website_news:2018031202

ការសែតបរទេសនិងអ្នកវិភាគ៖ ពលករខ្មែរធ្វើការនៅក្រៅប្រទេសនៅតែងាយរងគ្រោះ

http://wmc.org.kh/ ថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ជុំ ជោគជាតា

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន ថ្មីៗនេះមានប្រសាសន៍ថា ការដែលប្រជាជនកម្ពុជាទៅធ្វើការនៅប្រទេសក្រៅមិនមែនជារឿងអាក្រក់នោះទេ។ តែយ៉ាងណា អ្នកវិភាគថា ពលករខ្មែរជាពលករដែលទទួលហានីភ័យខ្ពស់ជាងគេ ប្រើប្រៀបធៀបជាមួយពលកររបស់ប្រទេសដទៃក្នុងតំបន់អាស៊ី។ ស្របពេលនេះដែរ ការសែតបរទេសបានចុះផ្សាយថា ពលករតាមផ្ទះរបស់កម្ពុជានៅគុយវែត ឬមជ្ឈឹមបូព៌ាទទួលភាពអយុត្តិធម៌ និងលក្ខខ័ណ្ឌការងារអាក្រក់បំផុត។

គេហទំព័រព័ត៌មានបរទេសមួយ មានឈ្មោះឆ្នា UCANEWS បានចុះផ្សាយព័ត៌មានកាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា ថា ពលករតាមផ្ទះនៃប្រទេសកម្ពុជានៅគុយវែត ឬមជ្ឈឹមបូព៌ា ជាក្រុមងាយទទួលភាពអយុត្តិធម៌ និងលក្ខខ័ណ្ឌការងារអាក្រក់បំផុត។ គេហទំព័រនេះ បានស្រង់សម្ដីនឹងរឿងរ៉ាវរបស់ស្ត្រីកម្ពុជាមួយចំនួនដែលធ្វើការងារផ្ទះនៅតំបន់ទាំងនោះ។ ក្នុងនោះ ស្រ្តីខ្មែរម្នាក់ឈ្មោះ Ary Ramsan ក្នុងចំណោមស្រ្តីជាច្រើនដែលធ្លាប់បានធ្វើការក្នុងបរិយាកាសដ៏រន្ធត់។

កាលពីពីរឆ្នាំមុន យ៉ាងតិចណាស់មានស្ត្រីចំនួន ៦នាក់ ដែលបានត្រឡប់មកផ្ទះវិញជាមួយនឹងរឿងរ៉ាវរំលោភ និងកេងប្រវ័ញ្ចគ្រប់រូបភាពយ៉ាងខ្លាំង។ បញ្ហានេះ អង្កការសិទ្ធិមនុស្សក៏ធ្លាប់បានព្រមានអំពីគ្រោះថ្នាក់នៃការបញ្ជូនពលករទៅធ្វើការនៅប្រទេស អារ៉ាប៊ីសាវអូឌីត ឡេបាណន់ និងគុយវ៉ែត។

UCANEWS ចុះផ្សាយបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ហាក់ដូចជាមានការជឿជាក់ថា ការបញ្ជូនពលករចំនួន ៥ពាន់នាក់ទៅប្រទេសគុយវែត ក្នុងឆ្នាំ២០១៩ ប្រហែលជាគ្មានបញ្ហានោះទេ។ ពលករដែលធ្វើការនៅក្រៅប្រទេសខ្លះដែលជាស្រ្តីបម្រើការនៅក្នុងផ្ទះ កម្មកររោងចក្រ កម្មករសំណង់ និងកសិករជាដើម។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិយាយថា រាជរដ្ឋាភិបាលកម្ពុជានឹងជួយការពារពលករ តាមរយៈអនុស្សារ ណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាតាំងពីជាង ១០ឆ្នាំមុន។តែអនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស Hunman Rights Watch លោក Phil Robertson បានបង្ហាញការព្រួយបារម្ភចំពោះគម្រោងរបស់កម្ពុជានេះ។ លោកមានប្រសាសន៍ប្រាប់សារព័ត៌មាននេះថា ពលករជាច្រើននឹងប្រឈមមុខទៅនឹងការរំលោភសិទ្ធិមនុស្សនៅប្រទេសគុយវ៉េត។ ជាងនេះ ពួកគេងាយរងគ្រោះក្នុងករណីរំលោភបំពានលើរូបរាងកាយ និងពាក្យសម្ដី ការបង្ខំដោយឱ្យធ្វើការបន្ថែមម៉ោងមិនបើប្រាក់ឈ្នួល និងបិទសិទ្ធិសេរីភាពជាដើម។ លោកបន្ថែមថា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាមានការហ្មត់ចត់ចំពោះការការពារពលករនោះត្រូវតែមានបង្កើតនូវលេខទំនាក់ទំនងរហ័សពេលមានអាសន្នព្រមទាំងបង្កើន និងពង្រឹងក្រុមមន្ត្រីស្ថានទូតកម្ពុជានៅប្រទេសទាំងនោះ ដែលអាចធ្វើអន្តរាគមន៍ និងផ្តល់ជម្រកដល់ពលករដែលបានរងការរំលោភបំពានទាំងនោះ។ ទោះបីជាមានភាពចម្រូងចម្រាស់បែបនេះក្ដី ក៏រាជរដ្ឋាភិបាលកម្ពុជាមិនបញ្ឈប់ការបញ្ជូនពលករទៅបរទេសដែរ។

បើតាមការប៉ាន់ប្រមាណប្រជា ជនកម្ពុជាប្រហែលជា ១លាន ទៅ ២លាននាក់ គឺកំពុងតែធ្វើការនៅក្រៅប្រទេសរបស់ខ្លួនដែលភាគច្រើន គឺប្រទេសថៃ។ ការសែត UCANEWS នេះ ក៏បានចុះផ្សាយបន្ថែមអំពីបរិយាកាសការងាររបស់ស្រ្តីកម្ពុជាម្នាក់ទៀតឈ្មោះថា El Maiyan ។ យ៉ាងណា ពលករកម្ពុជានោះរៀបរាប់ថា នាងបានទៅប្រទេសអារ៉ាប់ប៊ីសាអូឌីតតាមរយៈភ្នាក់ងារការងារវៀតណាមដោយទៅធ្វើជាស្រ្តីមេផ្ទះ។ El Maiyan ធ្វើការ១៦ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្ដាហ៍ ព្រមទាំងធ្វើការហួសកម្លាំងទៀតផង។ ជាងនេះទៀត នាងត្រូវបានម្ចាស់ផ្ទះវាយទាត់ធ្វើបាបជារៀងរាល់ថ្ងៃដែលធ្វើឱ្យរាងការចុះខ្សោយរួមទាំងក្អកធ្លាក់ឈាម។ បើទោះបីជានាងត្រូវបានត្រឡប់មកកមម្ពុជាក្ដី ក៏នាងនៅតែមានអារម្មណ៍ថា ខ្លាចឈឺ និងចងចាំរឿងទាំងនេះរហូតមកដល់សព្វថ្ងៃ។

កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរលើទំព័រហ្វេសបុករបស់ខ្លួន ដោយអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ កុំគិតថា ការដែលមានពលរដ្ឋធ្វើការនៅក្រៅប្រទេសថា នេះជារឿងខុស។ សម្ដេចបញ្ជាក់ថា ប្រទេសមួយចំនួនក៏បញ្ជូនពលរដ្ឋទៅធ្វើការនៅបរទេសដូចកម្ពុជាដែរ។

ដោយឡែក លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម និងនយោបាយបានសរសេរលើទំព័រហ្វេសបុករបស់លោកថា ការបញ្ជូនពលករទៅបរទេសជាដំណឹងល្អសម្រាប់រាជរដ្ឋាភិបាល។ យ៉ាងណា អ្នកវិភាគរូបនេះ បានប្រាប់មណ្ឌលព័ត៌មានស្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះថា កម្ពុជាជាប្រទេសដែលមានកម្លាំងពលកម្មច្រើនជាងគេនៅតំបន់អាស៊ី។លោកបណ្ឌិត មាស នី បន្ថែមថា រដ្ឋាភិបាលកម្ពុជាមិនទាន់មានការយកចិត្តទុកដាក់ដល់ពលករដែលបានបញ្ជូនទៅបរទេសឱ្យបានច្រើននៅឡើយទេ។ លោក បណ្ឌិត មាស នី៖ «ក៏ប៉ុន្តែបញ្ហាដែលវាពិបាកនោះ ត្រង់ថា រដ្ឋាភិបាលកម្ពុជាយើងមិនទាន់បានផ្ដល់ការយកចិត្តទុកដាក់គ្រប់គ្រាន់ក្នុងការថែទាំពលកររបស់ខ្លួនដែលបានបញ្ជូនទៅបរទេសនឹងនៅឡើយទេនេះជាករណីដែលខ្ញុំបានឃើញនៅក្នុងប្រទេសដទៃ ហើយតាមស្ថានទូតបរទេសមួយៗ របស់កម្ពុជា ដែលមានពលករខ្មែរធ្វើការហ្នឹងក៏មិនទាន់បានបម្រើពលរដ្ឋនឹងឱ្យបានពេញដៃពេញជើង »។

ជាងនេះទៅទៀត លោកបានបញ្ជាក់ថា ប្រទេសណាក៏មានពលរដ្ឋទៅធ្វើការនៅបរទេសដែរ ប៉ុន្តែខុសគ្នាត្រង់ថា ពលករកម្ពុជាដែលទៅធ្វើការនៅបរទេស ជាការធ្វើការដោយកម្លាំង និងគ្មានជំនាញ ព្រមទាំងទទួលបានប្រាក់ឈ្នួលតិចជាដើម។ លោក បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវតាមដានលើសុវត្តិភាព សិទ្ធិការងារ ដែលនេះ គឺជាកត្តាសំខាន់បំផុត។

តាមរបាយការណ៍លទ្ធផលនៃសន្និបាតបូកសរុបការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ បង្ហាញថា រដ្ឋាភិបាលកម្ពុបានផ្តល់សេវាស្វែងរកការងារធ្វើនៅក្រៅប្រទេសដល់ពលរដ្ឋចំនួនជាង ១លាន២សែននាក់។ ក្នុងចំណោមពលករទាំងនោះ គឺពលករទៅប្រទេសថៃមានជាង ១លាននាក់ កូរ៉េខាងត្បូងចំនួន ៤ម៉ឺននាក់ ជប៉ុនចំនួន ៦ពាន់នាក់ ម៉ាឡេស៊ីចំនួន ៣ម៉ឺននាក់ សិង្ហបុរីចំនួនជិត ៥០០នាក់ និងតំបន់រដ្ឋបាលពិសេសហុងកុង បានចាប់ផ្ដើមបញ្ជូនពលការិនីចំនួន ១៥នាក់។ របាយការណ៍ដដែលនោះ ក៏បានអះអាងថា ប្រជាពលរដ្ឋកម្ពុជាមានការងារធ្វើសរុបមានចំនួន ៩៩,៣%។

របាយការណ៍រវាងអង្គការពលកម្មអន្តរជាតិ (ILO) និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ចែញផ្សាយថា ពលករខ្មែរធ្វើការនៅបរទេស មួយចំនួន ៨នាក់ ក្នុងចំណោម ១០នាក់ ត្រូវបានរំលោភបំពានសិទ្ធិការងារ ដែលស្មើនឹង ៨០ភាគរយ។ ជាងនេះ ពលករខ្មែរ ៧នាក់ ក្នុងចំណោម១០នាក់ មានបញ្ហាជំងឺផ្លូវចិត្ត ដែលស្មើនឹង ៦៦ភាគរយ៕

website_news/2018031202.txt · Last modified: 2018/12/03 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki