website_news:2018051104

សង្គមស៊ីវិល៖ នៅមានពលករច្រើនជាង២ម៉ឺននាក់ ដែលរដ្ឋាភិបាលកម្ពុជាត្រូវជួយសង្គ្រោះបន្ត

http://km.rfi.fr/cambodia/ ដោយ អេង គីមហុង05/11/2018

យ៉ាងហោចណាស់ពលករខ្មែរប្រមាណជាជិត២ម៉ឺននាក់(១៩,៨៨៦៩នាក់) ត្រូវបានអាជ្ញាធរប្រទេសចំនួន១៨បញ្ជូនត្រឡប់មកកម្ពុជាវិញ គិតត្រឹមរយៈពេល៦ខែក្នុងឆ្នាំ២០១៨នេះ។ ប៉ុន្តែសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សឲ្យដឹងថា នៅមានពលករច្រើនជាងនេះទៀត ដែលរដ្ឋាភិបាលកម្ពុជាត្រូវជួយសង្គ្រោះបន្តទៀត។

ការបញ្ជូនពលករ ពលការិនីខ្មែរជិត២ម៉ឺននាក់មកកម្ពុជាវិញធ្វើឡើងក្រោយការរកឃើញរបស់អាជ្ញាធរនៃប្រទេសចំនួន១៨ បន្ទាប់ពីពួកគេបានចាញ់បោកមេខ្យល់ ក្រុមហ៊ុនមិនស្របច្បាប់ និងការចេញទៅរកការងារធ្វើនៅក្រៅប្រទេសដោយខ្លួនឯង។ ទម្រង់គ្រោះថ្នាក់ដែលអាជ្ញាធរបរទេសរកឃើញនោះរួមមាន៖ ការបំពានពីនិយោជក, ការជួញដូរផ្លូវភេទ, ការរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ, ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ។ នេះបើយោងតាមរបាយការណ៍ ៦ខែរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីសិទ្ធិការងារនៃ អង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ឲ្យដឹងនៅថ្ងៃចន្ទនេះថា ពលករនិងពលការិនីខ្មែរច្រើនជាង២ម៉ឺននាក់ទៀតដែលកំពុងត្រូវការជួយសង្គ្រោះពីរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះគឺសំដៅដល់ការជួយសង្គ្រោះស្ត្រីខ្មែរដែលបានចាញ់បោកមេខ្យល់រត់ពន្ធទៅរៀបការជាមួយបុរសជនជាតិចិន រួមនឹងពលករនិងពលការិនីដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ីជាដើម។ បើតាមមន្ត្រីសង្គមស៊ីវិលរូបនេះ មុនមានការជួយសង្គ្រោះភាគច្រើនពលករ ពលការិនីខ្មែរបានរត់ចេញពីកន្លែងគ្រោះថ្នាក់ដោយខ្លួនឯងរួចទៅហើយ។ នេះក៏ដោយសារតែការដាក់ឲ្យដំណើការប្រព័ន្ធជួយសង្គ្រោះ ឬយន្តការនៃការជួយសង្គ្រោះមិនសូវមានប្រសិទ្ធភាពតាមរយៈការគ្រប់គ្រងទិន្នន័យមិនមានភាពច្បាស់លាស់។ មិនច្បាស់លាស់គឺការជួយដូរស្ត្រីខ្មែរទៅប្រទេសចិនឬប្រទេសដទៃគឺមិនបានដឹងថា ពួកគេទៅកន្លែងណាឡើយ។ ប៉ុន្តែកន្លងមក មន្ត្រីរដ្ឋាភិបាលបានថ្លែងថា ខ្លួនបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពពលករ បំរើការនៅក្រៅប្រទេសតាមរយៈអន្តរាគមន៍ពីមន្ត្រីទូតឬកុងស៊ុលនៅតាមប្រទេសដែលកម្ពុជាបញ្ជូនពលករទៅ។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ ពលករ-ពលការិនីខ្មែរចំនួន ៩៨៦នាក់ ត្រូវបានក្រសួងការបរទេស ជួយសង្គ្រោះ និងរៀបចំបញ្ជូនមកកម្ពុជាវិញ។ បើតាមរដ្ឋាភិបាល នៅមានពលករ និងពលការិនីខ្មែរប្រមាណ១លាន៨សែននាក់កំពុងបំរើការងារនៅក្រៅប្រទេស ខណៈរបាយការណ៍របស់អង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ថា មានជាង២លាននាក់៕

website_news/2018051104.txt · Last modified: 2018/11/05 14:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki