website_news:2018040105

កំពូលបង្វិលសំណុំរឿង នាំមនុស្សរៀបការប្ដីចិនមកឧទ្ធរណ៍វិញ

http://www.postkhmer.com/ ភ្នំពេញប៉ុស្ដិ៍ Thu, 4 January 2018 គឹម សារុំ

ភ្នំពេញៈ តុលាការកំពូលកាលពីម្សិលមិញបានបង្វិលសំណុំរឿង និងបង្គាប់ឲ្យសាលាឧទ្ធរណ៍ជំនុំជម្រះឡើងវិញនូវសំណុំរឿងស្ត្រីជាប់ចោទម្នាក់ពាក់ព័ន្ធនឹងការនាំនារីខ្មែរ ២ នាក់ទៅរៀបការប្តីចិន បន្ទាប់ពីជម្រះកាលពីថ្ងៃទី ២៥ ខែធ្នូ ខណៈរឿងនេះធ្លាប់ត្រូវបានសាលាឧទ្ធរណ៍បន្ថយទោសពី ៩ ឆ្នាំមក ៨ ឆ្នាំ។ តាមសាលដីកាដែលអានដោយលោក ចៅក្រម គង់ ស្រ៊ីម ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅចំពោះមុខស្ដ្រីជាប់ចោទឈ្មោះ អ៊ុក វ៉ាន់នី អាយុ ៦២ ឆ្នាំថា ក្រោយពីបានស្តាប់ការសន្និដ្ឋានរបស់តំណាងមហាអយ្យការ និងមេធាវីជនជាប់ចោទ និងតាមសំអាងហេតុថានារីទាំង ២ នាក់ពិតជាមានចេតនាទៅរៀបការប្តីនៅចិនមែន។ លោកថ្លែងបញ្ជាក់ថា៖ «អង្គហេតុនេះពុំមានធាតុផ្សំគ្រប់គ្រាន់ដើម្បីចោទប្រកាន់ជនជាប់ចោទទេ ។ ដូច្នេះតុលាការកំពូលបដិសេធសាលដីកាសាលាឧទ្ធរណ៍ និងបង្វិលទៅសាលាឧទ្ធរណ៍ឲ្យជំនុំជម្រះរឿងនេះឡើងវិញ»។

គួររំឭកថាកាលពីថ្ងៃជំនុំជម្រះលោក កៅ សុភ័ត្រា មេធាវីការពារសិទ្ធិឲ្យស្ត្រីជាប់ចោទបានប្រាប់ចៅក្រមថាកូនក្តីលោកបានឆ្លើយគ្រប់ដំណាក់កាលថាគាត់មិនបានប្រព្រឹត្តទេ តែពួកនារីរងគ្រោះចង់ទៅខ្លួនឯង។ ចំណុចនេះបញ្ជាក់ថាកូនក្តីលោកមិនបានធ្វើអ្វីឲ្យខូចខាតដល់នារីរងគ្រោះទេ ខ្ញុំសូមតុលាការបង្វិលសំណុំរឿងនេះទៅសាលាឧទ្ធរណ៍ជម្រះឡើងវិញ។

ស្ត្រីជាប់ចោទបានឆ្លើយកាលពីថ្ងៃបើកសវនាការថានារីរងគ្រោះ ឈ្មោះ សំ ស្រីទូច គឺត្រូវជាកូនធម៌របស់ខ្លួនហើយពេលនោះនាងខឹងអ្នកស្រីហាមមិនឲ្យនិយាយទូរស័ព្ទច្រើនហើយក៏ប្តឹងសមត្ថកិច្ចថាអ្នកស្រីនាំនាងទៅចិនតែម្ដងទៅ។ ចំណែកនារីទៀតឈ្មោះ វ៉ាត់ លី គឺម្តាយនាងសុំឲ្យអ្នកស្រីជួយណែនាំទៅធ្វើការនៅចិនព្រោះម្តាយគាត់ដឹងថាអ្នកស្រីមានកូនស្រី ២ នាក់នៅចិន។

តាមកំណត់ហេតុថាស្ត្រីឈ្មោះ អ៊ុក វ៉ាន់នី បានលួងលោមនារីខ្មែរ ២ នាក់ថាទៅធ្វើការនៅចិនបានប្រាក់ខែ ៨០០ ដុល្លារ។ បន្ទាប់ពីនារីរងគ្រោះយល់ព្រមស្ត្រីជាប់ចោទក៏ចេញលុយ ១៥០ ដុល្លារឲ្យដើម្បីរត់ការឯកសារ។ កំណត់ហេតុក៏បានកត់ត្រាដែរថាបន្ទាប់ពីរត់ការឯកសារបានហើយកូនប្រុសរបស់ស្ត្រីជាប់ចោទ ឈ្មោះ អ៊ុក ចំរើន បានឌុបនារីរងគ្រោះមកផ្ទះរបស់ស្ត្រីជាប់ចោទក្នុងបំណងនាំចេញតាមច្រកព្រំដែនវៀតណាម តែក៏ត្រូវនគរបាលឃាត់ខ្លួននៅថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ២០១៥ នៅភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

សំណុំរឿងនេះត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសស្ត្រីជាប់ចោទដាក់ពន្ធនាគារ ៩ ឆ្នាំនៅថ្ងៃទី ៥ ខែមេសាឆ្នាំ ២០១៦ ចោទពីបទ «ប៉ុនប៉ងនាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន» និងបង្គាប់ឲ្យសងប្រាក់ទៅនារីរងគ្រោះម្នាក់ ២ លានរៀល។ ឯឈ្មោះ អ៊ុក ចំរើន ឲ្យរួចខ្លួន។ ប៉ុន្តែស្ត្រីជាប់ចោទបានប្តឹងជំទាស់មកសាលាឧទ្ធរណ៍ហើយត្រូវសាលាឧទ្ធរណ៍បន្ថយទោសមកត្រឹម ៨ ឆ្នាំវិញ និងរក្សាប្រាក់សំណងដដែល ៕

website_news/2018040105.txt · Last modified: 2018/01/04 14:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki