website_news:2018040107

រដ្ឋបាលខេត្តឧត្តរមានជ័យ ជូនដំណឹងស្តីពីការដំណើរការអនុវត្តន៍ប័ណ្ណព្រំដែនកម្ពុជា-ថៃគំរូថ្មី

http://www.akp.gov.kh/kh/ AKP ឧត្តរមានជ័យ ថ្ងៃទី០៤ ខែមករា ឆ្មាំ២០១៨

រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងស្តីពីការចាប់ដំណើរការអនុវត្តន៍ប័ណ្ណព្រំដែនកម្ពុជា-ថៃគំរូថ្មី នៅថ្ងៃថ្ងៃពុធ ២រោជ ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨។ សេចក្តីជូនដំណឹងនេះបានឱ្យដឹងថា ដោយអនុលោមតាមស្មារតីអនុក្រឹត្យលេខ ២៧២ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ដីពីប័ណ្ណព្រំដែនកម្ពុជា-ថៃ និងលិខិតលេខ១៤៧៧ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧របស់ក្រសួងមហាផ្ទៃ ស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ រដ្ឋបាលខេត្តឧត្តរមានជ័យមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ព្រះតេជគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យឱ្យបានជ្រាបថា រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងការចាប់ដំណើរការអនុវត្តន៍ប័ណ្ណព្រំដែនកម្ពុជា-ថៃគំរូថ្មីនេះ ស្របការណែនាំចាប់ពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះតទៅ ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានទីលំនៅអចិន្ត្រៃយ៍នៅក្នុងខេត្តឧត្តរមានជ័យ អាចដាក់ពាក្យសុំប័ណ្ណព្រំដែនកម្ពុជា-ថៃ នៅសាលាខេត្តឧត្តរមានជ័យរៀងរាល់ម៉ោងធ្វើការ ដោយសាមីខ្លួនផ្ទាល់ត្រូវភ្ជាប់មកជាមួយនូវ ៖

១-ពាក្យស្នើសុំប័ណ្ណព្រំដែនចំនួន០១ច្បាប់ ដោយបិទរូបថត ចុះហត្ថលេខា ឬផ្ដិតស្នាមមេដៃស្ដាំរបស់សាមីខ្លួននៅលើពាក្យស្នើសុំ(ពាក្យស្នើសុំមានផ្ដល់ជូននៅសាលាខេត្ត)។

២-រូបថតសាមីខ្លួនបច្ចុប្បន្នទំហំ ៤×៦ ថតចំពីមុខគ្មានពាក់មួក ឬវ៉ែនតា ចំនួន២សន្លឹក។

៣-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្រកំណើតដែលជាច្បាប់ដើម ឬច្បាប់ចម្លងត្រឹមត្រូវតាមច្បាប់ដើម។ ៤- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។

ចំពោះកុមារដែលមានអាយុក្រោម១៥ឆ្នាំ ត្រូវមានសំណើសុំ ឬការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឳពុក ឬម្ដាយ ឬអាណាព្យាបាល។ ដោយឡែកចំពោះកុមារអាយុក្រោម ១២ឆ្នាំអាចដាក់បញ្ចូលជាមួយប័ណ្ណព្រំដែនរបស់ឳពុក ឬម្ដាយ ឬអាណាព្យាបាល ដោយភ្ជាប់មកជាមួយនូវឯសារពាក់ព័ន្ធ។

ចំពោះប័ណ្ណព្រំដែនប្រភេទចាស់ដែលបានផ្ដល់ជូនរួចហើយ នឹងនៅបន្តប្រើប្រាស់រហូតដល់អស់សុពលភាព។ មន្ត្រីរដ្ឋបាលខេត្តឧត្តរមានជ័យក៏បានឱ្យដឹងថា រដ្ឋបាលខេត្តនឹងបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃគំរូថ្មី៕ ដោយទិត ស៊្រ

website_news/2018040107.txt · Last modified: 2018/01/04 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki