website_news:2018051103

ពលករជិត២ម៉ឺននាក់ត្រូវបានអាជ្ញាធរបរទេសបញ្ចូនមកកម្ពុជាវិញ ក្នុងឆមាសទី១

https://thmeythmey.com/ 04, Nov 2018 , 9:59 pm

ភ្នំពេញ៖ អាជ្ញាធរបរទេសបានបញ្ចូនពលករខ្មែរត្រឡប់មកកម្ពុជាវិញ ជិត២ម៉ឺននាក់ ក្នុងឆមាសទី១ ខណៈស្ថានទូតខ្មែរបានជួយសង្គ្រោះពលករ ២៤៧នាក់ផងដែរ។ នេះបើយោងតាមរបាយការណ៍ ៦ខែរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

របាយការណ៍ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ពលករខ្មែរដែលអជ្ញាធរបរទេសបញ្ចូនត្រឡប់មកកម្ពុជាវិញមានចំនួន ១៩, ៨៨៦៩ នាក់ ក្នុងនោះស្ត្រី ៦, ៨៩៥ នាក់, កុមារ ១, ៧៨៨ នាក់។ ពលករទាំងនេះ ត្រូវបានអាជ្ញាធរប្រទេសចំនួន១៨ បានបញ្ចូនមកវិញរួមមាន៖ ថៃ ១៩,៣៧៩ នាក់ (ស្ត្រី ៦, ៧០៧ និងកុមារ ១, ៧៨១ នាក់), វៀតណាម ៦៩ នាក់ (ស្ត្រី៣៦ នាក់), កូរ៉េខាងត្បូង ១១០នាក់, ម៉ាឡេស៊ី ៨៥ នាក់, ជប៉ុន ៣៤ នាក់, អាមេរិក ៧៦ នាក់, ចិន ៥៦ នាក់, និងសឹង្ហបូរី ៦០នាក់។ ក្រៅពីនេះក៏មានសាកសពពលករខ្មែរចំនួន ១៨៥នាក់ ត្រូវបានបញ្ចូនមកកម្ពុជាវិញផងដែរ។

ដោយឡែកពលករខ្មែររងគ្រោះ ២៤៧ នាក់ មានស្រី្ត ១៦០ នាក់ ត្រូវបានស្ថានទូត និងអង្គការដៃគូរធ្វើអន្តរាគមន៍ពីប្រទេសចំនួន៧ មានដូចជា ប្រទេសម៉ាឡេស៊ី ចំនួន ១៣២ នាក់ (ស្ត្រី ៧៤នាក់), ចិន ៤៥ នាក់ (ស្ត្រី៤៣នាក់), វៀតណាម ២៩នាក់ (ស្ត្រី ២០នាក់), ឡាវ ០៣នាក់ (ស្ត្រី១នាក់), ថៃ ២៨នាក់( ស្ត្រី ១៣នាក់), សឹង្ហបូរី ស្ត្រី ៨នាក់, អារ៉ាប៊ីសាអូឌីត ២នាក់ (ស្ត្រី ១នាក់)។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃដដែល ពលករ-ពលការិនីខ្មែរខាងលើ បានរងគ្រោះតាមរយៈ មេខ្យល់ ក្រុមហ៊ុនមិនស្របច្បាប និងការទៅរកការងារធ្វើនៅក្រៅប្រទេសដោយខ្លួនឯង។ ទម្រង់នៃការរងគ្រោះទាំងនោះ រួមមាន ការបំពានពីនិយោជក, ការជួញដូរផ្លូវភេទ,ការរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ, ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ។

ជាមួយគ្នានេះអគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្ភាសពលករខ្មែរដែលត្រឡប់ពីបណ្ដាប្រទេសផ្សេងៗចំនួន ៧០នាក់ បានរកឃើញថា ពលករ ៥៥នាក់ ចាញ់បោកមេខ្យល់ ៣នាក់ក្រុមហ៊ុន និង១២នាក់ រកការងារធ្វើដោយខ្លួនឯង។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់សេវាស្នាក់នៅ និងស្តារនីតិសម្បទាដល់ជនរងគ្រោះចំនួន ៤៩៤ នាក់ (ស្ត្រី ៣៦៧) និងអង្គការដៃគូបានជួយដល់ជនរងគ្រោះចំនួន ៣២៣ នាក់ (២២៦ នាក់)។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ ពលករ-ពលការិនីខ្មែរចំនួន ៩៨៦នាក់ ត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួយសង្គ្រោះ និងរៀបចំបញ្ជូនមកកម្ពុជាវិញ៕

website_news/2018051103.txt · Last modified: 2018/11/05 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki