website_news:2018040403

បុរសពលករខ្មែរម្នាក់,យកកាំបិតចាក់ករខ្លួនឯងព្រោះតែនឹកផ្ទះ

http://www.pheaktraprak.com/ April 3, 2018

មានករណីបុរសពលករខ្មែរម្នាក់ យកកាំបិតចាក់ករខ្លួនឯង រងរបួសធ្ងន់ មូលហេតុព្រោះតែនឹកផ្ទះ តែថៅកែមិនអោយឈប់សម្រាក់។ ករណីពលករខ្មែរយកកាំបិតចាក់ករខ្លួនឯងរបួសនេះបានកើតឡើងកាលពីវេលាម៉ោង10យប់ ថ្ងៃអាទិត្យទី01 ខែមេសា ឆ្នាំ2018 នៅត្រង់ចំណុចក្បែររបងផ្ទះ(បានសួនមីស៊ី) លេខ183/8 ស្ថិតនៅក្នុងភូមិ(ម៉ូស៊ី) សង្កាត់ស៊ូស៊ាក់ ស្រុកស៊ីរាចឆា ខេត្តឈុនបុរី ប្រទេសថៃ ។ ជនរងគ្រោះមានឈ្មោះ ផាន់ណា ភេទប្រុស អាយុ 25ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាកម្មករធ្វើការនៅក្នុងភូមិឃុំកើតហេតុ ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះបានត្រូវកាំបិតចុងស្រួចចាក់ចំករបណ្ដាលអោយរងរបួសប្រវែងមួយសង់ទីម៉ែត ឈាមហូសោចជោគខ្លួនទាំងស្ថានភាពដេកស្រែក អូយ អូយ.! ដោយការឈឺចាប់ ។

តាមការសាកសួរបឋម ជនរងគ្រោះបានរាប់រៀបទាំងទឹកភ្នែកថា បញ្ហានេះកើតឡើងដោយសាររឿងសុំថៅកែឈប់សម្រាកទៅលេងផ្ទះ តែថៅកែមិនយល់ព្រមអោយឈប់ ទើបធ្វើអោយគាត់ពិបាកចិត្តរហូតដល់យកកាំបិតមកចាក់ករខ្លួនបណ្ដាលអោយរងរបួសតែម្ដង ក្រោយពេលកើតហេតុបុរសរងគ្រោះត្រូវបាន ភ្នាក់ងារសង្គ្រោះស្រុកស៊ីរាចឆាបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យឱអូដុម។ ក្នុងករណីនេះដែរសមត្ថកិច្ចតម្រួតស្រុកស៊ីរាចឆាកំពុងធ្វើការអញ្ចើញថៅកែថៃខាងលើ អោយចូលមកបំភ្លឺក្នុងរឿងនេះនិងចាត់វិធានការដោះស្រាយអោយពលកររងគ្រោះខាងលើបានវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ។

website_news/2018040403.txt · Last modified: 2018/04/04 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki