website_news:2018041003

អភិបាលខេត្តស្វាយរៀង អរគុណចំពោះអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់នៃខេត្តតៃនិញ ខេត្តឡុងអាន និងក្រុងហូជីមិញ (វៀតណាម) ទីក្រុងហូជីមិញ ដែលបានការគាំពារ និងសម្របសម្រួលការបញ្ជូនត្រឡប់មកវិញនូវកុមារកម្ពុជា ដែលបានឆ្លងដែនទៅប្រកបរបរផ្សេងៗ

http://www.cen.com.kh/archives/ October 3, 2018

ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តស្វាយរៀងនាព្រឹកថ្ងៃពុធ ០៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ បាន អញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំទ្វេភាគីស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការការពារកុមារឆ្លងដែនរវាងខេត្តស្វាយរៀង (កម្ពុជា) ជាមួយខេត្តឡុងអាន ខេត្តតៃនិញ និងទីក្រុងហូជីមិញ (វៀតណាម) ។

នៅក្នុងកិច្ចប្រជុំនេះក៍មានការអញ្ជើញចូលរួមពីលោក អ៊ឹម ហេន អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ លោក ជិន វ៉ាន់ចៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ និងលោកស្រី ង្វៀន ធីបាច់ហ្វេ នាយិការងមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្តឡុងអាន ព្រមទាំងអាជ្ញាធរជាប់ព្រំដែន សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធរបស់ភាគីទាំងពីរកម្ពុជា-វៀតណាម ប្រមាណជិត ១០០រូប ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្តស្វាយរៀងក៍ បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៃខេត្តតៃនិញ ខេត្តឡុងអាន និងក្រុងហូជីមិញ (វៀតណាម) ក៏ដូចជាស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ដែលបានសហការយ៉ាងល្អប្រសើរជាមួយនឹងខេត្តស្វាយរៀង នៅក្នុងការគាំពារ និងសម្របសម្រួលការបញ្ជូនត្រឡប់មកវិញនូវកុមារកម្ពុជា ដែលបានឆ្លងដែនទៅប្រកបរបរផ្សេងៗនៅប្រទេសវៀតណាម ប្រកបដោយសន្តិសុខសុវត្ថិភាព ស្របទៅតាមខ្លឹមសារនៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសពីរកម្ពុជា-វៀតណាម ។ ជាមួយនេះលោក ម៉ែន វិបុល ក៏បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការសហការរៀបចំកិច្ចប្រជុំនៅថ្ងៃនេះ ដែលនឹងចូល រួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែង ពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើរាល់បណ្ដាសកម្មភាព ចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមដែលភាគីពាក់ព័ន្ធទាំងពីរបានអនុវត្តនាពេលកន្លងមក ក្នុងកិច្ចគាំពារកុមារឆ្លងដែន ដើម្បីឈានទៅលើការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាព ហើយតាមរយៈការចូលរួមមតិយោបល់របស់កិច្ចប្រជុំ នឹងផ្ដល់ជាធាតុចូលដ៏សំខាន់ នៅក្នុងការរៀបចំផែនការសកម្មភាពមួយជាក់លាក់ សម្រាប់ជំរុញកិច្ចការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចពលកម្មកុមារឆ្លងដែនលើគ្រប់ទម្រង់ បានកាន់តែមានប្រសិទ្ធភាពថែមទៀត ៕ ដោយ ៖ វ៉ៃកូ

website_news/2018041003.txt · Last modified: 2018/10/04 14:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki