website_news:2018050701

ក្រសួងការងារនឹងសហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីចាត់វិធានការលើជនខិលខូចជាមេខ្យល់នាំពលការនីដោយខុសច្បាប់ទៅបម្រើការងារនៅអារ៉ាប៊ីសាអូឌីត

http://www.cen.com.kh/archives/ July 4, 2018

ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងការងារ ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងឱកាសដែលអញ្ជើញទទួលការវិលត្រឡប់មកដល់កម្ពុជាវិញរបស់ពលការនី កែន ចន្ថា ដែលរងគ្រោះដោយការចាញ់បោកមេខ្យល់ បញ្ជូនទៅធ្វើការដោយខុសច្បាប់ នៅអារ៉ាប៊ីសាអូឌីតអស់រយៈពេលជាង៤ឆ្នាំ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ទៅលើជនខិលខូចជាមេខ្យល់ ដែលនាំពលការនី កែន ចន្ថា ទៅបម្រើការងារជាស្ត្រីមេផ្ទះនៅអារ៉ាប៊ីសាអូឌីត ហើយព្រមានទៅកាន់ភ្នាក់ងារ រឺមេខ្យល់ផ្សេងៗទៀត ដែលបាននិងកំពុងមានសកម្មភាពដូចគ្នា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ រាល់ពលការនីដែលខ្លួនបានបញ្ជូនទៅក្រៅប្រទេសដោយខុស ច្បាប់ ។ លោកបានបញ្ជាក់បែបនេះនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ កាលពីថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៤ កកដ្ដា ឆ្នាំ២០១៨ ។

ពលការនី កែន ចន្ថា បានប្រាប់ទាំងទឹកភ្នែក ពីទុក្ខលំបាករបស់ខ្លួនគ្រប់បែបយ៉ាង ក្នុងកំឡុងពេលជាងបួនឆ្នាំមកនេះ ខ្លួនត្រូវបានថៅកែធ្វើទុក្ខបុកម្នេញ គ្រប់រូបភាព កេងប្រវញ្ញកម្លាំងពលកម្ម ការមិនផ្តល់ប្រាក់បៀវត្ស និងការហូបចុកមិនបានគ្រប់គ្រាន់ ហើយខ្លួនត្រូវបានគេបញ្ជូនទៅ មប្រើការងារ មេផ្ទះពីថៅកែមួយទៅ ថៅកែមួយ ហើយរហូតដល់ថៅកែទី៤ ទើបខ្លួនទទួលបានការងារល្អ មានប្រាក់បៀវត្ស និង ការបម្រើកការងារទៅតាមពេលវេលាសម្រាក់ ។ ទោះបីយ៉ាងណា ពលការនី កែន ចន្ថា បានអំពាវនាវ ដល់ពលករ ពលការនីខ្មែរទាំងឡាយ ដែលមានបំណងចង់ទៅធ្វើការនៅក្រៅប្រទេស សូមពិនិត្យមើល និង ស៊ើបសួរពីប្រវត្តិរបស់ភ្នាក់ងារ នោះអោយបានច្បាស់លាស់ ជាពិសេសត្រូវអញ្ជើញទៅតាមក្រុមហ៊ុនស្របច្បាប់ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដើម្បីសុវត្ថិភាព ការទំនួលខុសត្រូវខ្ពស់ពីក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេស ជាគោលដៅ ក៏ដូចជាការទទួលដឹងលឺពីអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេស នោះ ផងដែរ។ ពលការនី កែន ចន្ថា បានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងថ្លែងអំណរគុណដល់ថ្នាក់ដឹក នាំក្រសួងពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលតែងតែចេញមុខដោះស្រាយបញ្ហាកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ពលការនីខ្មែរ ឈ្មោះ កែន ចន្ថា មានទីលំនៅកំណើត ភូមិវត្តបូព៌ ឃុំសៀម រាប ស្រុកសៀមរាប ខេត្តសៀមរាប ដែលបានទៅធ្វើការងារបំរើតាមផ្ទះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត រយៈជាង ៤ ឆ្នាំដោយចាញ់បោក ពួកមេខ្យល់ បានសុំអោយខ្ញុំ និងក្នុងនាមរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកខិតខំព្យាយាមទំនាក់ទំនងគ្រប់បែបយ៉ាង ដើម្បីជួយរំដោះនាង មក កម្ពុជាវិញ បន្ទាប់បានទទួលដំណឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ប្រមាណជាង១ខែមកនេះ ។ ហើយដែលខ្ញុំបានដោះ ស្រាយអោយបានវិលត្រឡប់មកកម្ពុជាវិញ មានការយឺតយ៉ាវនេះ ដោយសារតែ នៅប្រទេសអារ៉ាប់នោះ មិនទាន់មាន ស្ថានទូត ឬស្ថានកុងស៊ុលសម្រាប់ទំនាក់ទំនងនិង ដើម្បីដោះស្រាយ បញ្ហាផ្សេងៗ ចំពោះពលការរិនី ដែលទៅធ្វើការងារនៅទីនោះមានការលំបាកយឺតយ៉ាវ។ហើយនេះជានារីរង គ្រោះ ទី៤ហើយដែលខ្ញុំបានជួយដោះស្រាយអោយបានវិលត្រឡប់មកកម្ពុជាវិញ ៕ ដោយ៖ បញ្ញាស័ក្តិ

website_news/2018050701.txt · Last modified: 2018/07/05 16:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki