website_news:2018040108

វិចារណកថាៈ បទល្មើសឆ្លងដែន នៅតែកើតឡើង យ៉ាងពេញបន្ទុក

https://www.dap-news.com/kh/ ព្រហស្បតិ៍, 04 មករា ២០១៨ 08:29 ដោយ: វាសនាដារាវិជ័យ ID:012

ប្រភពពីប្រជាពលរដ្ឋ រស់នៅតាមតំបន់ព្រំដែន ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅច្រករបៀងអូរបីជាន់ សព្វថ្ងៃនេះមានឈ្មួញ នាំចូលជ្រូករស់ មាន់ទា រស់ ក្នុង មួយថ្ងៃៗរាប់ ពាន់រាប់ម៉ឺនក្បាល ហើយមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការទប់ស្កាត់នោះទេ ។ ការដែលឈ្មួញអាចធ្វើអ្វីៗស្រេចតែអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសមត្ថកិច្ចប្រចាំច្រករបៀងអូរបីជាន់ និងចៅហ្វាយនាយរបស់ពួកគេ ដែលជាឧត្តមសេនីយ៍យោធា២រូប ដូចដែលបណ្ដាញព័ត៌មាននានាបានចុះផ្សាយជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ ម៉ូតូគេចពន្ធនិងទំនិញគេចពន្ធជាច្រើនប្រភេទត្រូវឈ្មួញនាំចូលតាមច្រករបៀងអូរបីជាន់យ៉ាងរលូនដូចមុនដដែល ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ មិនទាន់ចាត់វិធានការទប់ស្កាត់ឲ្យស្របទៅតាមបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនៅឡើយទេ ។

គួររំលឹកដែរថា កាលពីប៉ុន្មានខែមុននេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានចេញបទបញ្ជាឲ្យបិទច្រករបៀងទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ដែលជាប់ព្រំប្រទល់ជាមួយប្រទេសថៃ ដើម្បីពង្រឹងសន្តិសុខនៅតាមព្រំដែន ក៏ដូចជាទប់ស្កាត់បទល្មើសឆ្លងដែន។ ក៏ប៉ុន្តែជាក់ស្ដែងច្រករបៀងអូរបីជាន់ និងច្រករបៀងមួយចំនួនទៀតនៅស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកម៉ាឡៃ និងស្រុកថ្មពួក នៅតែដំណើរការយ៉ាងរលូនដដែល។ នៅច្រករបៀងចំការគ ឃុំស្លក្រាម ស្រុកស្វាយចេក នៅតែមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់រឿងឈ្មួញលួចនាំចូលម៉ូតូគេចពន្ធ រថយន្តចង្កូតស្ដាំ និងទំនិញគេចពន្ធជាច្រើនប្រភេទទៀត យ៉ាងពេញបន្ទុកដដែល។ នៅតាមច្រករបៀងខ្លះមានការឃុបឃិតឲ្យពលរដ្ឋខ្មែរឆ្លងដែនចូលកាប់ឈើគ្រញូងលើទឹកដីថៃ និងបើកឲ្យពលករខ្មែរឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើលើទឹកដីថៃ ហើយត្រូវសមត្ថកិច្ចថៃ ចាប់បញ្ជូនត្រឡប់មកវិញរាប់ពាន់រាប់ម៉ឺននាក់

ការដែលច្រករបៀងមួយចំនួនតាមព្រំដែនកម្ពុជា-ថៃក្នុងខេត្ត បន្ទាយមានជ័យ នៅតែអាចដំណើរការយ៉ាងរលូនគឺដោយសារតែ មន្រ្តីអាជ្ញាធរខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចក្នុងខេត្តនេះមិនយកចិត្តទុកដាក់អនុវត្តន៍ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ នៅតាមច្រករបៀងខ្លះឈ្មួញកំពុងបន្តនាំចូលរថយន្តចង្កូតស្ដាំ ម៉ូតូគេចពន្ធនិងទំនិញគេចពន្ធពីទឹកដីថៃយ៉ាងអនាធិបតេយ្យ ហើយថែមទាំងមានការនាំចូលឈើគ្រញូងពីទឹកដីថៃផងដែរ។ តាមច្រករបៀងខ្លះទៀតឈ្មួញអាចនាំចូលទំនិញជាប្រភេទចំណីអាហារខូចគុណភាពមានលាយសារធាតុគីមី ដូចជាសាច់មាន់ ឆ្អឹងមាន់ ស្លាបមាន់ គ្រឿងក្នុងមាន់ គ្រឿងក្នុងជ្រូក និងប្រហិតជាច្រើនមុខពីទឹកដីថៃមកលក់ចែកចាយលើទីផ្សារកម្ពុជា។ ប្រការនេះកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពពលរដ្ឋខ្មែរដែលទិញគ្រឿងឧបភោគ បរិភោគទាំងនោះយកទៅទទួលទាន។

នៅតាមច្រកព្រំដែននិងច្រករបៀង ជាច្រើនកន្លែងក្នុងខេត្តបាត់ ដំបង ដូចជានៅស្រុកសំឡូត ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ឈ្មួញនៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។ ជាពិសេសផលិតផលពីសត្វ ដូចជាសាច់មាន់ សាច់ជ្រូក គ្រឿងក្នុងមាន់ គ្រឿងក្នុងជ្រូក និងប្រហិតច្រើនប្រភេទត្រូវ ឈ្មួញនាំចូលពីទឹកដីថៃយ៉ាងពេញបន្ទុក ហើយមន្រ្តីជំនាញ និងសមត្ថកិច្ចនៅច្រកភ្នំដី និងច្រកអូររំដួល ជាដើមគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅយ៉ាងសុខស្រួល។ កន្លងមកសមត្ថកិច្ចតាមច្រកព្រំដែនក្នុងខេត្តបាត់ដំបង បង្កា្របតែឈ្មួញតូចតាចដែលនាំចូលផលិតផលពីសត្វតិចតួច ហើយរឹបអូសយកចំណីអាហារខូចគុណភាពទាំងនោះទៅកម្ទេចចោល ដើម្បីបង្ហាញស្នាដៃ។ ចំណែកក្រុមឈ្មួញធំៗដែលនាំចូលទំនិញជាចំណីអាហារខូចគុណភាព និងមានលាយសារធាតុគីមីរាប់សិបតោនមកចែកចាយដល់ទីផ្សារក្នុងរាជធានីភ្នំពេញមិនឃើញសមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធបង្រ្កាបឡើយ។

សរុបសេចក្ដីមក តាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តឧត្តរមានជ័យ នៅតែមានបទល្មើសឆ្លងដែនកើតឡើងយ៉ាងពេញបន្ទុក ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចនៃបណ្ដាខេត្តទាំងនេះ មិនអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនៅឡើយទេ។ ជាពិសេសនៅខេត្តបន្ទាយមានជ័យ បទល្មើសឆ្លងដែននៅតែកើតឡើងយ៉ាងរាលដាលដូចជានៅច្រកអូរបីជាន់ និងច្រករបៀងចំការគជាដើម ហើយករណី ពលករខ្មែរឆ្លងដែនខុសច្បាប់ចូលទៅរកការងារធ្វើលើទឹកដីថៃនៅតែកើតឡើងឥតឈប់ឈរ។

អ្នករកស៊ីនាំចូលម៉ូតូគេចពន្ធ រថយន្តចង្កូតស្ដាំ និងទំនិញគេចពន្ធតាមច្រករបៀងច្រើនកន្លែងក្នុងខេត្តបន្ទាយមានជ័យ មានទាំងសាច់ញាតិ របស់មន្ត្រីជាន់ខ្ពស់ក្នុងខេត្តបន្ទាយមានជ័យផងដែរ ដោយមានការឃុបឃិតបើកដៃពីសមត្ថកិច្ចនៅតាមព្រំដែនចាំជួយ សម្របសម្រួលបើកផ្លូវ។ ដូច្នេះក្រសួង និងស្ថាប័នពាក់ព័ន្ធគួរពិនិត្យឡើងវិញនឹងចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ដើម្បីកុំឲ្យបទល្មើសឆ្លងដែននៅតែបន្តកើតឡើងយ៉ាងរាលដាលពេញបន្ទុកដូចសព្វថ្ងៃនេះទៀត៕

website_news/2018040108.txt · Last modified: 2018/01/04 14:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki