website_news:2018040103

ប៉ូលិសរំលោភក្មេងស្រីដល់ទៅ២នាក់ បែរជារួចខ្លួន

http://www.yobminh.com/ ប្រភពគេហទំព័រ យប់មិញ បញ្ញា January 4, 2018

អាណាព្យាបាលកុមារីពីរនាក់ជាជនជាតិដើមភាគតិចចារ៉ាយ រស់នៅខែត្ររតនគិរី សម្រេចទទួលសំណង ១ម៉ឺន ២ពាន់ដុល្លារ ពីនគរបាលម្នាក់ដែលចាប់រំលោភកូនស្រីរបស់ខ្លួនពីរនាក់ ដើម្បីបញ្ចប់សំណុំរឿងព្រហ្មទណ្ឌ។ ប៉ុន្តែមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកករណីនេះ ជាទង្វើខុសច្បាប់ និងបង្ហាញពីការកើនឡើងនូវវប្បធម៌និទ្ទណ្ឌភាព ទោះបីជាជនល្មើសបានផ្ដល់សំណងជំងឺចិត្តយ៉ាងណាក្ដី។ អាណាព្យាបាលក្មេងស្រីពីរនាក់ នៅខែត្ដរតនគីរីឲ្យដឹងនៅថ្ងៃទី៣ មករា ថា មូលហេតុដែលលោកព្រមទទួលសំណង ដោយសារ ពួកគាត់ក្រីក្រគ្មានប្រាក់ប្ដឹងរឿងនេះទៅតុលាការ ហើយពួកគេក៏គ្មានជំនឿលើតុលាការដែរ ថានឹងស្វែងរកយុត្តិធម៌ជូនគ្រួសារគាត់បាន។

បុរសដែលត្រូវជាឪពុកក្មេងស្រីរងគ្រោះជាជនជាតិដើមភាគតិចចារ៉ាយ ឲ្យដឹងថា លោកសម្រេចដកពាក្យបណ្ដឹងសំណុំរឿងនេះ ខណៈដែលជនសង្ស័យឯកភាពព្រមផ្ដល់សំណងជាប្រាក់ ជាង ១ម៉ឺនដុល្លារ។ លោករំឭកថា កាលពីចុងខែធ្នូ ឆ្នាំ ២០១៧ នគរបាលនៃប៉ុស្តិ៍រដ្ឋបាលឃុំ ម្នាក់ឈ្មោះ មាស សោភ័ណ បានចាប់រំលោភកូនស្រីរបស់លោកអាយុ ១៤ ឆ្នាំម្នាក់ និងកុមារីម្នាក់ទៀតត្រូវជាបងប្អូនជីដូនមួយបានសម្រេច។ លោកបាន ប្ដឹងរឿងនេះទៅប៉ុស្តិ៍រដ្ឋបាលឃុំ ក៏ប៉ុន្តែដោយមានអាជ្ញាធរ និងមេប៉ុស្តិ៍នគរបាលសម្របសម្រួលរឿងនេះ លោកសម្រេចដកពាក្យបណ្ដឹងវិញ៖ «អត់ប្ដឹងទៅគឺតាមប្រពៃណី មូលហេតុគេសងជំងឺចិត្ត ទាំងអស់ពីរនាក់ហ្នឹង មួយម៉ឺនពីរពាន់ដុល្លារ»។

កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៧ ឪពុកជនរងគ្រោះ បានដាក់ពាក្យប្ដឹងករណីនេះទៅនគរបាលនៃប៉ុស្តិ៍រដ្ឋបាលឃុំ។ ខ្លឹមសារពាក្យបណ្តឹងនោះគឺប្ដឹងឈ្មោះ មាស សោភ័ណ ពីបទរំលោភផ្លូវភេទ លើកុមារីកំពុងសិក្សាថ្នាក់ទី៦។ លើសពីនេះ គឺរាល់ពេលដែលនាងចេញពីសាលារៀន នាងតែងតែទៅជួយការងារផ្ទះ ក្រោយមកជនសង្ស័យឈ្មោះ សោភ័ណ បានលួងលោមនាងឲ្យទៅក្រុងបានលុង ខែត្ររតនគិរីដោយសន្យាថា ទិញទូរស័ព្ទដៃ និងខ្សែក នាងយល់ព្រមទៅជាមួយ តែនគរបាលរូបនោះបែរជានាំនាងទៅផ្ទះសំណាក់ រួចចាប់រំលោភ។

មេភូមិម្នាក់ទទួលស្គាល់ថា បទល្មើសឧក្រិដ្ឋមិនអាចសម្របសម្រួលក្រៅប្រព័ន្ធតុលាការបានទេ ក៏ប៉ុន្តែអាណាព្យាបាលជនរងគ្រោះបានសំណូមពរឲ្យសម្របសម្រួលសំណុំរឿងនេះ ដោយសារមិនចង់មានរឿងវែងឆ្ងាយ ម្យ៉ាងជនសង្ស័យដែលជាមន្ត្រីប៉ូលិសគឺជាសាច់ញាតិ៖ «ខាងប៉ូលិសព្រហ្មទណ្ឌគាត់ថា ចង់ធ្វើការព្រហ្មទណ្ឌដែរ តែខាងឪពុកម្ដាយជនរងគ្រោះគេសុំសម្របសម្រួលគ្នា។ ខាងយើងនេះក្រីក្រដែល អត់មានលុយ សម្របសម្រួលអ៊ីចឹងទៅបើគេសងយើងហើយ យើងព្រមដែលក៏ធ្វើកិច្ចសន្យាទៅ»។

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) ខែត្ររតនគិរី លោក ឌិន ខន្នី ពន្យល់ថា សំណុំរឿងបទល្មើសឧក្រិដ្ឋ មិនអាចមានអាជ្ញាធរណាមួយ សម្របសម្រួលបានទេ។ លោកថា អាជ្ញាធរមូលដ្ឋាន និងមេប៉ុស្តិ៍រដ្ឋបាលណា ដែលហ៊ានចេញមុខសម្របសម្រួលបទល្មើសឧក្រិដ្ឋ គឺជាទង្វើខុសច្បាប់។ លោកបញ្ជាក់ថា ការសម្របសម្រួលផ្ដល់សំណង មិនអាចបញ្ចប់សំណុំរឿងព្រហ្មទណ្ឌបានទេ គឺគ្រាន់តែការជួសជុលការខូចខាត រីឯទោសព្រហ្មទណ្ឌនៅតែអនុវត្ត៖ «ទោះបីជាការសម្របសម្រួលរឿងសងលុយ សងកាក់តែនេះពុំមែនជាការសម្របសម្រួលបញ្ចប់រឿងព្រហ្មទណ្ឌទេ តែនេះអ្វីដែល គាត់សងលុយសងកាក់ គ្រាន់តែជាការជួសជុលការខូចខាត ធ្វើឲ្យកុមារីរងគ្រោះ។ ចំណែកឯទោសព្រហ្មទណ្ឌគាត់នៅទទួលរងដដែលគឺជាប់ពន្ធនាគារ»។

លោក ឌិន ខន្នី សង្កត់ធ្ងន់ថា ការសម្របសម្រួលផ្ដល់សំណង ដើម្បីបញ្ចប់សំណុំរឿងព្រហ្មទណ្ឌ គឺជាសញ្ញាបង្ហាញពីការកើនឡើងវប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ បង្កឲ្យជនល្មើសមិនរាងចាល និងមិនខ្លាចច្បាប់ ។ ក្រមព្រហ្មទណ្ឌមាត្រា ២៤០ និង ២៤១ ចែងថា បទរំលោភសេពសន្ថវៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំ ឡើងទៅ ១៥ឆ្នាំ។ បទល្មើសនេះ គឺប្រព្រឹត្តទៅលើបុគ្គលទន់ខ្សោយដោយមូលហេតុអាយុនៃបុគ្គល ដោយបុគ្គលដែលមានអំណាចទៅលើជនរងគ្រោះ និងការប្រើគ្រប់វិធីដែលនាំឲ្យជនរងគ្រោះបាត់បង់ ឬចុះខ្សោយលទ្ធភាពទប់ទល់ ៕

website_news/2018040103.txt · Last modified: 2018/01/04 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki