការរង គ.ជ.ប.ជ) កាលពីខែកញ្ញា ឆ្នាំ២០១៧ ។ ការស៊ើបអង្កេតបន្ត ដឹកនាំដោយនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស សហការជាមួយអង្គភាព DSI ថៃ និងបានប្រមូលភស្តុតាងបានជុំ អំពីបណ្តាញជួញដូរមនុស្ស រួមទាំងអ្នកជ្រើសរើស និងអ្នកដឹកជញ្ជូន ក្នុងប្រទេសកម្ពុជា និងឈ្មួញកណ្តាលនៅប្រទេសថៃផងដែរ ។

ការចាប់ឃាត់ខ្លួន ឈ្មោះ សំ វណ្ណា នៅក្នុងប្រទេសថៃ និងដំណើរការផ្តន្ទាទោសអ្នករួមគំនិតនៅកម្ពុជា បង្ហាញអំពីប្រសិទ្ធភាពនៃកិច្ចសហការយ៉ាងពិតប្រាកដ ។ បណ្តាញជនជួញដូរមនុស្ស ត្រូវតែបានផ្សព្វផ្សាយឲ្យបានដឹងទូលំទូលាយ ថា អាជ្ញាធរ នឹងតាមប្រម៉ាញ់ជនល្មើស ទោះបីជានៅទីណាក៏ដោយ ឲ្យតែជាប្រទេសដែលមានកិច្ចសហការជាមួយគ្នា ។ សេចក្តីសម្រេចរបស់តុលាការ នឹងត្រូវបានប្រកាស នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ។ គ.ជ.ប.ជ

website_news/20180260601.txt · Last modified: 2018/06/26 15:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki