website_news:2018030702

ពលករខ្មែរធ្វើការខុសច្បាប់កំពុងភ័យខ្លាចបន្ទាប់ពីឱសានវាទរបស់ថៃរឹតបន្តឹងច្បាប់ពលករ

https://khmer.voanews.com/ វ៉ែន សុមេធ 2018-07-02

ពលករខ្មែរដែលធ្វើការនៅប្រទេសថៃខុសច្បាប់មួយចំនួន កំពុងតែភ័យខ្លាចអាជ្ញាធរថៃចាប់បញ្ជូនពួកគេត្រឡប់ទៅស្រុកកំណើតវិញ ហើយធ្វើឲ្យគ្មានការងារធ្វើរកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ ការភ័យខ្លាចនេះដោយសារតែដល់ថ្ងៃឱសានវាទ ដែលក្រសួងការងារថៃចាប់ផ្ដើមអនុវត្តន៍ច្បាប់លើពលករទាំងឡាយណាដែលធ្វើការងារខុសច្បាប់នៅក្នុងប្រទេសថៃ។

ក្រោយពីដល់ថ្ងៃកំណត់ឱសានវាទរបស់ក្រសួងការងារថៃ ដោយចាប់ពីថ្ងៃទី១ កក្កដាមក ពលករធ្វើការខុសច្បាប់នៅតំបន់ខ្លះ ចាប់ផ្ដើមរត់គេចខ្លួនស្ងាត់ពីកន្លែងធ្វើការ ដោយមិនហ៊ានប្រថុយធ្វើការដូចពេលមុននោះឡើយ។ ពលករធ្វើការងារនៅប្រទេសថៃសុំមិនឲ្យបញ្ចេញឈ្មោះម្នាក់ ឲ្យដឹងនៅព្រឹកថ្ងៃទី២ កក្កដា ថា នៅក្បែរកន្លែងដែលពួកគាត់ធ្វើការនៅតំបន់មាត់សមុទ្រភាគខាងកើតប្រទេសថៃ មានពលករខ្មែរប្រមាណ៧០នាក់ ដែលធ្វើការខុសច្បាប់នោះ ពួកគាត់បាននាំគ្នារត់គេចខ្លួនស្ងាត់ពីកន្លែងការងារនៅយប់ថ្ងៃ៣០ មិថុនា។ ពលកររូបនេះអះអាងទៀតថា ការរត់គេចខ្លួននេះដោយសារពួកគាត់ភ័យខ្លាចសមត្ថកិច្ចថៃ ចុះឆែកឆេរចាប់ពួកគេផ្ដន្ទាទោសតាមច្បាប់ការងារថៃ មុននឹងបញ្ជូនពួកគេត្រឡប់ទៅកម្ពុជាវិញ៖ «ហើយក៏វេទនាណាស់ ព្រោះពេលប៉ូលិសចុះចាប់ គឺពួកគាត់រត់ពួនទៅ ដូច្នេះវាវេទនា ណាស់ការរស់នៅស្រុកគេគ្មានឯកសារត្រឹមត្រូវនោះ។ កាលដែលខ្ញុំធ្វើការខុសច្បាប់ក៏ខ្ញុំដូចគ្នាដែរ ខ្ញុំធ្លាប់ឆ្លងកាត់បានជាខ្ញុំប្រាប់ពួកគាត់ ខ្ញុំធ្លាប់ធ្វើការឲ្យគេ ហើយថៅកែមិនឲ្យលុយក៏មានដែរ ដោយសារតែគ្មានឯកសារហើយខ្ញុំក៏មិនហ៊ានតវ៉ាជាមួយគេដែរ»។

ចំណែកពលការិនី ធ្វើការនៅប្រទេសថៃម្នាក់ទៀតអះអាងថា រូបគេបានចូលមកប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ហើយបានធ្វើការងារខុសច្បាប់ប្រហែល៦ខែហើយ។ ពលការិនីរូបនេះបន្ថែមទៀតថា ចាប់ពីថ្ងៃទី១ កក្កដា ខ្លួនមានការភ័យខ្លាចយ៉ាងខ្លាំង ព្រោះខ្លាចសមត្ថកិច្ចថៃចាប់បញ្ជូនត្រឡប់ទៅស្រុកកំណើតវិញ ហើយធ្វើឲ្យមិនមានការងារធ្វើដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារបាន៖ «យើងជាអ្នកក្រខ្សត់យើងមកធ្វើការលក់កម្លាំងដើម្បីរកលុយ ដល់ពេលយើងអត់មានលុយធ្វើលិខិតឆ្លងដែនយើងរស់នៅពិបាកនៅស្រុកគេ ដោយត្រូវគេចាប់ចង និងចាប់បញ្ជូនយើងទៅផ្ទះវិញ។ បើយើងអត់យើងគ្មានអ្នកជួយទោះបីជាយើងនៅផ្ទះក៏គ្មានអ្នកជួយ ដូច្នោះមានតែយើងធ្វើការងារដើម្បីរកលុយទៅចិញ្ចឹមជីវិត ដល់ពេលគេចាប់យើងពិបាកណាស់ ព្រោះជីវភាពក្រីក្រគ្មានការងារធ្វើ ទោះបីជាខ្ញុំទៅខ្មែរក៏គ្មានអ្នកជំនួយខ្ញុំដែរ»។

ថ្មីៗនេះ ស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក បានជូនដំណឹងដល់ពលករនៅប្រទេសថៃដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ តទៅ អាជ្ញាធរថៃនឹងចាប់ផ្ដើមអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងការធ្វើការរបស់ពលករបរទេស ដោយមិនអនុញ្ញាតអោយពលករខុសច្បាប់នៅក្នុងប្រទេសថៃបន្តទៀតនោះឡើយ ហើយប្រសិនបើពលករធ្វើការខុសច្បាប់នឹងទទួលទោសតាមផ្លូវច្បាប់។ ស្ថានទូតខ្មែរ ឲ្យដឹងទៀតថា ដូច្នោះខាងស្ថានទូតបានរៀបចំចេញលិខិតធ្វើដំណើរបណ្ដោះអាសន្ន (Laissez-Passer) ជូនដល់ពលករដែលមិនមានឯកសារធ្វើការនៅក្នុងប្រទេសថៃ អាចធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជាវិញបាន។ ស្ថានទូតក៏បានអំពាវនាវឲ្យពលករទាំងអស់ អនុវត្តតាមការជូនដំណឹងរបស់ស្ថានទូត ដើម្បីជៀសវាងបញ្ហាផ្សេងៗដែលអាចកើតមានឡើងនៅក្នុងកំឡុងពេលការអនុវត្តនេះ។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា លិខិតធ្វើដំណើរដែលចេញដោយស្ថានទូតនេះ គ្រាន់តែជាការដោះស្រាយរយៈពេលខ្លី ដើម្បីសម្រួលដល់ពលករបានត្រឡប់ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ប៉ុណ្ណោះ។ លោក ស៊ុំ ច័ន្ទគា អះអាងទៀតថា ការធ្វើបែបនេះ មិនមែនជាដំណោះស្រាយសមស្របនោះទេ ព្រោះពលករអាចប្រឈមនឹងទទួលទោសតាមច្បាប់របស់ប្រទេសថៃនៅថ្ងៃក្រោយទៀត ដោយសារតែពួកគេគ្មានការងារនៅក្នុងស្រុក ហើយពួកគាត់ចាំបាច់ត្រូវធ្វើចំណាកស្រុកទាំងប្រថុយប្រថានបន្តទៀត៖ «ព្រោះពលករទាំងអស់ដែលនៅប្រទេសថៃនឹងភាគច្រើនពួកគាត់មិនពេញចិត្តទៅលើបក្សណាដែលធ្វើបាប ឬវាយដំច្រំធាក់ប្រជាពលរដ្ឋ ពួកគាត់នៅខាងក្រៅមិនពេញចិត្តទេ ព្រោះដោយសារតែពួកគាត់ឃើញប្រទេសគេយកចិត្តទុកដាក់លើពលករគេ ដូច្នេះបានជាការជួយរបស់មន្ត្រីខ្មែរនេះ មិនមែនជាការជួយយូរអង្វែងទេ ដែលជួយឲ្យពលករផុតទុក្ខពីការរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ ហើយគាត់ត្រឡប់មកវិញនឹងត្រូវធ្វើលិខិតធ្វើអីត្រូវចំណាយលុយច្រើន ហើយសព្វថ្ងៃនឹងដំណាំកសិផលរបស់កសិករគ្មានទីផ្សារធ្វើឲ្យពលរដ្ឋជំពាក់ធនាគារគ្មានលុយសង»។

ច្បាប់របស់ក្រសួងការងារថៃ ដែលបានចាប់អនុវត្តន៍ពីថ្ងៃទី១ កក្កដានោះ គឺពលករដែលធ្វើការមិនមានប័ណ្ណអនុញ្ញាតការងារ ឬធ្វើការក្រៅពីសិទ្ធិដែលអាចធ្វើបាន នឹងត្រូវទទួលការផាកពិន័យពី ៥ពាន់បាត (៥.០០០) ទៅ៥ម៉ឺនបាត (៥០,០០០) ឬប្រមាណពី ១៧០ទៅ ១.៧០០ដុល្លារអាមេរិក ហើយពលករនឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ ហើយហាមឃាត់មិនឱ្យធ្វើការនៅប្រទេសថៃ រយៈពេល ២ឆ្នាំ ដោយគិតចាប់ពីថ្ងៃទទួលពិន័យ។ ចំណែក និយោជកដែលប្រើប្រាស់ពលករខុសច្បាប់ នឹងត្រូវទទួលពិន័យពី ១ម៉ឺន(១០,០០០) ទៅ ១០ម៉ឺនបាត (១០០,០០០)ឬប្រមាណពី៣០០ទៅ៣ពាន់ដុល្លារអាមេរិក ក្នុងពលករម្នាក់ ហើយករណីនិយោជកប្រព្រឹត្តកំហុសដដែល នឹងត្រូវទទួលទោស ជាប់ពន្ធនាគារ ១ឆ្នាំ ឬពិន័យជាទឹកប្រាក់ ពី៥ម៉ឺន ទៅ ២០ម៉ឺនបាត ឬប្រមាណពី១.៥០០ ទៅជាង៦.០០០ដុល្លារ ក្នុងពលករម្នាក់ និងហាមមិនឱ្យជួលពលករបរទេសរយៈពេល៣ឆ្នាំ។

ចំណែកពលករដែលមានបំណងចង់ទៅធ្វើការនៅប្រទេសថៃ នៅក្រោយពីថ្ងៃទី១កក្កដានោះ គឺត្រូវទៅធ្វើការតាមរយៈក្រុមហ៊ុនដែលនាំពលករស្របច្បាប់ ដែលក្រសួងការងារកម្ពុជា-ថៃ បានឯកភាពគ្នា តាមរយៈការចុះអនុស្សរណៈ(MOU) ប៉ុណ្ណោះ។ សព្វថ្ងៃពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃទាំងស្របច្បាប់ និងខុសច្បាប់មានប្រមាណ១លាននាក់។ លោក ស៊ុំ ច័ន្ទគា ឲ្យដឹងថា ចាប់ពីថ្ងៃទី១ កក្កដាមក ស្ថានភាពនៅតាមព្រំដែនក្នុងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ជាធម្មតា ដោយពុំមានការចាប់បញ្ជូនពលករត្រឡប់មកកម្ពុជាច្រើនដែលបណ្ដាលឲ្យមានការរាំងស្ទះនៅច្រកព្រំដែន ឬជាការព្រួយបារម្ភអារម្មណ៍នោះទេ៕

website_news/2018030702.txt · Last modified: 2018/07/03 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki