website_news:2018030401

ពលករខ្មែរធ្វើការដោយខុសច្បាប់នឹងត្រូវបណ្ដេញចេញពីប្រទេសថៃ

https://wmc.org.kh ថ្ងៃចន្ទ ទី២ ខែមេសា ឆ្នាំ២០១៨ ធូ វីរៈ

ភ្នំពេញ៖ យោងតាមកាសែតថៃ Bangkok Post ចុះផ្សាយនៅថ្ងៃ ចន្ទ ទី ២ ខែ មេសានេះ ថា ពលកបរទេស ៦ ម៉ឺន នាក់ ធ្វើការងារដោយខុសច្បាប់នឹងនិរទេសចេញពីប្រទេសថៃ ហើយក្នុងចំណោមនោះក៏មានពលករកម្ពុជាផងដែរ។ការបន្តសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្តោះអាសន្ន ឬ ប័ណ្ណពណ៌ស៊ីជម្ពូ និងលិខិតទំនាក់ទំនងរវាងថៅកែនិងពលករនៅប្រទេសថៃ បានបិទបញ្ចប់ហើយនៅ ថ្ងៃទី១ ខែ មេសា ឆ្នាំ ២០១៨។ កាលពីសប្តាហ៍មុនស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃបានអំពាវនាវដល់ពលករខ្មែរទាំងអស់ទៅ បន្តសុពលភាពប័ណ្ណស្នាក់នៅនិងធ្វើការបណ្តោះអាសន្ននៅការិយាល័យច្រកចេញចូលតែមួយស្របពេលអាជ្ញាធរថៃចាត់វិធានការយ៉ាងតឹងរឹងតាមច្បាប់ ចំពោះពលករបរទេសទាំងអស់ រួមទាំងពលករខ្មែរដែលស្នាក់នៅនិងធ្វើការដោយខុសច្បាប់នៅប្រទេសថៃ។ កាសែតBangkok Post ឲ្យដឹងថា ពលករចំណាក់ស្រុកបរទេសជិត២លាននាក់បានទៅបន្តសុពលភាពប័ណ្ណស៊ីជម្ពូ ឬ ប័ណ្ណស្នាក់នៅនិងធ្វើការបណ្តោះអាសន្ននិងលិខិតទំនាក់ទំនងរវាងថៅកែនិងពលករនៅប្រទេសថៃ។ ក្នុងចំណោមនោះពលករចំណាកស្រុកខុសច្បាប់ មកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ៦ ម៉ឺន នាក់នឹងត្រូវ បណ្តេញចេញពីប្រទេសថៃដោយសារខកខានមិនមកដាក់ពាក្យស្នើសុំប័ណ្ណពណ៌ស៊ីជម្ពូនិងប័ណ្ណស្នាក់នៅ។ ពលករបរទេសជាង ៩ សែននាក់ បានបញ្ចប់នីតិវិធី និងផ្តល់លិខិតអនុញ្ញាតការងារបណ្តោះអាសន្ន និងទទួលស្គាល់ឯកសារពណ៌ជម្ពូ និងពលករបរទេសជាង១លាននាក់ កំពុងផ្ទៀតផ្ទាត់ឯកសារ។

តាមច្បាប់ថ្មីប្រទេសថៃ ពលករអន្តោប្រវេសន៍ ខកខានមិនបានធ្វើបែបបទស្នាក់នៅនិងធ្វើការត្រូវពិន័យជាប្រាក់ពី៥.០០០បាត ទៅ៥០.០០០ម៉ឺនបាត។សម្រាប់កម្មករនិយោជិតពិន័យជាប្រាក់ ១ ម៉ឺនបាត ទៅ ១ សែនបាត។ បទល្មើសដែលកើតឡើងច្រំដែលរបស់និយោជកនឹងត្រូវពិន័យជាប្រាក់២សែនបាតក្នុងមួយករណីហើយត្រូវផ្តន្ទាទោសជិត១ឆ្នាំនិងបន្ថែមពីនេះក្រុមហ៊ុននេះត្រូវហាមមិនឲ្យជ្រើសរើសពលករបរទេសរយៈពេល៣ឆ្នាំ។ យោងតាមរបាយការណ៍ក្រសួងការងារកម្ពុជា ពលករចំណាក់ស្រុកខ្មែរបម្រើការងារនៅប្រទេសថៃ ១ លាន ៥ ម៉ឺននាក់។ បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៧របស់ក្រសួងការបទេសនិងសហប្រតិបត្តិការណ៍អន្តរជាតិបង្ហាញថា យ៉ាងតិចពលករខ្មែរជិត ១ ពាន់នាក់ ត្រូវបាននិរទេសពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ៕

website_news/2018030401.txt · Last modified: 2018/04/03 15:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki