website_news:2018040101

តុលាការផ្តន្ទាទោសស្ត្រីម្នាក់ ដាក់ពន្ធនាគារ៨ឆ្នាំ ករណី នាំនារីខ្មែរឆ្លងដែន ទៅធ្វើពេស្យាចារ្យប្រទេសចិន

https://www.dap-news.com/kh/ ថ្ងៃពុធ, 03 មករា ២០១៨ 15:00 ដោយ: គិរី ID:013

ភ្នំពេញ៖ លោក លី លីបម៉េង ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ប្រកាសសាលក្រមផ្ដន្ទាទោសស្ត្រីម្នាក់ ដាក់ពន្ធនាគារ៨ឆ្នាំ និងបង្គាប់ឱ្យសងជំងឺចិត្តដល់ជនរងគ្រោះ ចំនួនពីរនាក់ ក្នុងម្នាក់ៗពីរលានរៀល ពីបទ ការនាំយកចេញដោយមិនស្របច្បាប់ ដោយមានគោលដៅ ពាក់ព័ន្ធករណី បញ្ជូននារីខ្មែរពីរនាក់ ទៅធ្វើពេស្យាចារនៅបរទេស។

ជនជាប់ចោទឈ្មោះ អ៊ុច សេងហុង ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ មុខរបរ ជាអ្នកធ្វើចម្ការ ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោងប្រមាណ ១៖៣០នាទី រសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅពេលជនសង្ស័យ បាននាំនារីរងគ្រោះពីរនាក់ មកពីស្រុកកំណើត បម្រុងនាំចេញទៅប្រទេសចិន ។

សមត្ថកិច្ចបានឱ្យដឹងថា លុះពេលនាំជនរងគ្រោះ មកដល់ផ្លូវ៦A ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ពួកគេបានចុះពីរថយន្តតាក់ស៊ី ដើម្បីរង់ចាំមេខ្យល់នៅភ្នំពេញទៅទទួលយក ។ ពេលកំពុងឈប់ចាំមេខ្យល់ ក៏ត្រូវបានសមត្ថកិច្ចទៅនាំខ្លួន ទៅកាន់ការិយាល័យដើម្បីធ្វើការសាកសួរ ។ ជនសង្ស័យឈ្មោះ អ៊ុច សេងហុង បានសារភាពថា ខ្លួនពិតជាបាននាំ នារីអ្នកចម្ការពីរនាក់ យកមកឱ្យមេខ្យល់នៅភ្នំពេញនេះមែន និងមានគោលដៅនាំពួកគេ ទៅកាន់ប្រទេសចិន តាមច្រកព្រំដែនអន្តរជាតិ កម្ពុជា-វៀតណាម បាវិតខេត្តស្វាយរៀង ។

ចម្លើយជនសង្ស័យ ប្រាប់សមត្ថកិច្ចថា សកម្មភាពនាំនារីខ្មែរ បម្រុងទៅលក់ដូរ នៅប្រទេសចិននេះ រូបគេទទួលបានប្រាក់ពីមេខ្យល់ ក្នុងនារីម្នាក់ ចំនួន ២.០០០ដុល្លារអាមេរិក ប៉ុន្តែប្រាក់នេះ គេបានចំណាយទៅវិញ ក្នុងការធ្វើដំណើរអស់៥០០ដុល្លារ ផងដែរ ។ ជនសង្ស័យជាមុខសញ្ញា ធ្លាប់ប្រកបមុខរបរនាំនារីខ្មែរ លក់ទៅប្រទេសចិន ចំនួន៣ លើកមកហើយ និងមាននារីខ្មែរ៣នាក់ ដែលបានរងគ្រោះដោយស្នាដៃ ជនសង្ស័យរូបនេះ៕

website_news/2018040101.txt · Last modified: 2018/01/04 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki