website_news:2018040504

កម្ពុជាមានកម្លាំងពលកម្មជាង១០លាននាក់ កំពុងបម្រើការក្នុង ឆ្នាំ២០១៨

https://www.facebook.com/TheSEATVNews/ ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៨

ភ្នំពេញ ៖ វិស័យការងារនៅក្នុងប្រទេសកម្ពុជា មើលឃើញថាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងនោះអត្រាមានការងារធ្វើ ក្នុងឆ្នាំ២០១៨ មានរហូតដល់ ៩៩,៣ភាគរយ រឺ ស្មើនឹងកម្លាំងពលកម្មសរុបជាង១០លាននាក់។

យោងតាមរបាយការណ៌របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា ក្នុងឆ្នាំ២០១៨នេះ ចំនួន សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួនសរុបជាង១ម៉ឺន២ពាន់គ្រឹះស្ថាន ចំនួននេះកើនឡើងនប្រមាណ១០%ពីឆ្នាំមុន ដែលកំពុងផ្តល់ការងារដល់កម្មករនិយោជិតសរុបជិត១លាន៥សែននាក់ ក្នុងនោះមានកម្លាំងជាស្ត្រីមានជាង៨សែននាក់ គឺកើនឡើងជាង២១% ។ ចំណែកចំនួនសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធ គិតត្រឹមឆ្នាំ២០១៨នេះមានចំនួនសរុប ជិត៦០ម៉ឺនសហគ្រាស ក្នុងនោះមានកម្មករជាង២លាន៤សែននាក់! កម្លាំងពលកម្មក្នុងវិស័យកសិកម្មមានប្រមាណជាង៤លាននាក់! ពលករធ្វើការនៅក្រៅប្រទេស មានប្រមាណ១លាន២សែននាក់ និងមន្ត្រីសាធារណៈ ជាង៥សែននាក់ ។

តាមការលើកឡើងរបស់ លោក អ៊ិត សំហេង នាពេលកន្លងមកបានបញ្ជាក់ថាប្រព័ន្ធអធិការកិច្ចការងារក្នុងប្រទេសកម្ពុជាត្រូវបានកែទម្រង់ ដោយពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ដែលធ្វើឱ្យលក្ខខណ្ឌការងារ និងការទំនាក់ទំនងវិជ្ជាជីវៈកាន់តែមានភាពប្រសើរឡើង។ ទន្ទឹមនឹងនេះ បញ្ហាកូដកម្ម បាតុកម្ម ត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព ។ យន្ដការត្រីភាគីត្រូវបានពង្រឹង និងបន្ដតួនាទីដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានានា ដែលទាក់ទងនឹងផលប្រយោជន៍របស់កម្មករនិយោជិត និងនិយោជក » ។

គួរកត់សំគាល់ថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងក្នុងឆ្នាំ២០១៨ ត្រូវបានដំឡើងពីចំនួន១៥៣ដុល្លារដល់១៧០ដុល្លារ គឺកើន១១,១% បើគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត កម្មករនិយោជិតម្នាក់ៗអាចទទួលបានប្រាក់ចំណូលពី១៨៧ ទៅ១៩៨ដុល្លារអាមេរិកក្នុង១ខែ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកំពុងរៀបចំច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធានាការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិតផងដែរ ។ លោកក៏បានលើកឡើងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៨ កម្ពុជាមានសហជីពមូលដ្ឋានកើនរហូតដល់ចំនួន៤.២២៧, សហព័ន្ធសហជីព១៥៨, សហភាពសហជីព២៥, សមាគម៩, អង្គការ៤ និងសមាគមនិយោជក៨ ។

ចំពោះការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលរាជរដ្ឋាភិបាល កំពុងផ្ដល់ជូនកម្មករនិយោជិក នាពេលនេះ មានដូចជា ៖ -ការពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ ដោយមិនបង់ប្រាក់ ។ - ការផ្តល់ប្រាក់ឈ្នួល១២០% និងការឈប់សម្រាករយៈពេល៣ខែក្នុងពេលសម្រាលកូន ជូនកម្មការិនី ។ -ការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីសម្រាលកូន ១នាក់ ទទួលបាន ថវិកាចំនួន៤០ម៉ឺនរៀល, កូន២នាក់ ថវិកាចំនួន៨០ម៉ឺនរៀល និងកូន៣នាក់ ថវិកាចំនួន១លាន ២សែនរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន៥លានរៀលពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ ។

រាជរដ្ឋាភិបាលបានកំណត់ឱ្យ និយោជក ជាប់កាតព្វកិច្ចបង់វិភាគទានរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព១០០% ជំនួសកម្មករ និយោជិត ចាប់ពីខែមករា ឆ្នាំ២០១៨ ។ -រដ្ឋបាលថ្នាក់ក្រោមជាតិ បានត្រួតពិនិត្យជាប្រចាំនូវថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនី នៅតាមផ្ទះជួល និងបានផ្តល់ជូនកម្មករនិយោជិតធ្វើដំណើរតាមរថយន្តក្រុងនៅរាជធានីភ្នំពេញ ដោយឥតបង់ប្រាក់ ។ រាជរដ្ឋាភិបាលកំពុងរៀបចំដាក់ឲ្យអនុវត្តនូវរបបសន្តិសុខសង្គម ផ្នែកសោធននិវត្តន៍ឆ្នាំ២០១៩ ។ -រាជរដ្ឋាភិបាលបានផ្តល់បុរេប្រទានថវិកាចំនួនជាង៤លាន៦សែនដុល្លារសម្រាប់ទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិត ដែលរោងចក្របិទទ្វារដោយសារម្ចាស់រត់ចោល និងរៀបចំបទប្បញ្ញត្តិ ដើម្បីធានាអត្ថប្រយោជន៍របស់កម្មករនិយោជិតចំពោះករណីនេះនាពេលខាងមុខ ។ -

រាជរដ្ឋាភិបាលកំពុងបន្តពង្រឹងកិច្ចសហការជាមួយប្រទេសដៃគូ ដើម្បីបន្តផ្តល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និងផលប្រយោជន៍ពលករ ដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ និងបង្កលក្ខណសម្បត្តិឱ្យពលករក្រៅប្រទេសទទួលបានរបបគាំពារសង្គមទាំងនាពេលបច្ចុប្បន្ន និងពេលវិលត្រឡប់មកកម្ពុជាវិញផងដែរ

website_news/2018040504.txt · Last modified: 2018/05/04 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki