website_news:2018050204

ថៃបញ្ជូនសពពលករខ្មែរ២នាក់ឲ្យសមត្ថកិច្ចតាមច្រកព្រំដែនប៉ោយប៉ែត

https://www.rfa.org/khmer/news/ ដោយ ម៉ៅ សុធានី 2018-02-03

សមត្ថកិច្ចថៃ បញ្ជូនសាកសពពលករខ្មែរចំនួន ២នាក់ ត្រឡប់មកកម្ពុជា តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ។ ពលករទាំង ២នាក់នោះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅពេលពួកគេធ្វើដំណើរតាមរថយន្តនៅស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ។ មន្ត្រីអង្គការសង្គមស៊ីវិលប្រចាំខេត្តបន្ទាយមានជ័យ លើកឡើងថា ពលករដែលគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ ភាគច្រើនគឺជាពលករធ្វើការខុសច្បាប់។ សមត្ថកិច្ចប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អះអាងថា ក្រោយពេលសមត្ថកិច្ចថៃ បញ្ជូនសាកសពពលករខ្មែរទាំង ២នាក់មកប្រគល់ឲ្យអាជ្ញាធរខ្មែរភ្លាម គឺអាជ្ញាធរបានប្រគល់ទៅឲ្យសាច់ញាតិភ្លាមៗ ដើម្បីយកទៅបុណ្យតាមបែបសាសនានៅឯស្រុកកំណើត។

មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោក យ៉ាល់ ប៊ុនពៅ ឲ្យដឹងនៅថ្ងៃទី៣ កុម្ភៈ ថា ជនរងគ្រោះទាំង ២នាក់ រួមមានឈ្មោះ ខុម វណ្ណី ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង និងម្នាក់ទៀតឈ្មោះសុខ ជាតិ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។ មន្ត្រីព្រំដែនរូបនេះអះអាងទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះក៏បណ្ដាលឲ្យពលករចំនួន ១២នាក់ របួសធ្ងន់ និងស្រាលផងដែរ៖ «បាទ! ធម្មតាគ្រោះថ្នាក់គេមិនអាចយកមកភ្លាមៗទេ សមត្ថកិច្ចគេយកទៅព្យាបាលនៅមន្ទីរពេទ្យ ហើយអ្នករបួសគេយកទៅមន្ទីរពេទ្យអារញ្ញហ្នឹងឯង ព្រោះអីវានៅកៀកនឹងមន្ទីរពេទ្យហ្នឹងផង ដូច្នេះគេដឹកអ្នករបួសអ្នកស្លាប់យកទៅមន្ទីរពេទ្យអារញ្ញទាំងអស់ហ្នឹង»។ លោកបញ្ជាក់ទៀតថា ក្នុងចំណោមអ្នករងរបួលនោះ មានកុមារម្នាក់របួសធ្ងន់ដោយបាក់ភ្លៅ ហើយអ្នករបួសមួយចំនួនធំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្រុកអារញ្ញ និងមួយចំនួនទៀតបានវិលត្រឡប់មកព្យាបាលនៅកម្ពុជា។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំពោះពលករខ្មែរតែងកើតមានជាញឹកញាប់ គឺភាគច្រើនជាពលករឆ្លងដែនដោយខុសច្បាប់ ហើយដំណើរតាមរយៈរថយន្តឈ្នួលរបស់មេខ្យល់ជួញដូរពលករខុសច្បាប់។ លោកបន្ថែមទៀតថា គ្រោះថ្នាក់ភាគច្រើនដោយសាររថយន្តបើកបរក្នុងល្បឿនលឿន ដូចជាការបើករត់គេចពីការចាប់របស់សមត្ថកិច្ចថៃ និងបើកតាមផ្លូវកាត់ជាដើម៖ «នៅឆ្នាំ២០១៧ យើងឃើញក្រឡាប់ឆេះឡានស្លាប់ពលករដោយខ្លះក៏របួសទៅ ដោយសារតែពួកគេទៅធ្វើគ្មានច្បាប់ បើសិនជាគេមានច្បាប់ត្រឹមត្រូវ គឺគ្មានពលករណាមួយត្រូវភ័យព្រួយរឿងប៉ូលិសថៃ ចាប់ទេ ចំណែកទៅតាមមេខ្យល់ធានាយកទៅហ្នឹង គឺភាគច្រើនជួបគ្រោះថ្នាក់តាមផ្លូវ»។ មន្ត្រីសង្គមស៊ីវិលរូបនេះលើកឡើងទៀតថា ដើម្បីកាត់បន្ថយការស្លាប់របស់ពលករខ្មែរ គឺអាជ្ញាធរពាក់ព័ន្ធត្រូវបន្ធូរបន្ថយទៅលើការធ្វើលិខិតឆ្លងដែនជូនពលករឲ្យបានប្រសើរជាងពេលបច្ចុប្បន្ន និងឲ្យបានឆាប់ ដើម្បីពួកគេមានលទ្ធភាពទៅធ្វើការនៅប្រទេសថៃ ស្របច្បាប់ឲ្យបានគ្រប់ៗគ្នា។

មន្ត្រីទំនាក់ទំនងព្រំដែនប៉ោយប៉ែត លោក យ៉ាល់ ប៊ុនពៅ ឲ្យដឹងថា មួយរយៈចុងក្រោយនេះអាជ្ញាធរថៃ បានបញ្ជូនសាកសពពលករខ្មែរត្រឡប់មកកម្ពុជា តាមច្រកប៉ោយប៉ែត ស្ទើររៀងរាល់ខែ។ ដោយឡែកកាលឆ្នាំ២០១៧ កន្លងទៅ លោកថា អាជ្ញាធរថៃ បានបញ្ជូនសពពលករខ្មែរប្រមាណ ១៦០នាក់ ប្រគល់ឲ្យអាជ្ញាធរកម្ពុជា តាមច្រកព្រំដែននានា រវាងប្រទេសទាំងពីរ៕

website_news/2018050204.txt · Last modified: 2018/02/07 17:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki