website_news:20180280601

នាយករដ្ឋមន្ត្រីនៃកម្ពុជា៖ ការរកការងារជូនពលរដ្ឋនៅក្រៅប្រទេស គឺជានយោបាយមួយ បានធ្វើឲ្យជីវភាពពលរដ្ឋកាន់តែប្រសើរ

http://www.freshnewsasia.com/index.php/ 2018-06-28

(កំពង់ឆ្នាំង)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលកំពុងបាញ់ឆ្ពោះអភិវឌ្ឍវិស័យឧស្សាហកម្ម សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានថ្លែងថា ការរកការងារជូនប្រជាពលរដ្ឋនៅក្រៅប្រទេស គឺជានយោបាយមួយ ក្នុងការស្វែងរកការងារជូនប្រជាពលរដ្ឋ ហើយតាមរយៈការងារនោះ បានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។ ក្នុងឱកាសបានបន្តអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ កម្មការិនី សរុប២១,៤៦៥នាក់ មកពីរោងចក្រចំនួន១៤ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកមិញនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងតែខិតខំបើកទីផ្សារការងារនៅប្រទេសដ៏ទៃផ្សេងទៀត ដែលមានប្រាក់ចំណូលខ្ពស់ ដូចជានៅមជ្ឈិមបូព៌ាជាដើម

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងសង្កេតឃើញថា គ្រួសារដែលមានកូនធ្វើជាកម្មកររោងចក្រនៅក្នុងប្រទេស និងទៅធ្វើការនៅក្រៅប្រទេស ឥលូវស្ថានភាពគ្រួសារនោះ បានធូរស្រាលជាងពេលមុន ផ្ទះសម្បែងក៏ល្អជាងពេលមុន ដោយសារតែប្រាក់ចំណូល បានពីរគួបផ្សំគ្នា ដែលម្ខាងបានមកពីឪពុកម្ដាយធ្វើវិស័យកសិកម្ម ឬធ្វើមុខរបរផ្សងៗទៀត ឯម្ខាងទៀតគឺបានមកពីក្មួយៗ ដែលជាកូនចៅ ឬជាប្រពន្ធធ្វើការជាកម្មការិនីរោងចក្រ»។ និយាយដល់ចំណុចនេះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានឆ្លើយតបចំពោះអ្នករិះគន់សម្តេចថា ដឹកនាំធ្វើឲ្យប្រជាជនធ្វើការ នៅក្រៅប្រទេសកាន់តែច្រើននោះ សម្តេចបានបញ្ជាក់ថា វាមិនមែនជារឿងចម្លែកនោះទេ ព្រោះមានប្រទេសជាច្រើន បានបញ្ជូនពលរដ្ឋខ្លួន ទៅធ្វើការនៅក្រៅប្រទេស។ បើតាមសម្ដេចតេជោ ហ៊ុន សែន គ្រាន់តែហ្វីលីពីន មានប្រជាពលរដ្ឋធ្វើការនៅក្រៅប្រទេសជាង១០លាននាក់ ហើយការរកការងារជូនប្រជាពលរដ្ឋ ធ្វើការនៅក្រៅប្រទេសនេះ ជានយោបាយមួយ ជួយរកការងារជូនប្រជាពលរដ្ឋ ហើយសម្តេចកំពុងចរចាសុំឲ្យកូរ៉េខាងត្បូង បង្កើនការទទួលកម្មករខ្មែរ ឲ្យបានកាន់តែច្រើនថែមទៀត។

សូមជម្រាបថា គិតត្រឹមដើមឆ្នាំ២០១៨ ពលករកម្ពុជាដែលកំពុងតែបំពេញការងារនៅក្រៅប្រទេស មានប្រមាណ១លាន៥ម៉ឺននាក់ ក្នុងនោះនៅប្រទេសថៃមានជាង១លាននាក់ ក្រៅពីនេះមាននៅកូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី និងហុងកុង។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ដើម្បីឲ្យកម្មករ កម្មការិនីទទួលបានការងារធ្វើ និងទទួលបានក្តីសុខដូចពេលបច្ចុប្បន្ននេះ គឺជីដូនជីតា និងឪពុកម្តាយ បានធ្វើពលីកម្មច្រើនណាស់ ជាមួយសម្តេចតេជោ ហ៊ុន សែន ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្វើចលនាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព។ សម្ដេចតេជោ ហ៊ុន សែន ក៏មិនភ្លេចនូវការថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមការពារនូវសុខសន្តិភាព ដែលរកមកបានដោយលំបាកនេះ ហើយដើម្បីរក្សាបាននូវសុខសន្តិភាពនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការស្រេចទៅហើយ៕

website_news/20180280601.txt · Last modified: 2018/06/28 14:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki