website_news:2018040507

ក្រសួងការងារ បញ្ចេញឈ្មោះក្រុមហ៊ុនបញ្ជូនពលករទៅជប៉ុន ស្របច្បាប់

http://kleykley.sabay.com.kh/ ពុធ, 2 ឧសភា 2018 11:17

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ បានបញ្ចេញឈ្មោះក្រុមហ៊ុនឯកជនដែលមានសិទ្ធិជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាខ្មែរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន ចំនួន៨៣ក្រុមហ៊ុន។ ចំនួននេះ គឺកើនឡើងពី៧៩ក្រុមហ៊ុន ដែលក្រសួងបានប្រកាសកាលពីដើមឆ្នាំនេះ។ ក្រសួងបញ្ជាក់ថា រាល់ក្រុមហ៊ុនណា ដែលពុំមានឈ្មោះក្នុងបញ្ជីខាងក្រោមនេះទេ គឺចាត់ទុកថាជាក្រុមហ៊ុនខុសច្បាប់ ដោយក្រសួងបានអំពាវនាវឲ្យសាធារណជន រាយការណ៍ជាបន្ទាន់ទៅទូរសព្ទលេខ ០២៣ ៨៨០ ៤៧៤ និងទំនាក់ទំនងមន្ទីរការងារទាំង២៥ រាជធានី-ខេត្ត នៅរៀងរាល់ម៉ោងធ្វើការ។ ជាមួយគ្នានេះ ក្រសួងការងារ ក៏ទើបតែបញ្ចេញឈ្មោះក្រុមហ៊ុនឯកជនស្របច្បាប់ចំនួន២៧ផងដែរ ក្នុងការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

គួររម្លឹកថា នៅក្នុងរបាយការណ៍១របស់ក្រសួងការងារ ចេញផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថា ចំនួនក្រុមហ៊ុនស្របច្បាប់បញ្ជូនពលករទៅធ្វើការនៅបរទេសមាន ៩០ក្រុមហ៊ុន។ ក្រុមហ៊ុនស្របច្បាប់ទាំងនោះ បានបញ្ជូនទៅប្រទេសគោលដៅចំនួន៦ ក្នុងប្រទេសថៃ មានចំនួន ៦១កន្លែង ម៉ាឡេស៊ី ៥៨កន្លែង ជប៉ុន ៧៩កន្លែង ហុងកុង ៦កន្លែង និងអារ៉ាប់ចំនួន២៣កន្លែង។ ដោយឡែក នៅកូរ៉េខាងត្បូងដែលជាប្រទេសមានពលករខ្មែរធ្វើការរាប់ម៉ឺននាក់ដែរនោះ គឺក្នុងរបាយការណ៍ក្រសួងការងារ មិនបានបង្ហាញឈ្មោះក្រុមហ៊ុន ឯកជនស្របច្បាប់ដែលបញ្ជូនទៅឡើយ៕

website_news/2018040507.txt · Last modified: 2018/05/04 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki