website_news:2018040104

ពលរដ្ឋខេត្តឧត្តរមានជ័យ ងាកមកប្រកបរបរកសិកម្ម កាត់បន្ថយការធ្វើចំណាកស្រុក

http://bayontv.com.kh/ 03/01/2018

ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ ជាបណ្តើរៗ បានងាកមកប្រកបរបរដាំដំណាំកសិកម្មវិញហើយ ដើម្បីចៀសវាងការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសដោយប្រថុយប្រថាន។ ដោយបច្ចុប្បន្ននេះ ដំណាំដំឡូងមី និងដំណាំផ្សេងៗមានកំណើនតម្លៃពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យប្រជាកសិករនៅ ក្នុងភូមិទឹកថា្ល ឃុំបុស្សស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចំនួនប្រមាណជា៧០ភាគរយ ដែលពីមុនតែងតែធ្វើចំណាក ស្រុកទៅរកការងារនៅឯប្រទេសថៃនោះ ងាកមកប្រកបរបរដាំដំណាំដំឡូងមី នៅក្នុងមូលដ្ឋានស្រុករបស់ខ្លួនវិញ ដើម្បីកាត់ បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ទៅរកការងារធ្វើ។

ប្រជាពលរដ្ឋក្នុងភូមិនេះ បានយល់ឃើញថា បច្ចុប្បន្ននេះ ការងារនៅក្នុងស្រុក ក៏អាចជួយរកប្រាក់កម្រៃបានច្រើនគួរសមដែរ សម្រាប់យកមកផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេ បើទោះបីជាការងារមួយចំនួនមានការលំបាកបន្តិចក្តី។ អ្នកភូមិឈ្មោះ ម៉ៅ សឺត រស់ក្នុងភូមិទឹកថា្ល ឃុំបុសស្បូវ ក្រុងសំរោង បានឲ្យដឹងថា កន្លងមក គ្រួសាររបស់គាត់តែងតែទៅធ្វើការងារជាកម្មករសំណង់នៅឯប្រទេសថៃ ដោយទទួលបានប្រាក់ចំនួន២០០បាតក្នុងមួយថ្ងៃ តែទូទាត់លើការចំណាយផ្សេងៗ គឺនៅសល់តិចណាស់ ពុំបានសល់ប្រាក់កាក់ច្រើនទេ ពេលគាត់ត្រលប់ មកផ្ទះវិញម្តងៗ នោះទេ ទើបគាត់បានសម្រេចចិត្តងាកមកប្រកបរបរកសិកម្ម ដាំដំណាំដំឡូងមី នៅជិតផ្ទះវិញម្តង លើផ្ទៃដីចំនួន១ហិកតា កន្លះ ដោយក្នុងមួយឆាំ្នៗ គាត់អាចប្រមូលផលដំណាំរបស់គាត់បានចំនួន២ដង នៃការដាំដំណាំដំឡូងមីនេះ ដោយរយៈ ពេល១ឆាំ្ន ជាង គាត់ធ្វើបានពី៨តោនទៅ១០តោន សម្រាប់ដីមួយហិកតា បើសិនជាអាកាសធាតុអំណោយផលល្អ។

កសិកររូបនេះ បានឲ្យដឹងថា ឆាំ្នតម្លៃដំឡូងមីបានហក់ឡើងខ្ពស់ជាងឆ្នាំមុន គឺលក់បានថ្លៃ៥បាតកន្លះ ក្នុងមួយគីឡូ ក្រាម ខណៈឆ្នាំមុនលក់បានថ្លៃតែ២បាតទៅ៣បាតប៉ុណ្ណោះ ដែលសឹងតែមិនរួចថ្លៃដើមទុនផង។ គាត់បានបញ្ជាក់ថា ការដំណាំនេះ គឺមានមន្ត្រីជំនាញកសិកម្ម និងអង្កការមួយចំនួន បានចុះមកធ្វើការណែនាំពីវិធី សាស្ត្រផ្សេងៗដល់រូបគាត់ផងដែរ ទើបអាចទទួលបានផលល្អដូច្នេះ និងធ្វើឲ្យពួកគាត់មិនចាំបាច់ធ្វើចំណាកស្រុកទៅធ្វើ ការងារនៅប្រទេសថៃដូចមុនឡើយ។ គាត់មានមហិច្ឆតា ពង្រីកផ្ទៃដីដាំដំឡូងមីនេះ បន្ថែមទៀតទៅពេលអនាគត។

លោក សូត្រ ស៊ីសុឃាង ប្រធានមន្ទីរកសិកម្ម ខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ជារៀងរាល់ខែ លោកតែងតែបញ្ជូន មន្ត្រីជំនាញចុះទៅអប់រំ និងផ្សព្វផ្សាយពីវិធីសាស្ត្រផ្សេងៗដល់ពលរដ្ឋនៅតាមសហគមន៍ ឲ្យពួកគេមានការយល់ដឹង កាន់តែច្បាស់ អំពីរបៀបនៃការធ្វើកសិកម្ម និងការដាំដំណាំផ្សេងៗនៅតាមមូលដា្ឋនរបស់ខ្លួន ដើម្បីកាត់បន្ថយការធ្វើ ចំណាកស្រុកទៅក្រៅប្រទេសដោយប្រថុយប្រថាន៕

website_news/2018040104.txt · Last modified: 2018/01/04 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki