website_news:2018060301

តុលាការថៃកាត់ទោសកម្មករនេសាទខ្មែរ ៥ នាក់ឱ្យជាក់គុកម្នាក់ៗ ៥០ ឆ្នាំ ពីបទវាយប្រហារពួកអ្នកទេសចរបារាំងមួយក្រុម រួចចាប់រំលោភនារី ២ នាក់

https://khmeread.com/ សង្គម March 06, 2018 06:42AM

មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃចន្ទទី៥មីនាថា តុលាការថៃបានផ្តន្ទាទោសកម្មករនេសាទកម្ពុជា ៥ នាក់ឱ្យជាប់គុកម្នាក់ៗ ៥០ ឆ្នាំពីបទវាយប្រហារដោយហិង្សាកាលពីឆ្នាំ ២០១៦ ទៅលើអ្នកទេសចរជនជាតិបារាំងមួយក្រុម ដែលក្នុងនោះនារីបារាំង ២ នាក់ ត្រូវបានចាប់រំលោភ។ នេះបើយោងតាមវេបសាយសារព័ត៌មាន Straitstimes។ បុរសទាំងនោះត្រូវបានកាត់ទោសអតិបរមាពីបទចោទប្រកាន់ជាច្រើនរួមទាំងការចាប់រំលោភផងដែរ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនកាលពីជាង២ឆ្នាំមុនពីបទវាយប្រហារក្រុមអ្នកទេសចរបារាំងនៅលើកោះ Kut របស់ថៃ ដែលគេស្គាល់ផងដែរថាកោះ Kood។ មន្ត្រីតុលាការម្នាក់នៅខេត្តត្រាតប្រទេសថៃបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ជនជាប់ចោទទាំង ៥ នាក់ត្រូវបានរកឃើញថាមានពិរុទ្ធពីបទរំលោភសេពសន្ថវៈ បង្កការវាយតប់កម្រិតស្រាល និង បង្កការវាយតប់កម្រិតធ្ងន់”។

មន្រ្តីម្នាក់នោះដែលសុំមិនបញ្ចេញឈ្មោះនិយាយថា ជនជាប់ចោទម្នាក់ក្នុងចំណោមនោះត្រូវបានកាត់ទោសពីបទប៉ុនប៉ងមនុស្សឃាត។ កោះ Kut មានទីតាំងនៅជិតព្រំដែនភាគខាងកើតថៃជាប់ជាមួយកម្ពុជា ហើយប៉ូលិសនិយាយថា បុរសទាំងនោះបានហែលទឹកសមុទ្រទៅកាន់ឆ្នេរ ដើម្បីវាយប្រហារក្រុមអ្នកទេសចរបារាំងចំនួន៤នាក់ ដោយប្រើកាំបិតកាលពីខែកុម្ភៈឆ្នាំ ២០១៦។ បុរសរងរបួស២នាក់បានរត់គេចខ្លួនទៅប្រាប់អាជ្ញាធរហើយអ្នកនេសាទទាំងអស់នោះត្រូវបានចាប់ខ្លួនបានភ្លាមៗបន្ទាប់ពីនោះ៕

website_news/2018060301.txt · Last modified: 2018/03/06 14:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki