website_news:2018040405

អឺរ៉ុបត្រួតពិនិត្យឧស្សាហកម្មនេសាទថៃ ខណៈពលករបារម្ភពីការប៉ះពាល់ការងារ

https://www.postkhmer.com/ យន់ ស៊ីនាត and Erin Handley | Publication date 04 April 2018 | 14:12 ICT

ភ្នំពេញៈ អ្នកត្រួតពិនិត្យនៃសហភាពអឺរ៉ុបនៅថ្ងៃពុធទី ៤ ខែមេសានេះ បានចុះមកត្រួតពិនិត្យឧស្សាហកម្មនេសាទនៅប្រទេសថៃ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីការពារពលករដែលមានទាំងជនជាតិខ្មែរផង ពីការរំលោភបំពានដោយនិយោជក ប៉ុន្តែក៏បានធ្វើឲ្យមានការបារម្ភពីផលប៉ះពាល់លើការងារពួកគេផងដែរ។ ការត្រួតពិនិត្យនេះបានណត់យកកំពង់ផែ (PIPO) ដែលលទ្ធផលអាចធ្វើឱ្យសហភាពអឺរ៉ុបដកកាតព្រមាន«កាតលឿង»ក្នុងឆ្នាំ២០១៥ របស់ខ្លួនចេញពីឧស្សាហកម្មនេះឬក៏ត្រូវហាមឃាត់ការនាំចូលផលិតផលនេសាទនេះ។

តាមកាសែតបាងកក ប៉ុស្តិ៍ ដែលបានដកស្រង់សម្ដីឧបនាយករដ្ឋមន្ត្រីថៃ លោក Chatchai Sarikulya នៅមុនការចុះត្រួតពិនិត្យដោយលោកមានសុទិដ្ឋិនិយម លើកិច្ចការនេះនិងថា ថៃ បានចុះបញ្ជីពលករនេសាទបាន ១ លាននាក់ដែលមានទាំងពលករកម្ពុជា ច្រើនម៉ឺននាក់ផងដែរ។ លោកថា៖ «ថៃ លែងមានពលករចំណាកស្រុកខុសច្បាប់ធ្វើការទាក់ទងនឹងឧស្សាហកម្មនេសាទទៀតហើយ ខណៈដែលយើងបានចុះបញ្ជីពួកគេរួចរាល់នោះ»។ ប៉ុន្តែបើតាមរបាយការណ៍ចេញដោយអង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Rights Watch នៅដើមឆ្នាំនេះបានរកឃើញថាការចុះធ្វើអធិការកិច្ចពលកម្មថៃភាគច្រើនគឺបំផ្លើស ដើម្បីបានទទួលការបញ្ជាទិញពីអន្តរជាតិ ខណៈពួកគេកម្រធ្វើសម្ភាសន៍ផ្ទាល់ជាមួយពលករនេសាទ។

លោក Brad Adams នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការ HRW ប្រចាំតំបន់អាស៊ីបានថ្លែងតាមអ៊ីមែលថា៖«អធិការកិច្ចរបស់សហភាពអឺរ៉ុប ត្រូវតែធ្វើឲ្យបានតឹងរ៉ឹងជាមួយថៃហើយសូមកុំចាញ់ការបោកបញ្ឆោតទាំងនេះ ដើម្បីបង្វែរការយកចិត្តទុកដាក់លើចម្ងល់ជាច្រើនទាក់ទងនឹងការដោះស្រាយបញ្ហានៃការរំលោភបំពានកម្មករនេសាទ។

លោក ឃុន ថារ៉ូ មន្ត្រីកម្មវិធីអង្គការ Solidarity Center បានយល់ស្របថា បញ្ហាជាច្រើននៅតែមានរួមទាំងពលកម្មកុមារនិងការរឹតត្បិតលើពលករចំណាកស្រុក ខណៈម្ចាស់ទូកនិងនិយោជកជាច្រើនមានមុខតំណែងខ្ពស់នៅក្នុងរដ្ឋាភិបាលថៃ ដែលវាពិបាកសម្រាប់ពលករនេសាទទទួលបានយុត្តិធម៌ពេលពួកគេស្វែងរកសំណងតាមផ្លូវតុលាការ។ ប៉ុន្តែអ្នកនេសាទខ្មែរម្នាក់ឈ្មោះ ចេង ណាល់ អាយុ ៣១ ឆ្នាំ ដែលបានធ្វើការក្នុងឧស្សាហកម្មនេះ ១០ ឆ្នាំ បានថ្លែងថា មានការរីកចម្រើនគួរឲ្យកត់សម្គាល់តែគាត់បារម្ភពីបាត់បង់ការងារប្រសិនបើសហភាពអឺរ៉ុប ហាមនាំចូលផលិតផលនេសាទ។

លោក ណាល់ ថា គាត់បានទទួលឯកសារស្របច្បាប់កាលពីឆ្នាំមុនបន្ទាប់ពីបានបង់ប្រាក់២ម៉ឺនបាត (៦៤១ ដុល្លារ) ហើយប្រាក់ពាក់កណ្តាលត្រូវបង់ដោយនិយោជករបស់គាត់។

ប្រតិភូសហភាពអឺរ៉ុប នៅប្រទេសថៃ មិនបានឆ្លើយតបទៅនឹងសំណើសុំការបំភ្លឺទេ។ លោក ហេងសួរ អ្នកនាំពាក្យក្រសួងការងារកម្ពុជាបានថ្លែងថា បញ្ហានេះគឺសម្រាប់សហគមន៍អឺរ៉ុបនិងថៃ ដោះស្រាយ ប៉ុន្តែលោកថារដ្ឋាភិបាលថៃបានធ្វើកំណែទម្រង់ជាច្រើន និងតាំងចិត្តសហការស្មោះត្រង់ជាមួយកម្ពុជា៕ NS

website_news/2018040405.txt · Last modified: 2018/04/04 15:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki