website_news:2018030701

ពលករខ្មែរនៅថៃស្នើអន្តរាគមន៍ដល់ពួកគេដែលខ្វះក្រដាសស្នាមកំពុងលាក់ខ្លួននៅប្រទេសថៃ

https://khmer.voanews.com/ ដោយ មាន ឫទ្ធិ 2018-07-02

ពលករខ្មែរនៅប្រទេសថៃ អំពាវនាវឲ្យអាជ្ញាធររបបលោក ហ៊ុន សែន ជួយអន្តរាគមន៍ដល់ពលករខ្មែរខ្វះក្រដាសស្នាម ហើយកំពុងលាក់ខ្លួននៅប្រទេសថៃ ខណៈអាជ្ញាធរថៃចាប់ផ្ដើមរឹតបន្តឹងក្រឹត្យច្បាប់ការងារថ្មីចាប់ពីថ្ងៃទី១ កក្កដា នេះតទៅ។

ពលករខ្មែរម្នាក់ឈ្មោះ សុខ ទី ធ្វើការនៅខេត្តអយុធ្យា ប្រទេសថៃ បានថ្លែងប្រាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី១ ខែកក្កដា ថា នៅខេត្តដែលលោកកំពុងបំពេញការងារនេះ នៅមិនទាន់ឃើញមានអាជ្ញាធរ ឬទាហានថៃ ចុះមកត្រួតពិនិត្យនៅឡើយទេ។ លោកថា ខាងអ្នកគ្រប់គ្រងកន្លែងដែលលោកធ្វើការ បានជូនដំណឹងរួចហើយដល់ពលករទាំងអស់ ឲ្យដឹងថា ចាប់ពីថ្ងៃទី១ កក្កដា នេះទៅ នឹងមានការចុះត្រួតពិនិត្យគ្រប់ទីកន្លែង។ ក៏ប៉ុន្តែ លោកថា មិត្តភ័ក្ដិរបស់លោក ឲ្យលោកដឹងថា នៅខេត្តបុទុមឋានី ឯណោះវិញ មានការចុះត្រួតពិនិត្យ និងឆែកឆេរនៅតាមរោងចក្រមួយចំនួនជាបណ្តើរៗហើយ៖ «ខ្ញុំទើបតែបានដំណឹងពីមិត្តភ័ក្ដិដែលធ្វើការនៅរោងចក្របុទុមថានី គឺគាត់បានប្រាប់មកថា មានអាជ្ញាធរចុះត្រួតពិនិត្យ និងចាប់ខ្លួនពលករខ្មែរខុសច្បាប់បាន៨នាក់។ ហើយនៅកន្លែងខ្ញុំ ក៏មានដែរ ដែលបងប្អូនខ្មែរ ចំនួន១៤នាក់ដែលមិនអាចតច្បាប់ការងារបាន គឺគាត់ចុះទៅខ្មែរ ដើម្បីទៅបន្តវីសា ហើយនឹងទៅធ្វើច្បាប់ការងារចូលមកសាជាថ្មី»។ លោកបន្ត ពលករខ្មែរទាំង១៤រូបនោះ បានចាកចេញទៅប្រទេសកម្ពុជាវិញ មួយថ្ងៃមុនថ្ងៃទី១ កក្កដា ដែលអាជ្ញាធរថៃចាប់ផ្ដើមរឹតបន្តឹងករណីពលករធ្វើការនៅប្រទេសថៃដោយខុសច្បាប់នេះ ដោយសារតែកន្លែងធ្វើការរបស់ពួកគេ មិនអាចទុកពួកគេឲ្យនៅធ្វើការបន្តបានទេ ដោយតម្រូវឲ្យពួកគាត់ត្រលប់ទៅស្រុកខ្មែរវិញ មួយរយៈសិន ដើម្បីឲ្យពួកគេធ្វើឯកសារស្របច្បាប់ឡើងវិញ៖ «ខ្ញុំបានតាមដាននូវព័ត៌មានពីក្រសួងការងារថៃ គេថាប្រហែលជា បងប្អូនទាំងខ្មែរ ទាំងឡាវ និងទាំងមីយ៉ាន់ម៉ាគឺទាំងអស់នៅសល់ជាង៥ម៉ឺននាក់ទៀត ដែលបន្តច្បាប់ការងារមិនទាន់បាន»។

ចំណែកឯពលករខ្មែរម្នាក់ទៀតឈ្មោះ ក្រាញ់ តារូ ដែលកំពុងធ្វើការនៅទីក្រុងបាងកក ប្រទេសថៃ បានឲ្យអាស៊ីសេរី ដឹងកាលពីថ្ងៃទី១ កក្កដា នេះថា បច្ចុប្បន្ននេះ អាជ្ញាថៃ ចាប់ផ្ដើមចុះគោះទ្វារតាមផ្ទះ ហើយថាប្រសិនបើមិនស្របច្បាប់ គឺពួកគេធ្វើការចាប់ខ្លួនតែម្ដង៖ «បាទ! ថ្ងៃមុនគឺចូលមកគោះដល់ផ្ទះខ្ញុំហ្នឹងឯង។ ចូលមកថតមកអី ប៉ុន្តែខ្ញុំស្របច្បាប់អស់ហើយ អត់បានធ្វើអីទេ។ ថ្ងៃទី១នេះអត់ទាន់មានទេ តែកន្លែងខ្ញុំគឺមកពីម្សិលម៉ិញនេះឯង មកចូលដល់ផ្ទះខ្ញុំហ្នឹងឯង»។ លោកថា មកទល់ពេលនេះ ពលករដែលមិនទាន់ស្របច្បាប់ គឺនៅមានចំនួនច្រើន ហើយខ្លះទៀតបានវិលត្រលប់ទៅផ្ទះវិញដោយសារតែពួកគេមានការភ័យខ្លាចការចាប់ខ្លួនពីអាជ្ញាធរថៃ៖ «ម្សិលមិញ គឺមាន…ត្រូវជាអ្នកភូមិខ្ញុំហ្នឹងគេចុះទៅពីរបីនាក់ដែរ គឺខ្លាចដែរ ព្រោះអីបើសិនជាអាជ្ញាធរថៃចាប់បាន គឺផាកពិន័យបើមិនចង់ជាប់គុក គឺត្រូវបង់ចាប់ពី៥ពាន់ ដល់៥ម៉ឺនបាតឯណោះ..! ខ្លះសម្ងំលាក់ខ្លួនរង់ចាំឲ្យគេធ្វើច្បាប់ថ្មី»។ ពលករដដែល សំណូមពរដល់អាជ្ញាធរកម្ពុជាអង្វរករដល់អាជ្ញាធរថៃឲ្យពន្យារពេលផ្ដល់ភាពស្របច្បាប់ដល់ពលករដែលគ្មានក្រដាសស្នាមនេះជាបន្តទៅទៀត ដោយសារតែនៅមានពលករដែលមិនទាន់ស្របច្បាប់នេះច្រើនទៀត៖ «សូមឲ្យរាជរដ្ឋាភិបាល សំណូមពរដល់អាជ្ញាធរថៃផង ឲ្យថៃបើបន្តធ្វើការងារផ្ដល់ភាពស្របច្បាប់នេះបន្តទៅទៀត ព្រោះអីពលករដែលខុសច្បាប់ គឺមានច្រើនណាស់។ ឥឡូវនេះ កំពុងតែលាក់ខ្លួនយ៉ាងសកម្ម។ អាណិតពួកគាត់ផងបាទ! បើសិនជាគាត់មានលុយគឺគាត់ មិនចំណាកស្រុកទេ។ គឺគាត់អត់ខ្លាំង»។

ពលករម្នាក់ទៀត ដែលនិយាយសុំមិនបញ្ចេញឈ្មោះ ថ្លែងប្រាប់អាស៊ីសេរី ស្នើឲ្យអាជ្ញាធរខ្មែរ មើលឃើញពីភាពលំបាករបស់ពលករខ្មែរទាំងនេះ ដោយបើកធ្វើលិខិតឆ្លងដែនក្នុងតម្លៃទាបជាងបច្ចុប្បន្ននេះ ព្រោះពួកគេជួបការលំបាកខ្លាំង៖ «ខ្ញុំសំណូមពរទៅរាជរដ្ឋាភិបាលខ្មែរយើងហ្នឹង ពាក្យយ៉ាងខ្លីទេ ដែលថា គឺសូមសំណូមពរថា ឲ្យគាត់ជួយមើលពលករចំណាកស្រុក ដូចជាខ្មែរយើងផង ឲ្យគាត់ជួយសម្រួលមួយវគ្គនេះ។ ចង់ឲ្យគាត់សម្រួលថា ឲ្យពលករយើងទៅធ្វើប៉ាស្ព័រហ្នឹង ធ្វើម៉េចកុំឲ្យ គិតលុយពីគាត់ហ្នឹង សុំឲ្យគាត់ធ្វើ ដូចថា ពលករយើងសព្វថ្ងៃ កំពុងតែជាប់លុយអង្គការអីចឹង។ ដល់អ៊ីចឹងទៅ ទៅវិញក៏ទៅអត់កើត។ អត់មានលុយ ដល់អ៊ីចឹងទៅ បើសិនជាធ្វើប៉ាស្ព័រក៏អត់មានលុយដែរ ហើយបើសិនជាយើងនៅ គេចាប់យើងបញ្ជូនទៅវិញ។ អ៊ីញ្ចឹងវាអត់មានជម្រើស។ អ៊ីញ្ចឹងចង់ឲ្យរដ្ឋាភិបាលយើងធ្វើប៉ាស្ព័រឲ្យដោយមិនគិតច្បាប់»។ សំណូមពរនឹងការលើកឡើងរបស់ពលករខ្មែរទាំងប៉ុន្មានរូបនេះ គឺខណៈអាជ្ញាធរថៃ ចាប់ផ្ដើមបង្ក្រាបពលករចំណាកស្រុកខុសច្បាប់ចាប់ពីថ្ងៃអាទិត្រទី១ កក្កដា នេះ។

កាសែត ឌឹណេសិន (The Nation) ចេញផ្សាយកាលពីថ្ងៃទី១ កក្កដា បានស្រង់សំដីរបស់ប្រធាននគរបាលអន្តោប្រវេសន្តតំបន់៦ ឧត្ដមសេនីយ៍យេសសាដា យ៉ៃស៊ូន (Jessada Yaisoon) ដែលបានអោយដឹងថា ការបង្ក្រាបពលករចំណាកស្រុកខុសច្បាប់ មកពីប្រទេសឡាវ ភូមា និងកម្ពុជា នៅថ្ងៃអាទិត្យ ទី១ កក្កដានេះ បន្ទាប់ពីឱសានវាទនៃការចុះឈ្មោះអោយស្របច្បាប់បានផុតកំណត់កាលពីថ្ងៃសៅរ៍ ទី៣០ មិថុនា។ ជនចំណាកស្រុកទាំងឡាយណា ដែលមិនបានចុះបញ្ជីនឹងត្រូវពិន័យជាប្រាក់ចំនួនប្រាំពាន់បាត (៥.០០០) ទៅប្រាំម៉ឺនបាត(៥០.០០០) មុននឹងនិរទេសចេញពីប្រទេសថៃ ព្រមទាំងហាមមិនអោយធ្វើការនៅក្នុងប្រទេសថៃរយៈពេល២ឆ្នាំទៀតផង។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់ឲ្យដឹងថា គិតត្រឹមចុងខែឧសភា កម្ពុជា និងថៃ បានរួមគ្នាផ្ដល់ភាពស្របច្បាប់ដល់ពលករចំណាកស្រុកខ្មែរបានជាង ៣សែននាក់ហើយ ក្នុងចំណោមពលករខ្មែរជាង ៤សែននាក់ ដែលកំពុងធ្វើការងារខុសច្បាប់ ឬគ្មានឯកសារនៅក្នុងប្រទេសថៃ ហើយថា ពលករចំណាកស្រុកខ្មែរ ដែលកំពុងធ្វើការដោយគ្មានឯកសារស្របច្បាប់ក្នុងប្រទេសថៃ ពីមុនមកនេះ ឥឡូវនេះបានទទួលភាពស្របច្បាប់ជិតអស់ហើយ។ អាជ្ញាធរថៃក្រោមការដឹកនាំដោយរបបយោធារបស់នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា បានរឹតបន្តឹងបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ ដោយបានចេញក្រឹត្យច្បាប់ថ្មី ដែលតម្រូវឲ្យមានការពិន័យ និងដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងបំផុតចំពោះករណីនេះ និងបានទុកពេលវេលាឲ្យកម្ពុជាផ្ដល់ភាពស្របច្បាប់ដល់ពលករចំណាកស្រុករបស់ខ្លួន ឲ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ មុននឹងក្រឹត្យច្បាប់ថ្មីនេះ មានសុពលភាពចាប់ផ្ដើមអនុវត្តជាផ្លូវការ ចាប់ពីថ្ងៃទី០១ កក្កដា នេះតទៅ។ បច្ចុប្បន្ន មានពលករចំណាកស្រុកខ្មែរចំនួនជាង ១លាន ៦ម៉ឺននាក់ កំពុងធ្វើការស្របច្បាប់នៅប្រទេសថៃ៕

website_news/2018030701.txt · Last modified: 2018/07/03 13:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki