website_news:2018060303

លោក ប្រាយុទ្ធ គំរាមចាប់ពលករដែលកំពុងធ្វើការនៅលើទឹកដីថៃ

https://thmeythmey.com/ 06, Mar 2018 , 2:14 pm

ដោយ: តន ចាន់រិទ្ធារ៉ា មកទល់ពេលនេះ ពលករបរទេសខុសច្បាប់រាប់សែននាក់ដែលកំពុងធ្វើការនៅប្រទេសថៃ នៅមិនទាន់បានបំពេញឯកសារស្របច្បាប់នៅឡើយ។ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានបន្ទោសក្រសួងការងារថៃ ចំពោះភាពស្ពឹកស្រពន់របស់ខ្លួនក្នុងការបំពេញការងារនេះ។ លោក ប្រាយុទ្ធ ក៏បានគំរាមចាប់ខ្លួនពលករខុសច្បាប់ទាំងអស់ បើពួកគេមិនអាចបំពេញឯកសារឲ្យទាន់ការកំណត់នៅក្នុងខែមិថុនាទេនោះ។ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី៥ ខែមីនា បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះការយឺតយ៉ាវក្នុងការផ្ដល់ឯកសារស្របច្បាប់ដល់ពលករបរទេសខុសច្បាប់រាប់សែននាក់ ដែលកំពុងធ្វើការនៅលើទឹកដីថៃ។ លោក ប្រាយុទ្ធ ខឹងបែបនេះ បន្ទាប់ពីមន្ត្រីក្រសួងការងារលោក Anurak Thossarat បានប្រាប់លោកថា ការងារផ្ដល់ឯកសារនេះមានដំណើការយឺត ព្រោះតែម៉ាស៊ីនស្កេនដើម្បីបញ្ជាក់អត្តសញ្ញាណពលករ មានមិនគ្រប់គ្រាន់។

«ហេតុអ្វីមិនទិញម៉ាស៊ីនស្កេនហ្នឹងទៅ? បញ្ហានេះគួរបញ្ចប់នៅត្រឹមយើងនេះ។ អ្នកត្រូវតែធ្វើគ្រប់យ៉ាង ហើយប្រសិនបើមិនអាចបញ្ចប់នៅត្រឹមមិថុនា គ្មានការលើកលែងទៀតទេ។» នេះជាសម្ដីពោរពេញដោយកំហឹងរបស់លោក ប្រាយុទ្ធ អំឡុងការចុះត្រួតពិនិត្យការចុះឈ្មោះពលករនៅខេត្ត Samut Sakorn និងផ្សាយដោយសារព័ត៌មាន The Nation ។ មេដឹកនាំរបបយោធាថៃរូបនេះ ក៏គំរាមចាប់ខ្លួនពលករបរទេសទាំងឡាយណា ដែលមិនអាចបំពេញឯកសារស្របច្បាប់ទាន់ពេលវេលានោះ។

ការបញ្ជាក់អត្តសញ្ញាណ គឺជារឿងសំខាន់ក្នុងដំណើការចុះឈ្មោះពលករបរទេសរាប់លាននាក់ ដើម្បីឲ្យពួកគេមានសិទ្ធិធ្វើការស្របច្បាប់នៅលើទឹកដីថៃ។ កាលពីឆ្នាំមុន ថៃបានចាប់ផ្ដើមពង្រឹងការអនុវត្តច្បាប់លើពលករខុសច្បាប់ ដែលបង្ខំឲ្យមនុស្សរាប់លាននាក់ធ្វើដំណើរទៅកាន់ទឹកដីកំណើតដូចជាមីយ៉ាន់ម៉ា កម្ពុជា និងឡាវ ដើម្បីស្វែងរកឯកសារត្រឹមត្រូវ មុននឹងត្រឡប់ទៅធ្វើការវិញ។ ចរន្តហូរចេញនេះ ធ្វើឲ្យបណ្ដាសហគ្រាសថៃបារម្ភខ្លាំងជុំវិញការបាត់បង់កម្លាំងពលកម្ម។ ដោយសារបញ្ហានេះ រដ្ឋាភិបាលថៃ បានពន្យារពេលអនុវត្តច្បាប់អន្តោប្រវេសន៍ថ្មី និងទុកពេលឲ្យពលករខុសច្បាប់ទាំងអស់ស្វែងរកឯកសារសិន។ អាជ្ញាធរថៃបានសហការជាមួយអាជ្ញាធរប្រទេសជិតខាងរបស់ខ្លួនក្នុងការបង្កើតទីតាំងចុះឈ្មោះនៅលើទឹកដី ដើម្បីសម្រួលការធ្វើដំណើររបស់ពលករបរទេស ដោយមិនចាំបាច់ត្រឡប់ទៅស្រុកកំណើតឡើយ។

បើតាមលោក Anurak ពលករមីយ៉ាន់ម៉ាចំនួន៩៨៨៧៩៨នាក់ បានចុះឈ្មោះបញ្ជាក់សញ្ជាតិរបស់ពួកគេរួចរាល់ហើយ ក្នុងនោះពលករមីយ៉ាន់ម៉ាមានចំនួន៧៨៤ ០៩១នាក់ កម្ពុជាចំនួន១៥៧២៣២នាក់ និងឡាវចំនួន៤៧ ៤៧៥នាក់។ នៅសល់ពលករចំនួនប្រមាណជិត៧សែននាក់ទៀតដែលមិនទាន់ទៅបញ្ជាក់អត្តសញ្ញាណនៅឡើយ ហើយពួកគេមានពេលត្រឹមខែមិថុនាដើម្បីបំពេញឯកសារចាំបាច់ និងអាចបន្តធ្វើការនៅថៃបានពីរឆ្នាំដោយស្របច្បាប់៕

website_news/2018060303.txt · Last modified: 2018/03/06 15:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki