website_news:2018040111

តុលាការកោះហៅស្ត្រីឆបោកយកមកសាកសួរ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៨ម៉ោង ១៤:០៤ប៉ឹង ឆដា

ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ លោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានចេញដីកាកោះហៅស្ត្រីឆបោកឈ្មោះ អៀត សារឹម ឲ្យចូលមកតុលាការ ដើម្បីសាកសួរបណ្តឹងពលរដ្ឋជាង៣០នាក់ នៅស្រុកកៀនស្វាយ ពាក់ព័ន្ធការឆបោកប្រាក់ធានាទៅធ្វើពលករនៅប្រទេសជប៉ុន ។ បច្ចុប្បន្ន ជនជាប់ចោទរូបនោះ កំពុងស្ថិតក្រោមការសាកសួររបស់លោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល ។ សូមជម្រាបថា កាលព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ពលរដ្ឋជាង៣០នាក់ មកពីស្រុកកៀនស្វាយ បានមកដាក់ពាក្យបណ្តឹង ទៅលើស្ត្រី ឆបោក ឈ្មោះ អៀត សារឹម ដែលបានឆបោកប្រាក់ពួកគាត់ ថាធានាទៅធ្វើពលករនៅប្រទេសជប៉ុន ចូលសាលាដំបូងខេត្តកណ្តាល ដើម្បីសុំឲ្យតុលាការមេត្តាជួយដោះស្រាយតាមច្បាប់ ។

ពលរដ្ឋជាច្រើនបានប្រាប់ឲ្យដឹងថា ពួកគាត់ត្រូវបានស្ត្រីឈ្មោះ អៀត សារឹម បានឆបោកពួកគាត់ ដោយលួងលោមថា បើចង់ទៅធ្វើការនៅប្រទេសជប៉ុន បានប្រាប់ខែច្រើន ចាំខ្លួនធានាយកទៅ ឲ្យតែប្រគល់ប្រាក់ឲ្យខ្លួនម្នាក់ ១,០០០ដុល្លារ ទៅ២,០០០ដុល្លារ បានទៅហើយ ។ តែអ្វីដែលពួកគាត់ខំទុកចិត្តនោះ គឺបានត្រឹមតែត្រូវស្ត្រីឆបោក អៀត សារឹម យកលុយពីពួកគាត់យកទៅចាយអស់ ពោលគឺលុយក៏អស់ មនុស្សក៏អត់បានទៅ ។ ពលរដ្ឋបានប្រាប់បន្ថែមទៀតថា ពួកគាត់មកដាក់ពាក្យបណ្តឹង គឺសូមឲ្យតុលាការមេត្តាជួយដោះស្រាយតាមច្បាប់ ។ ដែលបច្ចប្បន្ន ស្ត្រីឆបោកឈ្មោះ អៀត សារឹម កំពុងជាប់ឃុំឃាំងនៅពន្ធនាគារខេត្តកណ្តាល ។

សូមរំឭកថា កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នេះ ក្រោយគេចខ្លួនជាង២ខែ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ប្រធានសាលាដំបូងខេត្តកណ្ដាល ។ ប្រភពព័ត៌មានបញ្ជាក់ថា ស្ត្រីឆបោក អៀត សារឹម ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយនគរបាលខណ្ឌដង្កោ ចាប់ខ្លួននៅចំណុចក្នុងបុរីមួយកន្លៃង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ហើយត្រូវបានបញ្ជូនភ្លាមៗ មកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តនីតិវិធី ៕

website_news/2018040111.txt · Last modified: 2018/12/28 16:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki