website_news:2018040602

ក្រោយសួរនាំហើយ ទើបដឹងថាចាញ់បោកគេ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១៨:០២ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ អំពើឆបោកកើតមានគ្រប់រូបភាព បើសិនជាយើងខ្វះការប្រុងប្រយ័ត្ន និងខ្វះការយល់ដឹងឆាប់ជឿគេពេក។ ជាក់ស្តែងជនរងគ្រោះជាពលករខ្មែរប្រុសស្រី៥នាក់ត្រូវបាននគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតហៅសួរនាំ ខណៈពួកគេកាន់កាតចេញចូលដីថៃ (Immigration Card) ខុសប្រក្រតីមិនមែនជារបស់ខ្លួននៅទីតាំងត្រួតពិនិត្យលិខិតធ្វើដំណើរចេញក្រៅប្រទេសជាប់និងគល់ស្ពានមិត្តភាពកម្ពុជា-ថៃនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតខ្លងលឹកថ្ងៃទី៣ មិថុនា ឆ្នាំ២០១៨នេះ។ ពលករជនរងគ្រោះទាំង៥នាក់ ប្រុស៤ ស្រី១នាក់ ដោយក្នុងចំណោមនេះមានកុមា២នាក់។ ពលកររងគ្រោះទាំងនេះត្រូវបានសមត្ថកិច្ចត្រួតពិនិត្យឯកសារប៉ះចំពួកគេកាន់កាតចេញចូលដីថៃក្លែងក្លាយ មិនមែនជាឈ្មោះ និងរូបពួកគាត់ ក្រោយចូលទិញសំបុត្រចេញចូលដីថៃតម្លៃម្នាក់១០០រៀលដូចគេឯង ។

ឈ្មោះចិន សំបូរ ភេទប្រុស អាយុ៤០ឆ្នាំ មកពីភូមិ និងឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានប្រាប់សមត្ថកិច្ចថា ខ្លួនប្រុងធ្វើដំណើរទៅធ្វើការនៅខេត្តសាមុទ្រសាខនជាប់ក្រុងបាងកក ប៉ុន្តែពុំមានឯកសារស្របច្បាប់នោះទេ។ ពលកររូបនេះប្រាប់ថា ខណៈធ្វើដំណើរមកដល់ព្រំដែននៅក្រុងប៉ោយប៉ែតក៏ជួបមេខ្យល់ម្នាក់និយាយលួងលោមគាត់ដោយប្រាប់ថា គេយកតែ១០០០បាតប្រាក់ថៃទេ គឺមានកាតអាចទិញសំបុត្រដើរចេញចូលដីថៃបាន ។ ក្រុមពលកររងគ្រោះផ្សេងៗទៀតក៏លើកឡើងដូចពលករម្នាក់ខាងលើដែរ គឺគ្រប់គ្នាត្រូវគេឆបោកយកអស់ម្នាក់១០០០បាត លុះទិញសំបុត្ររួចដើរចេញមិនទាន់ដល់លើស្ពានព្រំដែនផង ត្រូវសមត្ថកិច្ចហៅសួរនាំ ទើបដឹងថាចាញ់បោកគេ ។ ពលករដែលជាជនរងគ្រោះទាំងអស់សមត្ថកិច្ចអន្តោប្រវេសន៍មិនបានយកទោសពៃរ៍អ្វីឡើយគឺគ្រាន់តែឲ្យអង្គុយចាំមើលមុខអ្នកឆបោក បើឃើញ សមត្ថកិច្ចនឹងឃាត់ខ្លួនយកប្រាក់ឲ្យវិញ និងចាត់វិធានការលើជនឆបោកនោះតាមផ្លូវច្បាប់ ។

យ៉ាងណាក៏ដោយ មកទល់នឹងរសៀលថ្ងៃដដែលសមត្ថកិច្ចមិនទាន់ឃាត់បានជនសង្ស័យណាម្នាក់នៅឡើយទេ ហើយអះអាងថា ក្រោយសួរនាំធ្វើកំណត់ហេតុរួច ពលករជាជនរងគ្រោះ និងឲ្យត្រឡប់ទៅលំនៅដ្ឋានវិញរៀងខ្លួនៗ៕

website_news/2018040602.txt · Last modified: 2018/06/04 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki