website_news:2018030102

កម្ពុជាសង្ឃឹមថាការសុំកូនចិញ្ចឹម នឹងមានភាពល្អប្រសើរ ក្រោយមាននីតិវិធីថ្មី

https://khmer.voanews.com/ 03 មករា 2018 ស៊ុន ណារិន

ភ្នំពេញ៖ រយៈពេលច្រើនឆ្នាំបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានផ្អាកការសុំកូនខ្មែរយកទៅចិញ្ចឹមក្រៅប្រទេស ដើម្បីរៀបចំនីតិវិធីមួយចំនួន ប្រទេសចំនួនបីបានចុះកិច្ចព្រមព្រៀងស្មុំកូនជាមួយរដ្ឋាភិបាលកម្ពុជា ដោយកម្ពុជាសង្ឃឹមថា ការសុំកូនចិញ្ចឹមនេះ នឹងមានភាពល្អប្រសើរឡើង។ នេះបើយោងតាមមន្រ្តីនៃអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេស។ កម្ពុជា បានសម្រេចផ្អាកការស្មុំកូនអន្តរប្រទេសទាំងអស់ ចាប់ពីឆ្នាំ២០១១ ដោយសារប្រទេសនេះ ស្ថិតក្នុងដំណាក់កាលនៃការរៀបចំគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍នានា ក្នុងការធានាឲ្យមានដំណើរការស្មុំកូនអន្តរប្រទេស ស្របតាមច្បាប់ជាតិ អន្តរជាតិ ប្រកបដោយក្រមសីលធម៌ តម្លាភាព ដើម្បីការពារឧត្តមប្រយោជន៍របស់កុមារដែលជាកម្មវត្ថុស្មុំកូនអន្តរប្រទេស។ ការផ្អាកស្មុំកូននេះ ធ្វើឡើង ចំពេលដែលមានសេចក្ដីរាយការណ៍អំពីការជួញដូរកុមារ ដូចជាការលក់ដូរក្មេងទៅឱ្យមណ្ឌលកុមារកំព្រា និងបញ្ហាពុករលួយផ្សេងៗ។

ទោះជាយ៉ាងណា កាលពីខែមីនា ឆ្នាំ២០១៥ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្តីជូនដំណឹងមួយ ដោយលើកឡើងថា កម្ពុជា នឹងចាប់ផ្តើមចុះឈ្មោះទីភ្នាក់ងារស្មុំកូនអន្តរប្រទេស ហើយប្រកាសស្វាគមន៍ប្រទេសណាដែលមានបំណងចុះកិច្ចព្រមព្រៀងស្មុំកូនពីប្រទេសកម្ពុជា។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា៖ «កម្ពុជានឹងចាប់ផ្តើមដំណើរការស្មុំកូនអន្តរប្រទេសជាមួយនឹងកុមារដែលមានតម្រូវការពិសេស បន្ទាប់ពីអស់លទ្ធភាពស្វែងរកឪពុកម្តាយចិញ្ចឹមក្នុងប្រទេស ឬអ្នកអាណាព្យាបាលស្របច្បាប់សម្រាប់អនីតិជន»។

អ្នកនាង សៅ សំភ័ស ប្រធានការិយាល័យអនុវត្តនីតិវិធីស្មុំកូនអន្តរប្រទេសនៃក្រសួងសង្គមកិច្ច បានថ្លែងប្រាប់ VOA ថា មកដល់ពេលនេះ មានប្រទេសចំនួនបី បានចុះកិច្ចព្រមព្រៀម ដើម្បីបើកទីភ្នាក់ងារស្មុំកូននៅក្នុងប្រទេសកម្ពុជា ក្នុងនោះ មានប្រទេសម៉ាល់ត៍ (Malta) អ៊ីតាលី និងតំបន់ Catalonia នៃប្រទេសអេស្ប៉ាញ។ អ្នកនាងបន្តថា ប្រទេសផ្សេងទៀត ក៏កំពុងដំណើរការចរចា ដើម្បីចុះកិច្ចព្រមព្រៀងជាមួយកម្ពុជាផងដែរ ក្នុងនោះ រួមមានប្រទេសបែលហ្ស៊ិក នូវែលសែឡង់ ប្រេស៊ីល ន័រវែស និងរដ្ឋ Quebec នៃប្រទេសកាណាដាជាដើម។ អ្នកនាង សៅ សំភ័ស មានប្រសាសន៍ថា៖ «រដ្ឋាភិបាលប្រទេសកម្ពុជា ស្វាគមន៍ចំពោះប្រទេសផ្សេងៗ ដែលចង់មកចុះកិច្ចព្រមព្រៀងទ្វេភាគី កំណត់ទីភ្នាក់ងារឲ្យប្រតិបត្តិការលើការងារស្មុំកូនហ្នឹង»។ អ្នកនាងបន្ថែមថា រដ្ឋាភិបាល បានរៀបចំបានល្អ ដើម្បីស្វាគមន៍ការស្មុំកូនអន្តរប្រទេស ដោយសង្ឃឹមថា ច្បាប់ស្ដីពីការស្មុំកូនអន្តរប្រទេស ដែលត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីឆ្នាំ២០០៩ និងនីតិវិធីផ្សេងៗ អាចធ្វើឲ្យប្រសើរឡើងនូវការសុំកូនចិញ្ចឹម និងធានាផលប្រយោជន៍ដល់ក្មេង។អ្នកនាងមានប្រសាសន៍ថា៖ «ច្បាប់យើងមានមែន ប៉ុន្តែយើងត្រូវការលិខិតបទដ្ឋានគតិយុត្តិមួយចំនួន ដើម្បីសម្របសម្រួលឲ្យអនុវត្តច្បាប់បាន»។

ប្រទេសកម្ពុជា បានក្លាយជាសមាជិកនៃអនុសញ្ញាក្រុងឡាអេ ស្តីពីការការពារកុមារ និងសហប្រតិបត្តិការទាក់ទងនឹងស្មុំកូនអន្តរប្រទេស កាលពីឆ្នាំ២០០៧។ មុនពេលកម្ពុជាសម្រេចផ្អាកការស្មុំកូន ក្មេងកម្ពុជាដែលត្រូវបានសុំទៅក្រៅប្រទេស មានចំនួន៣៦៩៦នាក់ ក្នុងនោះមានក្មេងស្រីចំនួន១៨៦៥នាក់។ នេះបើយោងតាមគេហទំព័ររបស់អាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេស។ ក្មេងទាំងនោះត្រូវបានសុំទៅប្រទេសជាច្រើន ដូចជាប្រទេសបារាំង សហរដ្ឋអាមេរិក បែលហ្ស៊ិក កាណាដា អ៊ីតាលី អង់គ្លេស ម៉ាល់ត៍ អេស្ប៉ាញ អាហ្រ្វិកខាងត្បូង អាល្លឺម៉ង់ អូស្រ្តាលី ន័រវែស ដាណាម៉ាក់ ស៊ុយអែត សិង្ហបុរី និងហ្វីលីពីនជាដើម។

អ្នកនាង សៅ សំភ័ស មានប្រសាសន៍ថា រដ្ឋាភិបាល ក៏នៅតែតាមដានស្ថានភាពកុមារដែលនៅក្រៅប្រទេសរហូតមកដល់ពេលនេះ ជាពិសេសកុមារដែលនៅមានអាយុក្រោម១៨ឆ្នាំ។ ជាមួយដំណើរការស្មុំកូនថ្មីនេះ អ្នកនាងមានប្រសាសន៍ថា កម្ពុជាត្រូវការធនធានមនុស្សបន្ថែម ដើម្បីធ្វើកិច្ចការស្មុំកូននេះឲ្យបានល្អប្រសើរ។ អ្នកនាងមានប្រសាសន៍ថា៖ «យើងត្រូវការអ្នកធ្វើការហ្នឹង ហើយនៅខាងយើង មានចំនួនកំណត់។ យើងត្រូវការបំពេញបន្ថែម។ យើងមើលអ្នកក្រោមជាតិ មិនទាន់មាននៅឡើយទេ»។ ទោះជាយ៉ាងណា អ្នកនាងមានប្រសាសន៍ថា ដំណើរការនេះ ត្រូវការពេលវេលាបន្ថែមទៀត។ អ្នកនាងបន្តថា កាលពីមិនទាន់មានច្បាប់ស្ដីពីការស្មុំកូនអន្តរប្រទេស និងនីតិវិធីផ្សេងៗ ឪពុកម្តាយចិញ្ចឹម អាចទៅមើលក្មេងនៅមណ្ឌលកុមារកំព្រាបាន តែបច្ចុប្បន្ននេះ ពួកគេមិនអាចធ្វើបាននោះទេ។

អ្នកនាងមានប្រសាសន៍ថា៖ «អត់មានក្មេងគាត់ថា គាត់ត្រូវទៅមើលនៅមណ្ឌល យកក្មេងនេះ អត់មានទេ ហើយប្រសិនបើទីភ្នាក់ងារហ្នឹង គាត់មានធ្វើការងារទាក់ទងនឹងខាងមណ្ឌលដើម្បីRecruit (ជ្រើសរើស) ក្មេងយកទៅ ក៏យើងអត់ផ្ដល់ការអនុញ្ញាតឲ្យដែរ»។ អ្នកនាងពន្យល់ថា ទីភ្នាក់ងារស្មុំកូនដែលមានទីតាំងនៅក្នុងប្រទេសស្មុំកូន និងនៅក្នុងប្រទេសកម្ពុជា នឹងក្លាយជាកន្លែងទំនាក់ទំនងរវាងឪពុកម្ដាយដែលចង់សុំកូន ជាមួយមន្ត្រីជំនាញកម្ពុជា ដើម្បីបំពេញតាមនីតិវិធីជាបន្តបន្ទាប់។

បើតាមមន្រ្តីជំនាញ កម្ពុជាក៏ត្រូវការរបាយការណ៍សិក្សាអំពីស្ថានភាពផ្ទះរបស់ឪពុកម្តាយស្មុំកូនផងដែរសម្រាប់នីតិវិធីនៃការស្មុំកូន និងទាមទារឲ្យមានការផ្តល់របាយការណ៍ជាទៀងទាត់អំពីការវិវត្តរបស់ក្មេងនៅពេលពួកគេយកទៅចិញ្ចឹម។

បើតាមច្បាប់ស្តីអំពីការស្មុំកូនអន្តរប្រទេស ក្មេងអាយុក្រោម៨ឆ្នាំ ទើបអាចក្លាយជាកម្មវត្ថុនៃការស្មុំកូនបាន លើកលែងតែករណីមួយចំនួន ដូចជាក្មេងមានជំងឺមិនអាចព្យាបាលក្នុងប្រទេសកម្ពុជាបាន ក្មេងមានបញ្ហាសតិបញ្ញា និងក្មេងពិការជាដើម។

អ្នកនាង សៅ សំភ័ស បានបញ្ជាក់ថា ការសុំកូនចិញ្ចឹមទៅរស់នៅជាមួយឪពុកម្ដាយនៅក្រៅប្រទេស គឺជាជម្រើសចុងក្រោយមួយសម្រាប់ក្មេង ក្រោយពេលរដ្ឋាភិបាលព្យាយាមឲ្យអស់លទ្ធភាពជួយក្មេងឲ្យបានរស់នៅក្នុងប្រទេស មុននឹងឈានទៅដល់ការស្មុំកូនទៅក្រៅប្រទេស។ អ្នកនាងមានប្រសាសន៍ថា៖ «ស្មុំកូនអន្តរប្រទេសគឺជាជម្រើសមួយចុងក្រោយសម្រាប់ផែនការអចិន្រ្តៃយ៍របស់ក្មេង ទាក់ទងនឹងការរកគ្រួសារអចិន្រ្តៃយ៍ឲ្យក្មេង។ អញ្ចឹង មុននឹងឈានដល់ស្មុំកូនអន្តរប្រទេសហ្នឹង គឺយើងត្រូវទុកដាក់ក្នុងស្រុកឲ្យអស់ពីលទ្ធភាព។ ក្នុងការស្មុំកូននេះ សម្រាប់យើង គឺគោលដៅរបស់យើង គឺយើងចង់រកគ្រួសារអចិន្រ្តៃយ៍មួយឲ្យកុមារ។ សម្រាប់កុមារដែលគ្នាអត់មានលទ្ធភាព គ្នាអត់មានឱកាសក្នុងការមានគ្រួសារអចិន្ត្រៃយ៍មួយ»។ អ្នកនាងបញ្ជាក់បន្ថែមថា៖ «បើសិនជាយើងអត់គិតគូដល់ការស្មុំកូនទេ យើងថាអាចទុកដាក់កុមារនៅក្នុងមណ្ឌល ឲ្យគាត់រស់នៅក្នុងមណ្ឌល»។

រដ្ឋាភិបាល បាននិងកំពុងអនុវត្តផែនការបីឆ្នាំ ចាប់ពីឆ្នាំ២០១៦ដល់២០១៨ ដោយមានគោលដៅកាត់បន្ថយកុមារ៣០ភាគរយចេញពីមណ្ឌលថែទាំ ឲ្យទៅរស់នៅជាមួយក្រុមគ្រួសាររបស់ក្មេង ប្រសិនបើពួកគេមានលទ្ធភាពអាចទទួលចិញ្ចឹមបាន។ របាយការណ៍ផ្លូវការបង្ហាញថា ក្មេងជាង១៦០០០នាក់ រស់នៅក្នុងមណ្ឌលចំនួន៤០៦ទូទាំងប្រទេស។

អង្គការយូនីសេហ្វ (Unicef) បាននិយាយថា ការផ្អាកការស្មុំកូន គឺដោយសារកង្វះខាតនូវនីតិវិធីច្បាស់លាស់សម្រាប់ការការពារកុមារ កង្វះសមត្ថភាពក្នុងការគ្រប់គ្រងកុមារ ក៏ដូជាការទទួលខុសត្រូវរបស់មន្រ្តីរដ្ឋាភិបាល និងមន្រ្តីយុត្តិធម៌។ ប្រធានក្រុមទំនាក់ទំនងនៃអង្គការយូនីសេហ្វគឺអ្នកស្រី Iman Morooka បានថ្លែងប្រាប់VOAតាមរយៈអ៊ីមែលឬសារអេឡិចត្រូនិកថា៖ «បញ្ហាប្រឈមមួយនៅក្នុងប្រទេសកម្ពុជា គឺថាមិនមានមន្រ្តីសង្គមកិច្ច ដើម្បីធានាអំពីដំណើរការគ្រប់គ្រងករណីឲ្យបានពេញលេញមួយ ដែលតម្រូវឲ្យមានការបញ្ចូលនូវការវាយតម្លៃស្ថានភាពកុមារ ក៏ដូចជាការស្វែងរកក្រុមគ្រួសារ និងការវាយតម្លៃផ្សេងៗ ដើម្បីបញ្ជាក់ ប្រសិនបើក្មេងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ស្មុំកូនឬទេ»។

ទោះជាយ៉ាងណា អ្នកស្រីនិយាយថា រដ្ឋាភិបាលកម្ពុជាកំពុងដំណើរការលើជំហានសំខាន់មួយចំនួន ដើម្បីឲ្យមានស្តង់ដារត្រឹមត្រូវមួយសម្រាប់ការស្មុំកូនអន្តរប្រទេស។ អ្នកស្រី Iman Morooka មានប្រសាសន៍បន្ថែមថា៖ «វាមានសារសំខាន់ ដើម្បីកត់សម្គាល់ថានៅក្នុងប្រទេសកម្ពុជា ក្មេង៤នាក់ក្នុងចំណោម៥នាក់នៅក្នុងមណ្ឌលថែទាំ មិនមែនជាក្មេងកំព្រានោះទេ។ ពួកគេមានគ្រួសារ ហើយបានដាក់នៅទីនោះ ដើម្បីការអប់រំ ឬដើម្បីកាត់បន្ថយបន្ទុកចំណាយថវិកា ប៉ុន្តែពួកគេមិនមែនជាកម្មវត្ថុសម្រាប់ការស្មុំកូននោះទេ»។

ចំណែកសហរដ្ឋអាមេរិក បានផ្អាកការស្មុំកូនជាមួយប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០១ រហូតមកដល់ពេលនេះ។ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាគឺលោក David Josar មានប្រសាសន៍ថា រហូតមកដល់ពេលនេះ ស្ថានភាពនៃការស្មុំកូនមិនមានការផ្លាស់ប្ដូរនោះទេ។ លោកមានប្រសាសន៍ថា ចំពោះការផ្ដួចផ្ដើមរបស់កម្ពុជាដើម្បីពង្រឹងប្រព័ន្ធសុខុមាលភាពកុមារ និងការធ្វើឲ្យប្រសើរនូវសុចរិតភាពនៃដំណើរការស្មុំក្នុងប្រទេស និងអន្តរប្រទេស កម្ពុជាមិនទាន់បានបំពេញនូវដំណើរការតាមអនុសញ្ញាទីក្រុងឡាអេនៅឡើយទេ៕

website_news/2018030102.txt · Last modified: 2018/12/28 16:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki