website_news:2018040601

បង្ក្រាបមេខ្យល់១ក្រុម ករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់យកទៅរៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈទៅប្រទេសចិន

http://cambodiapolice.com/ 1:17 pm 3 មិថុនា 2018

ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរ និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបង្ក្រាបមេខ្យល់ដែលបានធ្វើសកម្មភាពនាំនារីខ្មែរ ៣០នាក់ ចាប់តាំងពីឆ្នាំ២០១៤ ដល់ខែឧសភា ឆ្នាំ២០១៨ យកទៅលក់អោយបុរសជនជាតិចិន នៅប្រទេសចិនធ្វើជាប្រពន្ធ ។ ប្រតិបត្រិការនេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរ និងការពារអនីតិជន និងដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

នគរបាលនាយកដ្ឋានប្រឆាំងការជួញដូរ បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ ៤នាក់ ៖ ទី១.ឈ្មោះ ស៊ូ សុភាព ហៅ ស្រីតា ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ (មេក្លោង) ,ទី២.ឈ្មោះ ឃួន សារ៉ាវុធ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ (អ្នកសម្របសម្រួល), ទី៣.ឈ្មោះ សុខ សុទ្ធារក្ស ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ (អ្នកស្ត្រីខ្មែរទៅចិន) និងទី៤.ឈ្មោះ ផល់ ផា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកដឹកជញ្ជូន) ។ អ្នកទាំង៤នាក់ នេះស្នាក់នៅផ្ទះជួលលេខ ៩៤B សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នគរបាលនាយកដ្ឋានប្រឆាំងការជួញដូរ បានបន្តថា តាមការស្រាវជ្រាវជនសង្ស័យខាងលើបានធ្វើសកម្មភាព ឃោសនា ជ្រើសរើស នាំនារីខ្មែរបានចំនួន៣០នាក់ ចេញពីប្រទេសកម្ពុជា នាំឆ្លងដែនដោយសុខច្បាប់ទៅប្រទេសចិន ដើម្បីរៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ ដោយបានតម្លៃក្នុងម្នាក់ៗចាប់ពី ៥០០០ ដល់១០០០០ដុល្លារអាមេរិក ។ នគរបាលដដែល បញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូត រថយន្តសម្រាប់ដឹកជញ្ជូនស្ត្រីខ្មែរ ចំនួន ២គ្រឿង (១គ្រឿង ម៉ាក Lexus RX330 ពណ៌ស្ក ស្លាកលេខ ភ្នំពេញ 2AS-8028 និង១គ្រឿងទៀតម៉ាក Lexus RX300 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2N-6180) និងលុយ ៩៥០០ដុល្លារអាមេរិក រួមនឹgទូរស័ព្ទដៃចំនួន ៨គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរ និងការពារអនីតិជន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

website_news/2018040601.txt · Last modified: 2018/06/04 13:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki