website_news:20180270602

ប្រទេសថៃ ៖ ពលករបរទេស ដែលគ្មានឯកសារនឹងត្រូវចាប់ខ្លួនចាប់ពីថ្ងៃទី០១ ខែកក្កដា

https://wmc.org.kh/ ថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨ លៀ ស៊ីណា

ភ្នំពេញ ៖ ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ បានចេញសេចក្ដីជូនដំណឹងមួយ ដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី២៦ ខែមិថុនានេះ បញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ តទៅ អាជ្ញាធរថៃនឹងចុះអនុវត្ដច្បាប់ស្ដីពី ការគ្រប់គ្រង ការធ្វើការងារ របស់ពលករបរទេស នៅក្នុងប្រទេសនេះ។

ស្ថានទូតកម្ពុជា បញ្ជាក់ទៀតថា ដើម្បីគេចផុតពីការចាប់ខ្លួន បញ្ជូនចេញពីប្រទេសថៃ ក៏ដូចជាការផាកពិន័យ ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ត្រូវរួសរាន់ទៅស្នើសុំការធ្វើលិខិតបញ្ជាក់អត្ដសញ្ញាណ បន្ដសុពលភាពប័ណ្ណមិនមែនសញ្ញាតិថៃ ស្នើសុំទិដ្ឋាការស្នាក់នៅ ឲ្យបានមុនថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ សម្រាប់ការិយាល័យបញ្ជាក់អត្ដសញ្ញាណកម្ពុជា។ លើសពីនេះស្ថានទូតកម្ពុជា ប្រាប់ឲ្យដឹងថា មជ្ឈមណ្ឌលច្រកចេញចូលតែមួយ (OSS) របស់ភាគីថៃ នឹងបិទបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ដោយគ្មានការពន្យាពេលឡើយ។ ចំណែកការិយាល័យបញ្ជាក់អត្ដសញ្ញាណជូនពលករកម្ពុជា នឹងបិទបញ្ចប់នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។

ជាមួយគ្នានេះ ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ ក៏បញ្ជាក់បន្ថែមដែរថា ចំពោះពលករកម្ពុជា ដែលធ្វើការនៅក្នុងប្រទេសថៃ ដែលមិនមានឯកសារស្របច្បាប់ សូមទំនាក់ទំនងទៅស្ថានទូត ដើម្បីសុំ លិខិតធ្វើដំណើរបណ្ដោះអាសន្នប្រភេទថ្មី (Laisses-Passer) ធ្វើដំណើរត្រឡប់មកកម្ពុជាវិញ រៀបចំឯកសារស្របច្បាប់ និងត្រឡប់ចូលទៅការនៅប្រទេសថៃវិញតាមរយៈ MOU៕

website_news/20180270602.txt · Last modified: 2018/06/27 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki