website_news:2018050304

ពលរដ្ឋខ្មែរ នៅម៉ាឡេស៊ី អំពាវនាវឲ្យខាងស្ថានទូត អន្តរាគមន៍ជួយ ដើម្បីអាចយកសាកសព មិត្តភក្តិ ចេញពីមន្ទីរពេទ្យ

https://www.dap-news.com/kh/ អាទិត្យ, 04 មិនា ២០១៨ 16:37 ដោយ: ស៊ាន កុសល ID:019

ភ្នំពេញ៖ ពលរដ្ឋខ្មែរ ដែលទៅបម្រើការងារ ជាអ្នកចៀរជ័រកៅស៊ូ នៅប្រទេសម៉ាឡេស៊ី អំពាវនាវដល់ខាងស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី សូមជួយអន្តរាគមន៍ ដើម្បីជួយយកសាកសពមិត្តភក្តិ ពីរនាក់ប្តីប្រពន្ធ ដែលស្លាប់ក្នុងមន្ទីរពេទ្យចេញ ខណៈខាងមន្ទីរពេទ្យ មិនអនុញ្ញាតិ គឺទាមទាររកលិខិតស្នាម ពីខាងស្ថានទូត ។

បើតាមពលរដ្ឋខ្មែរម្នាក់ ដែលបម្រើការងារ នៅប្រទេសម៉ាឡេស៊ី បានផ្ញើរសារចូលក្នុងហ្វេសប៊ុក មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨នេះ បានរៀបរាប់ថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ មិត្តភក្តិរបស់គាត់ពីរនាក់ប្តីប្រពន្ធ ដែលបម្រើការងារ ជាអ្នកចៀរជ័រកៅស៊ូ ឲ្យក្រុមហ៊ុនឯកជនមួយ នៅភូមិបាទូកាទុយ ខេត្តកាដាស ប្រទេសម៉ាឡេស៊ី បានជួបគ្រោះថ្នាក់ ដោយត្រូវដើមកៅស៊ូ បាក់ធ្លាក់សង្កត់របួសធ្ងន់ ហើយត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ។

ប្រភពដដែលបន្តទៀតថា មិត្តភក្តិរបស់គាត់ ពីរនាក់ប្តីប្រពន្ធបានស្លាប់ ហើយខាងក្រុមគ្រូពេទ្យ នៅប្រទេសម៉ាឡេស៊ី មិនអនុញ្ញាតិ ឲ្យយកសាកសពចេញនោះទេ ពោលគឺទាមទារឲ្យមាន ការចេញលិខិតបញ្ជាក់ ពីខាងស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី អីញ្ជឹងហើយរូបគាត់ ក្នុងនាមជាពលរដ្ឋធម្មតាម្នាក់ ហើយរស់នៅ លើទឹកដីគេទៀត មិនដឹងធ្វើយ៉ាងមិច មានតែតាមរយៈមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដើម្បីបង្ហាញសារ ជូនស្ថានទូតខ្មែរប្រចាំម៉ាឡេស៊ីមេត្តាជួយអន្តរាគមន៍ផង៕

website_news/2018050304.txt · Last modified: 2018/03/05 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki