website_news:20180260602

បញ្ជូនជនសង្ស័យ៥នាក់ទៅតុលាការពាក់ព័ន្ធជួញដូរមនុស្សឆ្លងដែននិងពពោះជំនួស

https://www.dap-news.com/kh/ ថ្ងៃច័ន្ទ, ២៥ មិថុនា ២០១៨ 16:22 ដោយ: នាង សួគ៌ ID:119

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ ជនសង្ស័យប្រុសស្រី៥នាក់ប្រុសស្រី ត្រូវបានកម្លាំងនគរបាល ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនមកអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធអំពើលក់ដូរមនុស្ស សម្រាប់នាំឆ្លងដែនដោយខុសច្បាប់ តាមមាត្រា១៦ នៃច្បាប់ស្តីពីប្រឆាំងការជួញដូរមនុស្ស និងអន្តរការីរវាងអ្នកសុំកូន និងស្រ្តីពពោះជំនួស តាមមាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

កាលពីម៉ោង៦ល្ងាច ថ្ងៃទី២១ មិថុនា កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បានចុះបង្ក្រាបករណីលក់ដូរមនុស្ស សម្រាប់នាំឆ្លងដែន និងបទធ្វើអន្តរការីនៃអំពើ ពពោះជំនួស ឃាត់ខ្លួននារីរងគ្រោះ ចំនួន៣៣នាក់ និងជនសង្ស័យប្រុសស្រីចំនួន៥នាក់ ក្នុងនោះប្រុសម្នាក់ជាជនជាតិចិន។ ប្រតិបត្តិការនេះធ្វើឡើង ចំណុចផ្ទះវីឡាលេខ២A ផ្លូវ៣៤៨ និងផ្ទះវិឡាលេខ៩A ផ្លូវ៣៤៨ ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ តាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ។

តាមសមត្ថកិច្ច ជនស្ស័យទាំង៥នាក់ មានបុរសជនជាតិចិនទី១-ឈ្មោះ LiU QIANG ជនជាតិចិន ភេទប្រុស អាយុ៤៩ឆ្នាំ ជាមេការ។ ស្រ្ដីសង្ស័យទី២-ឈ្មោះ ស្វាយ ស៊ីណុច ភេទស្រី អាយុ៣៤ឆ្នាំ។ស្រ្ដីសង្ស័យទី៣-ឈ្មោះ គឿន ស្រីឡាង ភេទស្រី អាយ២៧ឆ្នាំ។ស្រ្ដីសង្ស័យទី៤-ឈ្មោះ លឹម សុភាព ភេទស្រី អាយុ១៩ឆ្នាំ និងស្រ្ដីសង្ស័យទី៥-ឈ្មោះ ថៃ ភាព ភេទស្រី អាយុ៤៣ឆ្នាំ (ស្រ្តី៤នាក់នេះសុទ្ធតែជាជនជាតិខ្មែរ) ។ ក្នុងប្រតិបត្តិការនេះ ផ្ទះទី១ ផ្ទះផ្ទះលេខ២A ផ្លូវ៣៤៨ ឃាត់ខ្លួនមនុស្សបានចំនួន២៥នាក់ ប្រុស២នាក់ ដែលបុរសម្នាក់ ឈ្មោះ LlU QlANG ភេទប្រុស អាយុ៤៩ឆ្នាំ (ជនជាតិចិន) និងរថយន្ត១គ្រឿង ម៉ាក់ស្តារិច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ២A -៦៨៨៣ ម៉ូតូហុងដា today ពណ៌ខ្មៅ ១គ្រឿង និងផ្ទះទី២ ផ្ទះលេខ៩A ផ្លូវ៣៤៨ ឃាត់ខ្លួនបាន មនុស្សចំនួន១៨នាក់ រួមទាំងក្មេង២នាក់ និងរថយន្ត១គ្រឿងម៉ាក់Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២C-៨៨៦៣។ថែមទាំងដកហូតឯកសារមួយចំនួន រួមមាន លិខិតឆ្លងដែនមួយចំនួន និងឯកសារពាក់ពន្ធ័។ ក្រោយពេលចប់ប្រតិបត្តិការ កម្លាំងនគរបាល នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនមនុស្សចំនួន៤៥នាក់ (ក្មេង២នាក់) ប្រុស២នាក់ (ប្រុសជនជាតិចិនម្នាក់) ក្នុងនោះស្រ្តីដែរមានផ្ទៃពោះ មានចំនួន៣៣នាក់។ ចំណែកមនុស្សផ្សេងទៀត មិនពាក់ព័ន្ធ ត្រូវនគរបាលឲ្យត្រឡប់ទៅវិញ។ សម្រាប់ស្រ្តីពពោះជំនួស ចំនួន៣៣នាក់ បញ្ជួនទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ។

ប្រភពពីនារីរងគ្រោះឲ្យដឹងថា ខ្លួនរាល់ថ្ងៃធ្វើការនៅរោចក្រ បន្ទាប់មកក៏មានមិត្តភក្តិ បបួលដោយនិយាយថា បានលុយច្រើន រហូតដល់១ម៉ឺនដុល្លារ ក៏យល់ព្រម ពេលនោះ មិត្តភ័ក្រ្តក៏បានឲ្យម៉ូតូឌុប ឌុបយកទៅបុរីវិមានភ្នំពេញ តែម្ដង។ នារីរងគ្រោះឲ្យដឹងទៀតថា ពេលរូបនាង បានសម្រេចចិត្តធ្វើការងារ ស៊ីឈ្នួលពពោះនេះ ពេលនោះគេក៏បាននាំ ទៅមន្ទីពេទ្យ ដើម្បីបាញ់មេជីវិត ចូលដោយបានឈ្នួលក្នុងតម្លៃ ពពោះកូន១ បានចំនួន១ម៉ឺនដុល្លារ គិតចាប់ពីខែដំបូង ឲ្យចំនួន៥០០ដុល្លារ ខែបន្ទាប់ៗមកទៀត៣០០ដុល្លារ រហូតដល់កើត ទើបទទួលបានចំនួន ៦០០០ដុល្លារបន្ថែមទៀត។ ជាការកត់សំគាល់ លក្ខណៈពិសេស នៃការពពោះជំនួស ក្នុងករណីនេះ ពេលជិតដល់សម្រាល គឺក្រុមហ៊ុនបញ្ជូនស្ត្រីពពោះ ទៅប្រទេសចិន ហើយសម្រាលកូនរួច ទើបបញ្ជូនមកស្រុកខ្មែរវិញ ហើយប្រគល់លុយបង្គ្រប់១ម៉ឺនដុល្លារ៕

website_news/20180260602.txt · Last modified: 2018/06/26 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki