website_news:2018050302

កម្ពុជាមានសហគ្រាស ក្នុងប្រព័ន្ធជាង១ម៉ឺន និងសហគ្រាសក្រៅប្រព័ន្ធជាង៥៦ម៉ឺន ផ្តល់ការងារជិត៤លាននាក់

http://www.rasmeinews.com/ March 4, 2018, 9:45 AM

(ភ្នំពេញ)៖រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានឱ្យដឹងថា ក្នុងឆ្នាំ២០១៨នេះ គ្រឹះស្ថានសេដ្ឋកិច្ច ក្នុងប្រព័ន្ធ ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានជាង ១២ពាន់គ្រឹះ ស្ថានក្នុងនោះមានកម្មករនិយោជិតជាង ១,៤លាននាក់ និងសហគ្រាសគ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបមានជាង៥៦ម៉ឺនគ្រឹះស្ថាន ក្នុងនោះមានកម្មករជាង ២,៤ លាននាក់។

ការបញ្ចេញឱ្យដឹងរបស់លោករដ្ឋមន្ត្រីក្រសួងការងារបែបនេះ ធ្វើឡើងនាឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ កន្លងមក ។ ក្នុងពិធីនេះ លោករដ្ឋមន្ត្រី បានឱ្យដឹងថា វិស័យការងារនៅកម្ពុជា បានបន្តរីកចម្រើន សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ច ក្នុងប្រព័ន្ធ ដែលបានចុះបញ្ជី នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានចំនួនសរុប ១២.២៨៧ គ្រឹះស្ថាន កើនចំនួន ១០,០២ ភាគរយ និងមានកម្មករ និយោជិត សរុបចំនួន ១.៤៣៧.៧៩៤ នាក់ កើនចំនួន ២១,១១ ភាគរយ (ស្រី ៨២០.៧៨៧នាក់) ធៀបនឹងឆ្នាំ២០១៦ ព្រមទាំងផ្ដល់ការងារធ្វើដោយ ប្រយោលដល់ប្រជាពលរដ្ឋ។ លោករដ្ឋមន្ត្រីក្រសួងការងារ បានមានប្រសាសន៍ថា ក្រៅពីសហគ្រាសក្នុងប្រព័ន្ធ កម្ពុជាក៏មានសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ច ក្រៅប្រព័ន្ធ សរុបចំនួន ៥៦៩.៦៨៨ គ្រឹះស្ថាន ក្នុងនោះមានកម្មករ និយោជិត ជាង ២,៤ លាននាក់។

លោកបានបន្តឱ្យដឹងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងយកចិត្តទុកដាក់ ដល់ពលករកម្ពុជា ចំនួន ១,២ លាននាក់ ដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយបន្តពង្រឹងកិច្ចសហការជាមួយប្រទេសថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង ជប៉ុន ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីពង្រឹងឱកាសការងារជូនពលករ និងការពារសិទ្ធិ ផលប្រយោជន៍ពលករដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ និងបង្កលក្ខណៈសម្បត្តិ ឱ្យពលករទទួលបានរបបគាំពារសង្គម ទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ។

គួរបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០១៧ កន្លងមក ប្រាក់ឈ្នួលគោលរបស់កម្មករនិយោជិត គឺ១៥៣ដុល្លារ និងឈានចូលដល់ឆ្នាំ២០១៨នេះ ប្រាក់ឈ្នួលគោលរបស់កម្មករ និយោជិត បានឡើងចំនួន១៧០ ដុល្លារអាមេរិក។ ចំនួនប្រាក់ឈ្នួលនេះបើគេគិតបូករួមទាំងប្រាក់បន្ថែមម៉ោង ប្រាក់បំណាច់ផ្សេងៗ គឺកម្មករម្នាក់ អាចទទួលបានប្រាក់ឈ្នួល រហូតដល់ ២០០ ដុល្លារ និងអ្នកខ្លះអាចកើនឡើង រហូតដល់ ២៥០ ផងដែរ ក្នុងមួយខែ៕ដោយ៖ ដេប៉ូ/sn

website_news/2018050302.txt · Last modified: 2018/03/05 14:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki