website_news:20180260605

ឧទ្ធរណ៍បន្ថយទោស ស្ដ្រីម្នាក់រឿងប៉ងនាំនារីទៅយកប្ដីចិន

https://www.postkhmer.com/ គឹម សារុំ | Publication date 26 June 2018 | 10:38 ICT

ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីម្សិលមិញបានប្រកាសសាលដីកាបន្ថយទោសស្ត្រីជាប់ចោទម្នាក់ពីជាប់គុក ៨ ឆ្នាំមក៧ ឆ្នាំវិញបន្ទាប់ពីជំនុំជម្រះជាថ្មីកាលពីថ្ងៃទី១១ ខែមិថុនាក្រោយពេលតុលាការកំពូលបង្វិលឲ្យជម្រះឡើងវិញករណីនាំនារីខ្មែរ ២ នាក់ក្នុងបំណងទៅការប្តីនៅប្រទេសចិនប្រព្រឹត្តកាលពីឆ្នាំ ២០១៥ នៅរាជធានីភ្នំពេញ។ នៅចំពោះមុខស្ត្រីជាប់ចោទក្នុងបន្ទប់សវនាការលោកចៅក្រម ប្លង់ សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអានសាលដីកាថា៖ «ស្ត្រីជាប់ចោទឈ្មោះ អ៊ុក វ៉ាន់នី ដែលសំណុំរឿងបានបង្វិលពីតុលាការកំពូល ហើយក្រោយពីឧទ្ធរណ៍ជំនុំជម្រះគឺសម្រេចបន្ថយទោស ១ ឆ្នាំដល់ស្ត្រីជាប់ចោទ។ ការបន្ថយទោសនេះដោយមូលហេតុថាស្ត្រីជាប់ចោទប៉ុនប៉ងនាំនារីរងគ្រោះបម្រុងទៅប្រទេសចិន និងរក្សាប្រាក់សំណងនៅដដែល»។

គួររំឭកថាកាលពីជំនុំជម្រះនៅថ្ងៃទី ៥ ខែមេសាឆ្នាំ ២០១៦ ស្ត្រីជាប់ចោទត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់គុក ៩ ឆ្នាំចោទពីបទ «ប៉ុនប៉ងនាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន» និងបង្គាប់ឲ្យសងប្រាក់ទៅនារីរងគ្រោះម្នាក់ ២ លានរៀល។ ឯឈ្មោះ អ៊ុក ចំរើន ជាកូនប្រុសស្ត្រីជាប់ចោទឲ្យរួចខ្លួន។ ប៉ុន្តែស្ត្រីជាប់ចោទបានប្តឹងឧទ្ធរណ៍ហើយត្រូវសាលាឧទ្ធរណ៍បន្ថយទោសមកត្រឹម ៨ ឆ្នាំវិញ តែរក្សាប្រាក់សំណងទៅនារីរងគ្រោះម្នាក់ ២ លានដដែល។ នេះបើតាមកំណត់ហេតុរបស់តុលាការ។

កំណត់ហេតុដដែលបញ្ជាក់ថាដោយមិនសុខចិត្ត ស្ត្រីជាប់ចោទបានប្តឹងសារទុក្ខទៅតុលាការកំពូលហើយត្រូវតុលាការកំពូលបង្វិលសំណុំរឿងមកឲ្យសាលាឧទ្ធរណ៍ជំនុំជម្រះឡើងវិញ ព្រោះយល់ថាការសម្រេចរបស់សាលាឧទ្ធរណ៍ផ្ទុយនឹងមាត្រា ១១ នៃច្បាប់ស្តីពីការជួញដូរមនុស្ស និងមាត្រា ២២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ដោយឡែកតាមកំណត់ហេតុនគរបាលបានបង្ហាញថាស្ត្រីឈ្មោះ អ៊ុក វ៉ាន់នី អាយុ ៦០ ឆ្នាំបានលួងលោមនារីខ្មែរ ២ នាក់ឈ្មោះ វ៉ាត លី អាយុ ២០ ឆ្នាំ និងឈ្មោះ សំ ស្រីទូច អាយុ ២២ ឆ្នាំថាទៅធ្វើការនៅចិនបានប្រាក់ខែ ៨០០ ដុល្លារក្នុង ១ ខែ។ បន្ទាប់ពីនារីរងគ្រោះយល់ព្រមស្ត្រីជាប់ចោទក៏ចេញលុយ ១៥០ ដុល្លារក្នុងម្នាក់ដើម្បីរត់ការលើឯកសារ។ កំណត់ហេតុនគរបាលបន្តថាដោយដឹងថាខ្លួនអាចចាញ់បោកស្ត្រីជាប់ចោទ នារីរងគ្រោះឈ្មោះ វ៉ាត លី បានប្តឹងទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សក្រសួងមហាផ្ទៃ។ លុះដល់ថ្ងៃ ២៤ មិថុនា ឆ្នាំ ២០១៥ កូនប្រុសរបស់ស្ត្រីជាប់ចោទ ឈ្មោះ អ៊ុក ចំរើន បានជិះម៉ូតូឌុបនារីរងគ្រោះមកផ្ទះស្ត្រីជាប់ចោទក្នុងបំណងជិះរថយន្តក្រុងនាំចេញតាមច្រកព្រំដែនវៀតណាម តែត្រូវនគរបាលឃាត់ខ្លួននាថ្ងៃនោះនៅភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ កាលពីថ្ងៃជំនុំជម្រះនៅសាលាឧទ្ធរណ៍ស្ត្រីជាប់ចោទបានឆ្លើយថា នារីរងគ្រោះ ឈ្មោះ សំ ស្រីទូច គឺត្រូវជាកូនធម៌របស់ខ្លួនហើយពេលនោះនាងខឹងអ្នកស្រីហាមមិនឲ្យនិយាយទូរស័ព្ទច្រើន ក៏ប្តឹងថាអ្នកស្រីនាំនាងទៅចិនតែម្ដងទៅ។

ចំណែកនារីម្នាក់ទៀតឈ្មោះ វ៉ាត លី គឺម្តាយនាងសុំឲ្យអ្នកស្រីជួយណែនាំទៅធ្វើការនៅចិន ព្រោះម្តាយគាត់ដឹងថា អ្នកស្រីមានកូនស្រី ២ នាក់នៅចិន៕

website_news/20180260605.txt · Last modified: 2018/06/26 15:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki