website_news:2018030406

ការកំណត់ពេល ឲ្យពលករកម្ពុជា ធ្វើប័ណ្ណរបស់ថៃ មិនបានធ្វើឲ្យមានការវិលមកស្រុកច្រើនទេ

https://www.postkhmer.com/ យន់ ស៊ីនាត and Daphne Chen | Publication date 03 April 2018 | 13:50 ICT

ភ្នំពេញៈ អង្គការក្រៅរដ្ឋាភិបាលបាននិយាយថា កាលបរិច្ឆេទឲ្យពលករចំណាកស្រុកធ្វើការនៅថៃទៅចុះបញ្ជីយកប័ណ្ណបណ្ដោះអាសន្នដែលបានអនុម័ត កាលពីថ្ងៃសៅរ៍ មិនបានធ្វើឲ្យមានអ្នកវិលមកកម្ពុជាវិញច្រើនទេ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍នៅតែមិនប្រាកដថា តើនឹងមានការបង្ក្រាបលើអ្នកមិនទាន់មានប័ណ្ណឬយ៉ាងណា។

លោក Barry Jessen អ្នកគ្រប់គ្រងជាន់ខ្ពស់អង្គការ Samaritan's Purse ដែលធ្វើការនៅព្រំដែន កម្ពុជា-ថៃ បានថ្លែងថា ពលករកម្ពុជាភាគច្រើនដែលវិលមកកម្ពុជាវិញសុទ្ធតែថាមកចូលឆ្នាំខ្មែរ។ លោកJessen បន្តថា៖ «គ្មាននរណាម្នាក់ថា ត្រឡប់មកវិញ ដោយសារការកំណត់ឲ្យចុះបញ្ជីយកប័ណ្ណការងារស៊ីជម្ពូនោះទេ ហើយរហូតមកទល់ពេលនេះ ដូចជា មិនឃើញមានការបង្ក្រាបធំដុំទេ»។ ពលករដែលបានចុះបញ្ជីយក «ប័ណ្ណស៊ីជម្ពូ» ដែលថៃ កំណត់ត្រឹមថ្ងៃទី ៣១ ខែមីនានោះ ឥឡូវនេះពួកគេមានពេលដល់ខែ មិថុនា ដើម្បីចុះបញ្ជីយកប័ណ្ណនោះ ដើម្បីធ្វើការស្របច្បាប់។ ចំពោះអ្នកមិនបានធ្វើតាមកំណត់ ពួកគេត្រូវវិលមកកម្ពុជាវិញ ហើយពេលត្រឡប់ទៅវិញត្រូវធ្វើឲ្យស្របតាមផ្លូវច្បាប់។

តាមរយៈសារមួយ អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានថ្លែងថា ក្រុមមន្ត្រីកំពុងធ្វើការលើរឿងនេះ «ក្នុងស្មារតីសហការយ៉ាងខ្លាំងក្លា» មួយជាមួយ ថៃ ដើម្បីដំណើរការឯកសារឲ្យស្របច្បាប់សម្រាប់ពលករដែលកាន់ប័ណ្ណស៊ីជម្ពូ។ មិនទាន់ច្បាស់ទេថា មានពលករប៉ុន្មាននាក់មិនធ្វើឲ្យទាន់ថ្ងៃកំណត់នោះ ប៉ុន្តែតាមកាសែត បាងកក ប៉ុស្តិ៍ ថា មានប្រមាណ ៦ ម៉ឺននាក់។ ប៉ុន្តែក្រុមការពារពលករចំណាកស្រុកមានមូលដ្ឋាននៅទីក្រុង បាងកក បារម្ភថា ចំនួននេះអាចមានច្រើនម៉ឺននាក់បន្ថែមទៀត ដោយសារការពន្យារពេល នៅឯច្រកចេញចូលតែមួយ។

លោក Adisorn Kerdmongkhol អ្នកសម្របសម្រួលក្រុមការងារនោះបានអំពាវនាវឱ្យថៃ ពន្យារពេល ៣ ខែទៀត ដោយលោកថា ការិយាល័យច្រកចេញចូលតែមួយជាច្រើនចុះឈ្មោះបានតែ ៣០០០ នាក់ ក្នុងមួយថ្ងៃ ដូច្នេះហើយធ្វើឱ្យពលករជាច្រើនទៀតត្រូវរង់ចាំ ៣ ថ្ងៃ ឬ ច្រើនជាងនេះ។ លោក ថ្លែងថា៖ «ការបង្ក្រាបពលករចំណាកស្រុកដែលគ្មានឯកសារនៅដំណាក់កាលនេះ គឺគ្រាន់តែពង្រឹងភាពមិនស្មោះត្រង់របស់ ថៃ ក្នុងការទប់ស្កាត់ការជួញដូរមនុស្សប៉ុណ្ណោះ»។

លោក Reuben Lim អ្នកនាំពាក្យអង្គការ International Organization for Migration នៅថៃ បាននិយាយថា វានៅមិនទាន់ច្បាស់ទេថាតើពេលណាទើបថៃអនុវត្តការបង្រ្កាបនៅពេលហួសថ្ងៃកំណត់នេះ។

លោក ឃុន ថារ៉ូ មន្ត្រីកម្មវិធីរបស់អង្គការ Solidarity Center បានថ្លែងថា កង្វះភាពច្បាស់លាស់លើការអនុវត្តអាចធ្វើឱ្យប៉ះពាល់ដល់កម្មករ។ លោកថា៖ «ការបារម្ភធំរបស់យើងគឺពលករនេសាទដែលពួកគេត្រូវចេញទៅនេសាទនៅក្នុងសមុទ្ររយៈពេលពីមួយសប្តាហ៍ទៅមួយខែ»៕NS

website_news/2018030406.txt · Last modified: 2018/04/03 15:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki