website_news:20180290601

លោក ហ៊ុន សែន ថាការរកការងារធ្វើនៅក្រៅប្រទេសជានយោបាយធ្វើឲ្យជីវភាពពលរដ្ឋល្អប្រសើរ

https://www.rfa.org/khmer/news/ ដោយ តាំង សារ៉ាដា 2018-06-28

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការរកការងារជូនប្រជាពលរដ្ឋ ទៅធ្វើការនៅក្រៅប្រទេស គឺជាគោលនយោបាយ មួយធ្វើឲ្យពលរដ្ឋមានជីវភាពល្អប្រសើរ ហើយបញ្ហាចំណាកស្រុក ជាបញ្ហាសកល។ ពលរដ្ឋ និងសង្គមស៊ីវិល ថា ការលើកឡើងរបស់ លោក ហ៊ុន សែន គឺមិនបានគិតដល់ពលករដែលរងគ្រោះនោះទេ។ ពួកគេជំរុញឲ្យរបបលោកហ៊ុន សែន គួរតែព្យាយាមបង្កើតទីផ្សារការងារឲ្យបានច្រើនសម្រាប់ពលករដែលអត់មានជំនាញ ជាជាងបញ្ជូនពួកគាត់ ឬទុកឲ្យគាត់បង្ខំចិត្តចំណាកស្រុក ព្រោះពួកគាត់ងាយប្រឈមនឹងរងគ្រោះដោយមូលហេតុផ្សេងៗ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងការពារខ្លួនជុំវិញរឿងដែលគេរិះគន់បញ្ហាពលរដ្ឋខ្មែរចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសជាបន្តបន្ទាប់ ក្រោមរបបគ្រប់គ្រងរបស់លោកជាង ៣០ឆ្នាំ ថា បញ្ហាចំណាកស្រុកមិនមែនតែពលរដ្ឋខ្មែរនោះទេ ពោលគឺប្រជាពលរដ្ឋប្រទេសដទៃក៏ធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសដែរ។ថ្លែងក្នុងពិធីឃោសនារកសន្លឹកឆ្នោតពីកម្មករនៅខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា លោក ហ៊ុន សែន អះអាងថា ការរកការងារឲ្យ ប្រជាពលរដ្ឋចេញទៅធ្វើនៅក្រៅប្រទេសនេះ គឺជាគោល នយោបាយ មួយដែលបានធ្វើឲ្យប្រជាពលរដ្ឋ មានជីវភាពល្អប្រសើរ។ «»

ថ្វីដ្បិតតែមានការរិះគន់រឿងបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសក្តី លោក ហ៊ុន សែន នៅតែមានគម្រោងបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសមួយចំនួនទៀត ទាំងនៅតំបន់អាស៊ាន និងតំបន់មជ្ឈិមបូព៌ា។ ផ្ទុយពីការលើកឡើងរបស់លោក ហ៊ុន សែន នេះ ពលការិនីខ្មែរនៅប្រទេសថៃម្នាក់ ឈ្មោះ អុំ ស្រីដាវ រៀបរាប់ថា នាងបានបង្ខំចិត្តធ្វើចំណាកស្រុកចាកចោលផ្ទះសម្បែង និងគ្រួសារជាង៦ឆ្នាំហើយ ប៉ុន្តែនៅតែមិនមានជីវភាពល្អប្រសើរឡើយ។ រយៈពេលជាង ៦ឆ្នាំ ពលការិនីរូបនេះ អះអាងថា នាងរកបានប្រាក់ចំណូលតិចតួចគ្រាន់តែសម្រាប់ដោះទាល់ ឬសម្រាប់ផ្គត់ផ្គងគ្រួសារ នៅស្រុកកំណើតពីរមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះ។ «» ពលការិនីរូបនេះ បន្តថា គ្មានអ្នកណាចង់បែកបាក់គ្រួសារនោះទេ ប៉ុន្តែដោយសារតែកត្តាជីវភាព ព្រោះនៅស្រុកកំណើតគ្មានមុខរបរ ឬប្រាក់ឈ្នួលទាប ហើយធ្វើស្រែចម្ការ គ្មានទីផ្សារសម្រាប់លក់កសិផលទើបបង្ខំចិត្តចំណាកស្រុកទាំងប្រថុយប្រថានបែបនេះ។

កន្លងទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក អ៊ិត សំហេង ឲ្យដឹងថា បច្ចុប្បន្នមានពលករកម្ពុជាជាង ១.២លាននាក់ កំពុងធ្វើការងារនៅបរទេស ហើយបាននាំយកប្រាក់ចំណូលមកក្នុងប្រទេសវិញជិត២លានដុល្លារក្នុង១ឆ្នាំ ព្រមទាំងទទួលបានមុខ ជំនាញវិជ្ជាជីវៈ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ។

មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា បញ្ហាចំណាកស្រុកមិនអាក្រក់ទាំងអស់នោះទេ ហើយលោកទទួលស្គាល់ថា ប្រទេសណាក៏មានពលករទៅធ្វើការនៅប្រទេសគេផ្សេងៗដែរ ប៉ុន្តែពលករប្រទេសគេមិនមែនធ្វើចំណាកស្រុកដោយបង្ខំចិត្តឡើយ គឺជាជម្រើស ហើយប្រជាពលរដ្ឋគេទៅធ្វើការក្នុងឋានៈជាពលករជំនាញ ឬអ្នកគ្រប់គ្រងតែម្ដង ខុសឆ្ងាយពីពលរដ្ឋខ្មែរដែលធ្វើការនៅក្រៅប្រទេសក្នុងឋានៈជាពលករប្រើកម្លាំង និងទទួលបានប្រាក់ខែទាប ហើយងាយរងគ្រោះ។ លោកសង្កេតឃើញថា ពលករខ្លះដែលអាចរកចំណូលបានជួយគ្រួសារនោះ គឺអាស្រ័យលើសំណាងល្អរបស់ខ្លួនដែលជួបថៅកែ និងក្រុមហ៊ុនល្អ ប៉ុន្តែមិនមែនដោយសារ តែប្រព័ន្ធបញ្ជូនពលកររបស់រដ្ឋាភិបាលនោះទេ។ លោកបន្តថា របបលោក ហ៊ុន សែន ក៏មិនគួរប្រៀបធៀបប្រទេសកម្ពុជាជាមួយនឹងប្រទេសហ្វីលីពីនដែរ ព្រោះប្រទេសគេមានប្រព័ន្ធការពារពលករ បានយ៉ាងល្អ ខុសឆ្ងាយពីកម្ពុជា។ «» លោក ឌី ថេហូយ៉ា ឲ្យដឹងដែរថា តាមរបាយការណ៍ស្រាវជ្រាវរបស់ថៃមួយចំនួន បង្ហាញថា លក្ខខណ្ឌការងាររបស់ពលករខ្មែរ គឺ អាក្រក់ជាងគេ បើប្រៀបធៀបជាមួយនឹងប្រទេស ភូមា និងឡាវ ដោយសារ តែពលករខ្មែរ អត់មានជំនាញ និងមិនមានប្រព័ន្ធការការពារ និងការយកចិត្តទុកដាក់ ពីរដ្ឋស្ថាប័នជំនាញ ឬរដ្ឋាភិបាល។ លោក ឌី ថេហូយ៉ា ផ្ដល់មតិថា ជម្រើសទីមួយ គឺរដ្ឋាភិបាល គួរតែពិចារណាបង្កើតមុខរបរ និងការងារក្នុងស្រុកឲ្យបានច្រើនសម្រាប់ពលករដែលអត់មានជំនាញ ជាជាងបញ្ជូនពួកគាត់ ឬទុកឲ្យគាត់បង្ខំចិត្តចំណាកស្រុកទៅរកការងារធ្វើការនៅក្រៅប្រទេស។ ជម្រើសទី២ ប្រសិនបើរដ្ឋាភិបាល មិនទាន់អាចកាត់បន្ថយបញ្ហាចំណាកស្រុក បានទេ គឺរដ្ឋាភិបាល ត្រូវពង្រឹងប្រព័ន្ធការពារពលករ តាមដានក្រុមហ៊ុនបញ្ជូន និងទទួលពលករដើម្បីធានាកុំឲ្យពលករចាញ់បោក និងរងគ្រោះ។ ទន្ទឹមគ្នា នេះ រដ្ឋត្រូវផ្ដល់វិជ្ជាជីវៈ ឬជំនាញដល់ពលករមុន ចេញទៅធ្វើការ។ បន្ទាប់ពីពលករបញ្ចប់កុងត្រា ការងារ នៅក្រៅប្រទេស រដ្ឋត្រូវរៀបចំគម្រោងធ្វើមាតុភូមិនិវត្តន៍ដើម្បី ផ្ដល់ឱកាសឲ្យពលករយក បទពិសោធន៍និងជំនាញនៅប្រទេសផ្សេងៗ មកបម្រើការងារនៅក្នុងស្រុកវិញ។ «»

កាលពីចុងឆ្នាំ២០១៧ ក្នុងរបាយការណ៍រួមគ្នារបស់អង្គការពលកម្មអន្តរជាតិ ហៅកាត់ថា (ILO) និងអង្គការទេសន្តរប្រវេសក៍អន្តរជាតិ ហៅកាត់ថា (IOM) បានរកឃើញថា ពលករចំណាកស្រុកខ្មែរ ៨នាក់ក្នុងចំណោម ១០នាក់ត្រូវបានរំលោភបំពានសិទ្ធិការងារ និង៧នាក់ក្នុងចំណោម ១០នាក់ បានកើតជំងឺផ្លូវចិត្ត។ ពលករខ្មែរចំណាកស្រុកទៅក្រៅប្រទេសត្រូវបានឲ្យដឹងថា មានចំនួន ១លាន ១សែន ៥ម៉ឺននាក់ ដែលក្នុងចំនួននេះ ពលរដ្ឋខ្មែរមានអវត្តមាននៅប្រទេសថៃជាង ១លាននាក់។ តាមរបាយការណ៍ដដែលនេះ ពលការិនី បម្រើការងារតាមផ្ទះ ត្រូវបានរំលោភសិទ្ធិការងារនិងជួបប្រទះការកើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរក្រោយពេលពួកគេត្រឡប់មកកាន់ទឹកដីកំណើតវិញ។ជាការពិតណាស់! ជារៀងរាល់ខែ គេតែឃើញក្រសួងការបរទេសកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានអំពីការជួយសង្គ្រោះ និងការបញ្ជូនពលករ-ពលការិនីខ្មែរពីក្រៅប្រទេសវិញ ជាបន្តបន្ទាប់ ដោយសារតែពួកគេ ត្រូវបានមេខ្យល់បោកប្រាស់ថៅកែធ្វើបាបជាដើម។ ពលកររងគ្រោះទាំងនោះ ភាគច្រើនទៅធ្វើការនៅម៉ាឡេស៊ី ថៃ និងប្រទេសចិន។

អង្គការសង្គមស៊ីវិល ថាមូលហេតុដែលពលរដ្ឋខ្មែរភាគច្រើនបង្ខំចិត្តធ្វើចំណាកស្រុកនេះ គឺបង្ហាញឲ្យឃើញថា រដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តគោលនយោបាយដីធ្លី និងកសិកម្ម និងកង្វះការងារ ដែលមានប្រាក់ខែសមរម្យសម្រាប់ពលរដ្ឋធ្វើការនៅក្នុងស្រុក៕

website_news/20180290601.txt · Last modified: 2018/06/29 14:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki