website_news:2018051102

ប៉ូលិសនឹងកោះហៅមនុស្សមួយចំនួនទៀតមកសួររឿងថតខ្សែភាពយន្តឯកសារ”ម្តាយខ្ញុំលក់ខ្ញុំ

http://www.rasmeinews.com/ November 4, 2018, 3:38 PM

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងប្រាប់រស្មីកម្ពុជាថាសមត្ថកិច្ចនឹងធ្វើការកោះហៅអ្នកដែលពាក់ព័ន្ធមួយចំនួនទៀតមកសាកសួរការថតខ្សែភាពយន្តឯកសារមួយដែលមានចំណងជើងថា “ម្តាយរបស់ខ្ញុំបានលក់ខ្ញុំ”។ប៉ុន្តែលោកស្នងការមិនបានបញ្ជាក់អត្តសញ្ញាណមនុស្សដែលត្រូវហៅមកសាកសួរនោះទេ។ ការគ្រោងកោះហៅមនុស្សមួយចំនួនមកសាកសួរនេះ គឺបន្ទាប់ពីស្ត្រីពីរនាក់ម្តាយ និងកូន ដែលថតខ្សែភាពយន្តឯកសារមួយដែលមានចំណងជើងថា “ម្តាយរបស់ខ្ញុំបានលក់ខ្ញុំ” ត្រូវបានប៉ូលិសហៅមកសាកសួរនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការនគររាជធានីភ្នំពេញ។ ការសាកសួរនេះ គឺបន្ទាប់ពីខ្សែភាពយន្តឯកសារមួយនេះ ត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល និងភ័ន្តច្រឡំ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ស្ត្រីខ្មែរ។ ការសាកសួរស្ត្រីពីរនាក់ម្តាយ និងកូន គឺបានធ្វើឡើងតាំងពីថ្ងៃទី៣១ ខែតុលា រហូតមកដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមិនទាន់បញ្ចប់នៅឡើយទេ។ ស្ត្រីទាំងពីរនាក់មានឈ្មោះ គៀង ស្រីម៉ិច ត្រូវជាកូន និងឈ្មោះ កៅ ម៉ាល័យ ត្រូវជាម្តាយ។ទាំងម្តាយនិងកូនស្រីបានសារភាពថា ពួកគាត់ទទួលបានលុយ២០០ដុល្លារ សម្រាប់ការសម្តែងនៅក្នុងខ្សែភាពយន្តនេះ។ ប៉ុន្តែអ្វីដែលថត គឺមិនមែនជាខ្សែជីវិតពិតរបស់គាត់ទាំងពីរនាក់ទេ។

លោកឧត្តមសេនីយ៍ឯកសថេតបានមានប្រសាសន៍ថាសមត្ថកិច្ចបានសាកសួរស្ត្រីពីរនាក់ម្តាយនិងកូនថា តើអ្នកណាមកថតខ្សែភាពយន្តេកសារនេះថតដើម្បីអ្វី?ហើយករណីនេះកំពុងតែស្ថិតនៅក្នុងការស្រាវជ្រាវនៅឡើយ។ លោកមិនអាចបញ្ជាក់លម្អិតបានទេ ទុកឲ្យសមត្ថកកិច្ចធ្វើការស្រាវជ្រាវសិន។ លោកស្នងការបានបញ្ជាក់ថា“សមត្ថកិច្ចកំពុងតែធ្វើការងារនេះយើងនឹងមានហៅអ្នកដែលពាក់ព័ន្ធមកសាកសួរទៀត”។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការប្រឆាំងការជួញដូរមនុស្ស បានបញ្ជាក់ថា ចំពោះរឿងនេះ សមត្ថកិច្ចកំពុងតែធ្វើការសាកសួរស្ត្រីម្តាយ និងកូន តាំងពីថ្ងៃទី៣១ ខែតុលា មកដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ មិនទាន់ចប់ទេ ។ បើទោះបីជាគាត់ឆ្លើយថា គាត់គ្រាន់តែដើរតួស៊ីឈ្នួល ក៏ដោយក៏មិនទាន់ទៅរួចដែរ សមត្ថកិច្ចកំពុងតែស្រាវជ្រាវជាបន្តទៀតថា តើស្ត្រីពីរនាក់ម្តាយកូនដើរតួឲ្យអ្នកណា? ហើយថតនេះក្នុងគោលបំណងអ្វី ទាំងស្ត្រីពីរនាក់ម្តាយកូន និងអ្នកដែលឲ្យគាត់ដើរតួ។ បើគាត់ថតធ្វើខ្សែភាពយន្តសួរថា តើមានសុំច្បាប់ឬអត់? ពីព្រោះនេះ វាពាក់ព័ន្ធនិងកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ គឺមិនមែនតែគាត់តែម្នាក់ឯងទេ។ លោកស្រីបញ្ជាក់ថា ការផ្សព្វផ្សាយវីដេអូនេះ មិនមែនផ្សព្វផ្សាយតែនៅក្នុងប្រទេសកម្ពុជាទេ គឺដាក់ប្រព័ន្ធបង្ហោះ ទូទាំងពិភពលោកបានឃើញ ដែលនេះគឺជាចេតនាអាក្រក់ណាស់។ ក្មេងស្រីកម្ពុជាវាមិនដល់ថ្នាក់នឹងទេ។បើសិនជាទោះបីជាគាត់(ក្មេងស្រី)ធ្លាប់មានប្រវត្តិពីមុនមកយ៉ាងម៉េចក៏ដោយតែជារឿងបុគ្គលរបស់គាត់ហេតុអ្វីបានជាគាត់យកមកបណ្តុះបង្អាប់នារី។វាពាក់ព័ន្ធទៅនិងចេតនាមួយ ប៉ុន្តែសមត្ថកិច្ចកំពុងតែស្រាវជ្រាវ។

សូមជម្រាបថាខ្សែភាពយន្តឯកសារនេះមានរយៈពេល២៧នាទី បានរៀបរាប់លម្អិតអំពីគ្រួសារក្រីក្រនៅកម្ពុជាដែលលក់ព្រហ្មចារីស្រីរបស់ពួកគេក្នុងតម្លៃប្រហែល ៤០០ដុល្លារក្នុងម្នាក់ៗ។ ខ្សែភាពយន្តនេះបាននិយាយថានៅក្នុងក្លិបរាត្រីនិងខារ៉ាអូខេក្មេងស្រីជំទង់បានញ៉ាំភេសជ្ជៈ និងផ្តល់ការសេវាផ្លូវភេទដល់អតិថិជនបួនឬប្រាំនាក់ក្នុងមួយថ្ងៃ។ នៅក្នុងខ្សែភាពយន្តនេះក្មេងស្រីឈ្មោះគៀងស្រីម៉ិចបាននិយាយថាម្តាយរបស់អ្នកស្រីបានបង្ខំឱ្យនាងចូលពេស្យាចារ។នៅក្នុងក្លឹបខារ៉ាអូខេភ្ញៀវបានហៅឱ្យអង្គុយជាមួយពួកគេ។ពួកគេបានឱ្យនាងផឹកស្រាបៀរ។ ប្រសិនបើទៅគេងជាមួយពួកគេនិងទទួលបានច្រើនជាងនេះ។បើមិនដូច្នោះទេទទួលបាន ១០ ឬ ២០ ដុល្លារសម្រាប់ការផឹកជាមួយពួកគេ។

website_news/2018051102.txt · Last modified: 2018/11/05 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki