website_news:2018050202

នាយករដ្ឋមន្រ្តីថៃអះអាងថា ប្រទេសថៃខិតខំថែរក្សាពលករខ្មែរដែលកំពុងធ្វើការនៅក្នុង ប្រទេសរបស់ខ្លួន

http://www.akp.gov.kh/kh/ AKP ភ្នំពេញ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨

ឯកឧត្តម ប្រាយុទ្ធ ច័ន្ទអ៊ូចា នាយករដ្ឋមន្រ្តីថៃបានអះអាងថា ប្រទេសថៃខិតខំថែរក្សាពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសខ្លួន ហើយនៅក្នុងខែមិថុនា ឆ្នាំ២០១៨នេះ ពលករខ្មែរនឹងអាចទទួលបាននូវ ឯកសារស្របច្បាប់

នេះបើតាមការឱ្យដឹងពីនាយកដ្ឋានព័ត៌មានរដ្ឋសភា កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅក្នុងជំនួបសម្តែងការគួរសម របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាមួយឯកឧត្តម ប្រាយុទ្ធ ច័ន្ទអ៊ូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃ។ ក្នុងជំនួបសម្តែងការគួរសមនោះឯកឧត្តម ប្រាយុទ្ធ ច័ន្ទអ៊ូចា បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចប្រធានរដ្ឋសភានៅប្រទេសថៃ។ ក្នុងនាមនាយករដ្ឋមន្រ្តីនិងរដ្ឋសភាថៃ ឯកឧត្តមសូមគំាទ្រ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការគ្នាដ៏ល្អ នៃស្ថាប័នសភាប្រទេសទំាងពីរ។ ឯកឧត្តម សូមជំរុញស្ថាប័ននីតិប្បញ្ញត្តិទំាងពីរប្រទេស ត្រូវខិតខំថែរក្សា និងជំរុញទំនាក់ទំនងនេះឱ្យកាន់តែល្អ រឹងមាំបន្ថែមទៀត។

ឯកឧត្តម ប្រាយុទ្ធ ច័ន្ទអ៊ូចា បានមានប្រសាសន៍បន្តថា ទំនាក់ទំនងប្រទេសថៃ និងកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការរីកចម្រើនខ្លំាងណាស់ មិនធ្លាប់មានពីមុនមកទេ។ ក្នុងនាមជាថ្នាក់ដឹកនាំថៃ ឯកឧត្តមបានជួបពិភាក្សាការងារជាច្រើនលើក ជាមួយសម្តេចតេជោ ហ៊ុន សែន ពីបញ្ហាព្រំដែន បញ្ហាពាណិជ្ជកម្ម ហើយនៅក្នុងជំនួបទាំងនោះម្តងៗ មានផ្លែផ្កាជាវិជ្ជមាន។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានអះអាងថា ប្រទេសថៃខិតខំថែរក្សាពលករខ្មែរ ដែលកំពុង ធ្វើការនៅក្នុងប្រទេសខ្លួន ហើយនៅក្នុងខែមិថុនា ឆ្នាំ២០១៨នេះ ពលករខ្មែរនឹងអាចទទួលបាននូវឯកសារស្របច្បាប់។ ឯកឧត្តមនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ច័ន្ទអ៊ូចា បានលើកឡើងថា ទំនាក់ទំនងរវាងប្រជាពលរដ្ឋទំាងពីរប្រទេស នឹងកាន់តែមានលក្ខណៈងាយស្រួលបន្ថែមទៀត នាពេលខាងមុខនេះ ដោយសារតែការតភ្ជាប់ផ្លូវរថភ្លើងកម្ពុជា-ថៃ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏មានអត្ថន័យរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី ដែលបានវាយតម្លៃខ្ពស់អំពីវឌ្ឍនភាព នៃទំនាក់ទំនងរវាងព្រះរាជាណាចក្រយើងទាំងពីរ(កម្ពុជា-ថៃ) និងសមិទ្ធផលនានាដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបាននាំមកនូវឧត្តមប្រយោជន៍ដល់ប្រជារាស្រ្តទាំងសងខាង។ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចក៏បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលរាជរដ្ឋាភិបាល និងប្រជារាស្រ្តថៃសម្រេចបាន ក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅសង្គមមួយកាន់តែមានភាពជឿនលឿន ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងរូបឯកឧត្តមផ្ទាល់ជានាយករដ្ឋមន្រ្តី។ សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវក្តីរីករាយ ពេញចិត្ត ដោយសង្កេតឃើញថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ មានការរីកចម្រើនខ្លាំង ទំាងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ រួមទាំងវិស័យផ្សេងៗទៀត។ ទំាងនេះមិនត្រឹមតែបាននាំមកនូវផ្លែផ្កាសម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងខ្លាំងក្លាដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ និងសកលលោកផងដែរ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគ្រប់រូប នៃព្រះរាជាណាចក្រថៃ នាឱកាសនេះផងដែរ។

ឯកឧត្តម ប្រាយុទ្ធ ច័ន្ទអ៊ូចា ក៏បានវាយតម្លៃនិងកោតសរសើរចំពោះ ពលីកម្មរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានចូលរួមចំណែកក្នុងការដឹកនាំនិងកសាងប្រទេសកម្ពុជារហូតមក។ ឯកឧត្តមបានជូនពរឱ្យកម្ពុជាទទួលបានជោគជ័យនៅក្នុងដំណើរការរៀបចំការបោះឆ្នោតរដ្ឋសភានីតិកាលទី៦នាពេលខាងមុខនេះ៕ ដោយ ប៉ាល់ សុង

website_news/2018050202.txt · Last modified: 2018/02/07 16:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki