website_news:2018050101

តុលាការផ្តន្ទាទោសស្ត្រីម្នាក់ ដាក់ពន្ធនាគារ ៧ឆ្នាំ ករណីធ្វើមេអណ្តើក នាំនារីខ្មែរទៅរៀបការ នៅចិន

https://www.dap-news.com/kh/ សុក្រ, 05 មករា ២០១៨ 12:45 ដោយ: គិរី ID:039

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាមជំនុំ ជម្រះសាលាដំបូង រាជធានីភ្នំពេញ លោក ម៉ុង មុនីសោភា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ ប្រកាសសាលក្រម ផ្ដន្ទាទោសស្ត្រីម្នាក់ ដាក់ពន្ធនាគារ៧ឆ្នាំ ពីបទការនាំចេញមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន ព្រមទាំងសងសំណងចិត្ត ដល់ជនរងគ្រោះចំនួន ៣០០០ដុល្លារ ។ ជនជាប់ចោទឈ្មោះ ផៃ ចន្ថា អាយុ ៣៤ឆ្នាំ ឆ្លើយក្នុងពេលសវនាការកន្លងទៅថា ខ្លួននិងនារីរងគ្រោះ រស់នៅក្នុងភូមិជាមួយគ្នា ដោយខ្លួនមានប្តីនៅប្រទេសចិន ។ នៅពេលខ្លួនមកលេង ស្រុកកំណើតជនរងគ្រោះ បានសុំឱ្យខ្លួន នាំទៅការប្តីនៅប្រទេសចិនដែរ ។ ក្រោយមកខ្លួនបានជួយជនរងគ្រោះឱ្យទៅការប្តីនៅប្រទេសចិន បានសម្រេចដោយបានលុយ ១២០០ដុល្លារ ពីប្តីចិន។ លុយនោះខ្លួនរត់ការធ្វើឯកសារយកនាងទៅ អស់ ៧០០ដុល្លារ និងឱ្យថ្លៃទឹកដោះទៅម្តាយនាង ២០០ដុល្លារ ។

ចំណែកជនរងគ្រោះបានបញ្ជាក់ថា ក្រោយពេលដែលខ្លួនរៀបការជាមួយប្តីចិនរួច នៅក្នុងរយៈពេល៣ ខែដំបូងមិនមាន រឿងអ្វីកើតឡើងទេ ។ ប៉ុន្តែក្រោយមកប្តីចិនចេះតែរករឿង និងបង្ខំរួមភេទ ទាំងពេលមានរដូវ ។ នាងបន្តថា ប្តីចិននោះនិយាយប្រាប់ថា គេបានចំណាយប្រាក់អស់ ២២០០០ដុល្លារ ដើម្បីយកខ្លួនទៅដល់ប្រទេសចិន និងបានឱ្យលុយទៅឈ្មោះ ផៃ ចន្ថា ចំនួន ៧០០០ដុល្លារ ដើម្បីយកឱ្យម្តាយជាថ្លៃទឹកដោះ តែតាមការពិត ម្តាយខ្លួនមិនបានទទួលនោះទេ ។ ក្រោយពីទ្រាំនឹងការធ្វើ បាបរបស់ប្តីចិននោះមិនបានទើប ជនរងគ្រោះ ឱ្យម្តាយនៅស្រុកខ្មែរផ្ញើលុយ ៣៥០០ដុល្លារ ដើម្បីធ្វើដំណើរមកស្រុកខ្មែរ ដោយមានស្ត្រីខ្មែរម្នាក់នៅប្រទេសចិន ជាអ្នកជួយឱ្យបានត្រលប់មកវិញ ក្រោយមកដល់ប្រទេសកម្ពុជា ជនរងគ្រោះបាន ប្តឹងទៅសមត្ថកិច្ចឱ្យ តាមចាប់ជនជាប់ចោទ ៕

website_news/2018050101.txt · Last modified: 2018/01/05 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki