website_news:2018041005

កូរ៉េខាងត្បូងឲ្យពលករបរទេសខុសច្បាប់ចាកចេញពីប្រទេសខ្លួនក្នុងរយៈពេល៦ខែ

https://vodhotnews.com/ លោក ស៊ុន សុខេន OCTOBER 3, 2018 1:14 PM

អាជ្ញាធរកូរ៉េខាងត្បូង បានចេញសេចក្តីសម្រេចមួយដោយទុកពេល៦ខែឲ្យពលករបរទេសដែលកំពុងធ្វើការដោយខុសច្បាប់ចាកចេញពីប្រទេសខ្លួន បើពុំដូច្នេះទេពួកគេទាំងនោះនឹងត្រូវដាក់ចូលក្នុងបញ្ជីខ្មៅនិងហាមមិនឲ្យជាន់ទឹកដីប្រទេសនេះក្នុងរយៈពេល១០ឆ្នាំ។

តាមការចុះផ្សាយលើគេហទំព័រនាយកដ្ឋានអន្តោប្រវេសន៍កូរ៉េខាងត្បូងដែលចេញផ្សាយកាលពីម្សិលមិញ កូរ៉េខាងត្បូងបានអនុញ្ញាតឲ្យជនបរទេសដែលកំពុងធ្វើការដោយខុសច្បាប់អាចចាកចេញពីប្រទេសនេះចាប់ពីថ្ងៃទី១ ខែតុលាឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ដោយមិនយកទោសពៃរ៍អ្វីនោះទេ ។ ប៉ុន្តែតាមប្រភពដដែល ប្រសិនបើជនបរទេសណាមួយដែលធ្វើខុសច្បាប់នៅតែរឹងទទឹងដោយបន្តធ្វើការក្រោយរយៈពេលដែលបានកំណត់ខាងលើ ហើយត្រូវអាជ្ញាធរកូរ៉េចាប់ខ្លួនបាន ឈ្មោះរបស់ពួកគេនឹងត្រូវដាក់ចូលក្នុងបញ្ជីខ្មៅ និងហាមមិនឲ្យចូលប្រទេសនេះក្នុងរយៈពេល១០ឆ្នាំ។ ប្រភពខាងលើ ក៏បានបញ្ជាក់ផងដែរថាសម្រាប់និស្សិតបរទេស និងសមាជិកគ្រួសារជនបរទេសដែលបានរៀបការជាមួយជនជាតិកូរ៉េខាងត្បូង ហើយធ្វើការដោយខុសច្បាប់ក្នុងវិស័យសំណង់និងសេវាកម្សាន្តនានា ក៏នឹងត្រូវបណ្ដេញចេញភ្លាមៗ បើទោះបីជាទិដ្ឋាការរបស់ពួកគេមិនទាន់ផុតកំណត់យ៉ាងណាក្តី។ ដោយឡែកភ្នាក់ងារឬក្រុមហ៊ុនជ្រើសរើសពលករកូរ៉េខាងត្បូងណាដែលជួយឲ្យពលករបរទេសខុសច្បាប់បានធ្វើការក្នុងប្រទេសកូរ៉េខាងត្បូងនឹងត្រូវទទួលទណ្ឌកម្មនានាដូចជាការផ្អាកមិនឲ្យធ្វើអាជីវកម្មជាដើម។

ជនបរទេសដែលកំពុងធ្វើការដោយខុសច្បាប់ក្នុងប្រទេសកូរ៉េខាងត្បូងមានប្រហែល៣០ម៉ឺននាក់។ នេះបើតាមតួរលេខដែលមន្រ្តីកូរ៉េខាងត្បូងផ្ដល់ឲ្យសារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃ។ ប្រភពដដែលក៏បានឲ្យដឹងថាក្នុងចំណោមអ្នកដែលធ្វើការខុសច្បាប់ទាំងនោះ មានជនជាតិថៃរហូតដល់៤០ភាគរយ ឬស្មើនឹង១២ម៉ឺននាក់។ តាមបាងកកប៉ុស្តិ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជនជាតិថៃរាប់ពាន់នាក់ បានទៅប្រទេសកូរ៉េខាងត្បូងក្នុងនាមជាភ្ញៀវទេសចរ។ ប៉ុន្តែនៅពេលដែលទិដ្ឋាការរបស់ពួកគេផុតកំណត់ ពួកគេមិនបានត្រលប់មកវិញទេ បែរជានាំគ្នាបន្តធ្វើជាពលករដោយខុសច្បាប់ទៅវិញ។ បើតាមបាងកកប៉ុស្តិ៍ ប្រសិនបើពលករដែលធ្វើការដោយខុសច្បាប់ទាំងនោះចាកចេញពីកូរ៉េខាងត្បូងដោយស្ម័គ្រចិត្តក្នុងរយៈពេលដែលអាជ្ញាកូរ៉េខាងត្បូងបានកំណត់ ពួកគេអាចដាក់ពាក្យទៅធ្វើការនៅប្រទេសនេះវិញបានតាមរយៈប្រព័ន្ធអនុញ្ញាតមុខរបរនិងការងារ។

ប្រទេសកូរ៉េខាងត្បូងអនុញ្ញាតឱ្យពលករមកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីកណ្តាលចំនួន១៦ ធ្វើការនៅក្នុងប្រទេសនេះក្រោមប្រព័ន្ធអនុញ្ញាតមុខរបរនិងការងារ។ ប្រទេសទាំងនេះរួមមាន កម្ពុជា ថៃ ឡាវ វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ទីម័រ ចិន ម៉ុងហ្គោលី ប៉ាគីស្ថាន បង់ក្លាដេស នេប៉ាល់ អ៊ុបេគីស្ថាន ស្រីសង្កា និងគីជីស្ថាន

website_news/2018041005.txt · Last modified: 2018/10/04 14:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki